The Cambodia Daily Khmer

អង្គការ​សហប្រជាជាតិ​ទាមទារ​ឱ្យ​តុលាការ​កម្ពុជា​លុបចោល​សាលក្រម​ផ្ដន្ទាទោស​លោក កឹម សុខា និង​បុគ្គល​ផ្សេង​ទៀត​ដោយ​គ្មាន​លក្ខខណ្ឌ

រូប​ឯកសារ៖ អ្នកគាំទ្រ​លើក​រូប​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ

រូប​ឯកសារ៖ អ្នកគាំទ្រ​លើក​រូប​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ

ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ទាមទារ​ឱ្យ​តុលាការ​លុបចោល​សាលក្រម​ផ្ដន្ទាទោស​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​បុគ្គល​ផ្សេង​ទៀត​ទាំងអស់​ដោយ​គ្មាន​លក្ខខណ្ឌ ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត​ដោយសារតែ​ការ​អនុវត្ត​សិទ្ធិ​របស់​ពួកគេ។

អ្នកនាំពាក្យ​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស លោក ជេរ៉េមី ឡូរ៉ង់ស៍ (Jeremy Laurence) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​១ ឧសភា នេះ​ថា ការ​ផ្ដន្ទាទោស និង​ការ​កាត់ទោស​លើ​អ្នក​ទាំងនេះ​មិន​អនុលោម​តាម​ច្បាប់​អន្តរជាតិ​ស្ដីពី​សិទ្ធិមនុស្ស​ឡើយ ព្រោះ​ច្បាប់​ព្រហ្មទណ្ឌ​ដែល​ចែង​បែប​ទូលំទូលាយ មិន​ច្បាស់លាស់ កំពុង​ត្រូវ​បាន​អនុវត្ត​តាម​អំពើ​ចិត្ត​ទៅ​លើ​សង្គម​ស៊ីវិល អ្នកសារព័ត៌មាន និង​ប្រជាជន​ទូទៅ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។

ប្រភព​ដដែល​អះអាង​ថា ដោយសារ​ច្បាប់​ព្រហ្មទណ្ឌ​នេះ បាន​ធ្វើ​ឱ្យ​ការ​ជំនុំជម្រះ​លើ​ករណី​របស់​អ្នក​ទាំងនោះ​មាន​ការ​ព្រួយបារម្ភ​អំពី​ការ​រំលោភ​ទៅ​លើ​សិទ្ធិ​ទទួល​បាន​នីតិវិធី​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់ និង​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌។

ជុំវិញ​បញ្ហា​នេះ អាជ្ញាធរ​គួរតែ​ពិនិត្យ​ឡើងវិញ​នូវ​ច្បាប់​ព្រហ្មទណ្ឌ​របស់​កម្ពុជា ដើម្បី​ធានា​ថា​ច្បាប់​នេះ​អនុលោម​ភាព​ទាំងស្រុង​ជាមួយ​ច្បាប់ បទដ្ឋាន និង​ស្តង់ដា​អន្តរជាតិ​ស្ដីពី​សិទ្ធិមនុស្ស។

លោក ជេរ៉េមី ឡូរ៉ង់ស៍ ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ធានា​ថា​ការ​រិះគន់ និង​ការ​បញ្ចេញមតិ​ដែល​ស្រប​ច្បាប់ ទទួល​បាន​នូវ​ការ​ការពារ ជាជាង​ត្រូវ​បាន​កំណត់​ជា​បទល្មើស ដើម្បី​ធានា​ការពារ​ដល់​លំហ​សង្គម​ស៊ីវិល ធានា​ឯករាជភាព​របស់​តុលាការ និង​លើកកម្ពស់​ការ​ធានា​ដល់​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌។

កាលពី​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០២៦ នេះ សាលា​ឧទ្ធរណ៍​ភ្នំពេញ បាន​សម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​លើ​សំណុំរឿង​លោក កឹម សុខា ឱ្យ​ជាប់​ពន្ធនាគារ ២៧​ឆ្នាំ និង​ដកហូត​សិទ្ធិ​នយោបាយ ទុក​ជា​បានការ​ដដែល ប៉ុន្តែ​សាលា​ឧទ្ធរណ៍​បាន​បន្ថែម​ទោស​ឲ្យ​លោក កឹម សុខា ដោយ​ហាម​មិន​ឱ្យ​ចាកចេញ​ពី​ប្រទេស​កម្ពុជា​រយៈពេល ៥​ឆ្នាំ​មួយ​ករណី​បន្ថែម​ទៀត។

