The Cambodia Daily Khmer

អង្គការសិទ្ធិមនុស្ស រាយការណ៍ថា របរ វញ្ចកម្ម ឬ បោកប្រាស់ scams នៅគង់អត្ថិភាព មិនទៅណា

ក្រោយពីមន្រ្តីធំៗនៃរាជរដ្ឋាភិបាលខ្មែរ បានប្រកាសក្តែងៗជាឱឡារិកប្រាប់ពិភពលោក ថានឹងបង្រ្កាបមណ្ឌល វញ្ចកម្ម ឬការឆបោកក្នុងប្រទេសឲ្យអស់ក្នុងមេសា ពីរខែមុន ក្រុមអង្គការសិទ្ធិមនុស្សបានតាមដានយ៉ាងដិតដល់លើសកម្មភាពបង្រ្កាបឧក្រិដ្ឋកម្មជាប់ជានិច្ច ហើយបានធ្វើសេចក្តីរាយការណ៍អំពីការវិវឌ្ឍន៍ពីរលើក៖ ម្តងនៅខែមករាដើមឆ្នាំ ម្តងទៀតនៅដើមខែមិថុនានេះ។

ក្នុងសេចក្តីរាយការណ៍ចុងក្រោយនេះ អំពីសកម្មភាពបង្រ្កាបរបរឆបោកក្នុងស្រុកខ្មែរ អង្គការ Amnesty International កាលពីថ្ងៃទី៨ ខែមិថុនា សរសេរថា អាជ្ញាធរមានសមត្ថកិច្ច ស៊ុំគ្រលំជាមួយម្ចាស់គ្រប់គ្រង អគារមណ្ឌលឆបោកក៏មាន ដើរទៅដើរមកហួសអគារមណ្ឌលឆបោកក៏មាន មិនបានយកចិត្តទុកដាក់នឹង បុគ្គលិករងគ្រោះជនបរទេសចាញ់បោកមកបម្រើមុខរបរដូចទាសភាពក៏មាន។ ជនបរទេសចាញ់កល ការបោកបញ្ឆោត ហៅថា វញ្ចកម្មនោះ មានពីតំបន់អាហ្រ្វិក អាមេរិកឡាទីន និង អាស៊ី។ Amnesty International កត់សម្គាល់ថា អាជ្ញាធរខ្មែរ ហាក់ដូចជាចាត់ទុកជនរងគ្រោះពីការរត់ពន្ធមនុស្សជាឧក្រិដ្ឋជនទៅវិញ។ អង្គ

ការអន្តរជាតិនេះ រាយការណ៍ទៀតថា មណ្ឌលឆបោកជាច្រើនគ្រាន់តែបិទ រើពីកន្លែងមួយ ទៅបើកកន្លែងមួយទៀត។ សារព័ត៌មានអាមេរិកាំង Bloomberg និង កាសែតអាជីវកម្មកូរ៉េខាងត្បូង Seoul Economic Daily នៅថ្ងៃទី៩ ខែមិថុនា ថា មណ្ឌលឆបោកក្នុងប្រទេសកម្ពុជា ក្នុងរយៈអាជ្ញាធរបង្រ្កាប បែរជាកើនចំនួនឡើងពី ៥៣ ទៅ៨៦កន្លែង ឬ៦២%ទៅវិញ។

កាលពីថ្ងៃទី៦ ខែមិថុនា អាជ្ញាធរមានសមត្ថកិច្ចថៃ បានស៊ើបអង្កេតនិងចាប់ខ្លួនមេក្លោងសកម្មភាពឆបោក នៅក្រុងប៉ោយប៉ែត ដែលបានរត់គេចទៅលាក់ខ្លួននៅក្រុងបាងកក។ តាមការផ្សាយក្នុងកាសែត The Nation

តម្រួតអន្តោប្រវេសន៍ថៃ ចាប់ខ្លួនបុរសជនជាតិជប៉ុន អាយុ៣៩ឆ្នាំ ដែលតាមភ្នាក់ងារស៊ើបអង្កេតជប៉ុននៅ ក្រុងណាហ្គោយ៉ា ថា តុលាការបានចេញដីការចាប់ខ្លួនបុរសនោះ ព្រោះបានឆបោកពលរដ្ឋជប៉ុន បានជា ច្រើនពាន់លានយ៉េន។ អាជ្ញាធរថៃ នឹងបញ្ជូនបុរសនោះទៅឲ្យអាជ្ញាធរជប៉ុនតាមការស្នើធ្វើបត្យាប័ន៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version