The Cambodia Daily Khmer

តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា បាន​ធ្លាក់​ចុះ​នៅ​ថ្ងៃទី​១០ ខែ​មេសា មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី

ស្ថានីយ​ប្រេង​ឥន្ធនៈ​ក្រុមហ៊ុន កាល់តិច (CALTEX)

ស្ថានីយ​ប្រេង​ឥន្ធនៈ​ក្រុមហ៊ុន កាល់តិច (CALTEX)

ឈាន​ចូល​សប្តាហ៍​ទី​២ ក្នុង​ខែ​មេសា នេះ តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ធ្លាក់​ចុះ ១៣០០​រៀល​ក្នុង ១​លីត្រ ខណៈ​តម្លៃ​ប្រេងសាំង​ក៏​ធ្លាក់​ចុះ ៣០០​រៀល​ក្នុង ១​លីត្រ​ដែរ។

ក្រសួង​ពាណិជ្ជកម្ម បាន​ចេញ​តារាង​កំណត់​តម្លៃ​ប្រេងឥន្ធនៈ​ឡើងវិញ​សម្រាប់​ថ្ងៃទី​១០ ខែ​មេសា នេះ ដោយ​ទម្លាក់​តម្លៃ​ប្រេងម៉ាស៊ូត​ក្នុង ១​លីត្រ ៨២០០​រៀល​មក​នៅ​ត្រឹម ៦៩០០​រៀល​ក្នុង ១​លីត្រ ខណៈ​តម្លៃ​ប្រេងសាំង​ធ្លាក់​មក​នៅ​ត្រឹម ៥២០០​រៀល​ក្នុង ១​លីត្រ។

ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា អះអាង​ថា យោង​តាម​ការ​ប្រែប្រួល​នៃ​តម្លៃ​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​ក្នុង​តំបន់ និង​អន្តរជាតិ រដ្ឋាភិបាល​បន្ត​បញ្ចុះ​តម្លៃ​លក់​រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ចំនួន ៦,៥​សេន​ដុល្លារ​ក្នុង ១​លីត្រ ក្នុង​គោលបំណង​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ពលរដ្ឋ។

ប្រភព​ដដែល​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ក៏បាន​បញ្ចុះ ១​សេន​ដុល្លារ​ក្នុង ១​លីត្រ​បន្ថែម​ទៀត ដោយសារ​ប្រេងសាំង​អន្តរជាតិ​ឡើង​លើស​ពី ៩០​ដុល្លារ​ក្នុង ១​បារ៉ែល និង​ប្រេងម៉ាស៊ូត​អន្តរជាតិ​ឡើង​លើស ១០០​ដុល្លារ​ក្នុង ១​បារ៉ែល​ដែរ​នោះ។

ក្រសួង​ពាណិជ្ជកម្ម បញ្ជាក់​ថា ផ្អែក​តាម​សភាពការណ៍ និង​តម្លៃ​ប្រេងឥន្ធនៈ​បន្ត​កើន​ឡើង​នៅ​ទីផ្សារ​អន្តរជាតិ កម្ពុជា​សម្រេច​ទម្លាក់​ពន្ធគយ​មក​នៅ​ត្រឹម​សូន្យ​ដុល្លារ និង​បញ្ចុះ​ពន្ធអាករ​បន្ថែម​លើ​ប្រេងសាំង និង​ប្រេងម៉ាស៊ូត​មក​នៅ​ត្រឹម​សូន្យ​ដុល្លារ​ដែរ រួម​ទាំង​បញ្ចុះ​អាករ​ពិសេស​លើ​ប្រេងសាំង​ពី ៣០% មក​នៅ ១៥% និង​ប្រេងម៉ាស៊ូត​ពី ៤% មក​នៅ ០% ថែមទៀត។ លើស​ពី​នេះ កម្ពុជា​ក៏បាន​បញ្ចុះ​អាករ​លើ​តម្លៃ​បន្ថែម​ចំពោះ​ប្រេងសាំង​ពី ១០% មក​នៅ​ត្រឹម ៤% និង​ប្រេងម៉ាស៊ូត​ពី ១០% មក​នៅ​ត្រឹម ០% ផង​ដែរ ដ្បិត ៦% សម្រាប់​ប្រេងសាំង និង ១០% ទៀត​សម្រាប់​ប្រេងម៉ាស៊ូត គឺ​រដ្ឋាភិបាល​ជា​អ្នក​ទទួល​បន្ទុក​ជំនួស។