អឺរ៉ុប និង​ក្រសួង​ការបរទេស​បារាំង បាន​ចេញ​សេចក្តី​ថ្លែងការណ៍ នៅ​ថ្ងៃទី​១ ខែ​ឧសភា នេះ​ថា លោក កឹម សុខា គឺជា​សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​ជា​ឥស្សរជន​នយោបាយ​ដ៏​ឆ្នើម​ម្នាក់​របស់​គណបក្ស​ប្រឆាំង ប៉ុន្តែ​បារាំង មាន​ការ​សោកស្តាយ​បំផុត​ចំពោះ​ការ​សម្រេច​តម្កល់​សាលក្រម​ផ្ដន្ទាទោស​លើ​លោក កឹម សុខា នៅ​ក្នុង​សវនាការ​ជំនុំជម្រះ​ដំណាក់កាល​ឧទ្ធរណ៍ កាលពី​ថ្ងៃទី​៣០ មេសា។

ប្រទេស​បារាំង អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា គោរព​សិទ្ធិ​មូលដ្ឋាន​ឱ្យ​ស្រប​ទៅ​តាម​ការ​ប្ដេជ្ញាចិត្ត​ជា​អន្តរជាតិ​របស់​ខ្លួន និង​លើក​ទឹកចិត្ត​ឱ្យ​មាន​ការ​ពិចារណា​លើ​វិធានការ​អនុគ្រោះ​នានា ចំពោះ​បុគ្គល​ទាំងឡាយ​ណា​ដែល​កំពុង​ជាប់​ឃុំឃាំង​ដោយសារតែ​ការ​អនុវត្ត​សិទ្ធិ​មូលដ្ឋាន​របស់​ពួកគេ ក៏ដូចជា​ដើម្បី​ពង្រឹង​នីតិរដ្ឋ​នៅ​ក្នុង​ប្រទេស​ទៅ​ថ្ងៃ​មុខ។

ជុំវិញ​បញ្ហា​នេះ បណ្តា​អង្គទូត​បរទេស​ប្រចាំ​កម្ពុជា​ជាច្រើន រួម​មាន​សហភាព​អឺរ៉ុប អាល្លឺម៉ង់ អូស្ត្រាលី អង់គ្លេស និង​កាណាដា ជាដើម បាន​ចេញ​សេចក្តី​ថ្លែងការណ៍​សម្ដែង​នូវ​ការ​ខកចិត្ត​ដូចៗ​គ្នា​ចំពោះ​សេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​នេះ។

សហ​មេធាវី​ការពារ​ក្តី​ឱ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី ម៉េង សុភារី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៣០ ខែ​មេសា ថា យោង​តាម​សេចក្តី​ថ្លែងការណ៍​ភ្លាមៗ​របស់​បណ្តា​អង្គទូត​តំណាង​ប្រទេស​ប្រជាធិបតេយ្យ​សំខាន់ៗ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ ចំពោះ​សេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ភ្នំពេញ បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ថា មេ​បក្ស​ប្រឆាំង​រូប​នេះ​មិន​បាន​ប្រព្រឹត្ត​ខុស ឬ​ក្បត់​ជាតិ​ដូច​ការ​ចោទប្រកាន់ និង​ការ​ផ្ដន្ទាទោស​របស់​តុលាការ​ឡើយ។

អ្នកស្រី ម៉េង សុភារី បញ្ជាក់​ថា សេចក្តី​សម្រេច​របស់​តុលាការ​បែប​នេះ នឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នីតិរដ្ឋ និង​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់ ជាពិសេស​សិទ្ធិ​នយោបាយ​របស់​លោក កឹម សុខា ដែល​ជា​មេដឹកនាំ​នយោបាយ​ដ៏​សំខាន់​នៅ​កម្ពុជា ដែល​អាច​ជួយ​ជា​ប្រយោជន៍ និង​មុខមាត់​ដល់​ប្រទេស​កម្ពុជា។

ចំណែក​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ (KDO) បាន​ចេញ​សេចក្តី​ថ្លែងការណ៍ កាលពី​ថ្ងៃទី​៣០ មេសា ដោយ​ថ្កោលទោស​សាលា​ឧទ្ធរណ៍​ដែល​បាន​សម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​លើ​សំណុំរឿង​លោក កឹម សុខា នោះ។

អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ បញ្ជាក់​ថា ការ​សម្រេច​រក្សា​ទណ្ឌកម្ម​ឱ្យ​លោក កឹម សុខា ជាប់​ពន្ធនាគារ ២៧​ឆ្នាំ និង​ការ​បន្ត​រឹតត្បិត​សិទ្ធិ​សេរីភាព រួម​ទាំង​ការ​ហាមឃាត់​មិន​ឱ្យ​ចាកចេញ​ពី​ប្រទេស​រយៈពេល ៥​ឆ្នាំ​ទៀត​នោះ គឺជា​ការ​បន្ត​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​គោលការណ៍​ប្រជាធិបតេយ្យ និង​យុត្តិធម៌​សង្គម៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version