ប្រភព​ដដែល​បញ្ជាក់​ថា ចាប់ពី​ថ្ងៃទី​១០ ខែ​មេសា នេះ​តទៅ តម្លៃ​ប្រេងម៉ាស៊ូត គឺ​ត្រូវ​កំណត់ ៦៩០០​រៀល​ក្នុង ១​លីត្រ ចំណែក​តម្លៃ​ប្រេងសាំង​ត្រូវ​កំណត់ ៥២០០​រៀល​ក្នុង ១​លីត្រ រហូត​មាន​ការ​កំណត់​តម្លៃ​សាជាថ្មី។

ជុំវិញ​បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក កែវ រតនៈ បាន​អះអាង​កាលពី​ចុង​ខែ​មីនា ឆ្នាំ​២០២៦ នេះ​ថា ក្នុង​ស្ថានភាព​នា​ពេលនេះ មិនមែន​មាន​លុយ​ហើយ​អាច​ទិញ​ប្រេង​បាន​តាមចិត្ត​នោះ​ទេ។

លោក កែវ រតនៈ អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​ប្រើប្រាស់​ប្រេងឥន្ធនៈ និង​ឧស្ម័ន LGP ដោយ​ការ​សន្សំសំចៃ​ខ្ពស់ ដែល​មាន​ន័យ​ថា​ត្រូវ​កាត់បន្ថយ​ការ​ប្រើប្រាស់​ឱ្យ​បាន​កាន់តែ​ច្រើន ទោះបី​រដ្ឋាភិបាល​ប្រឹងប្រែង​រក​ប្រភព​ប្រេងឥន្ធនៈ​សម្រាប់​ផ្គត់ផ្គង់​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ​បាន​ក៏ដោយ។

នៅ​ថ្ងៃទី​១០ ខែ​មេសា នេះ ស្ថានីយ​ប្រេងឥន្ធនៈ​លក់​រាយ​នៅ​កម្ពុជា ដូចជា ក្រុមហ៊ុន TOTAL របស់​បារាំង និង​ក្រុមហ៊ុន CALTEX របស់​អាមេរិក ជាដើម បាន​កំណត់​តម្លៃ​សាំង​ធម្មតា ៥២០០​រៀល​ក្នុង ១​លីត្រ ខណៈ​ប្រភេទ​សាំង​ស៊ូពែ​ត្រូវ​បាន​កំណត់ ៦២០០​រៀល​ក្នុង ១​លីត្រ ចំណែក​ប្រេងម៉ាស៊ូត​ត្រូវ​បាន​កំណត់ ៦៩០០​រៀល​ក្នុង ១​លីត្រ។

ដោយឡែក​តម្លៃ​ហ្គាស៍ ឬ​ឧស្ម័ន LPG ក៏​ត្រូវ​ក្រុមហ៊ុន តេលា​ខ្មែរ កំណត់​តម្លៃ ៣៩០០​រៀល​ក្នុង ១​លីត្រ​ដែរ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ លោក ហេង សុគង់ បាន​អះអាង​កាលពី​ថ្ងៃទី​៩ ខែ​មេសា ថា ការ​កើន​ឡើង​នៃ​តម្លៃ​ប្រេងឥន្ធនៈ ជាពិសេស​ប្រេងម៉ាស៊ូត​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ខ្សែ​ច្រវាក់​ផលិតកម្ម​របស់​រោងចក្រ សហគ្រាស និង​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា យ៉ាង​ធ្ងន់ធ្ងរ។

លោក ហេង សុគង់ បញ្ជាក់​ថា ទោះ​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ​ក្តី មក​ទល់​ពេលនេះ មិន​ទាន់​មាន​រោងចក្រ​សហគ្រាស​ណា​មួយ​កាត់បន្ថយ​ផលិតកម្ម ឬ​បិទ​ទ្វារ​ដោយសារ​បញ្ហា​នេះ​នៅឡើយ​ទេ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version