The Cambodia Daily Khmer

នាយករដ្ឋមន្រ្តីខ្មែរនិងនាយករដ្ឋមន្រ្តីថៃ គ្រាន់តែជួបចាប់ដៃក្នុងកិច្ចប្រជុំអាស៊ាននៅក្រុងហាណូយ

នាយករដ្ឋមន្ត្រី ប្រទេសកម្ពុជា លោក ហ៊ុន ម៉ាណែត បានឱ្យដឹងថា លោកបានជួបពិភាក្សាក្រៅផ្លូវការនឹង នាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរគុណ (Anutin Charnvirakul) នៅទីក្រុងហាណូយ ប្រទេសយៀក ណាម មុនពិធីបើក វេទិកាអនាគតអាស៊ាន (AFF) លើកទី៣ កាលពីព្រឹកថ្ងៃទី៩ ខែមិថុនា។

លោក ហ៊ុន ម៉ាណែត បានផ្សាយដំណឹងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា លោកបាន «ឆ្លៀតជួបពិភាក្សាក្រៅផ្លូវការ» ជាមួយលោក អនុធីន មុនពេលចូលរួមកម្មវិធីផ្លូវការ២ថ្ងៃ នៃ វេទិកាអនាគតអាស៊ាននៅប្រទេសយៀកណាម។ រូបភាពផ្សាយដោយសារព័ត៌មានយៀកណាមផ្លឹស VietnamPlus នាយករដ្ឋមន្រ្តីប្រទេសទាំងពីរ គ្រាន់តែជួបចាប់ដៃគ្នាក្រៅអង្គប្រជុំតែប៉ុណ្ណោះ។

អគ្គលេខាធិការ នៃរាជបណ្ឌិតសភាកម្ពុជា និងជាអ្នកវិភាគនយោបាយ លោក យង់ ពៅ ថ្លែងថា ការបង្ហាញព័ត៌មានអំពីជំនួបនេះបង្ហាញថា ភាគីខ្មែរនៅតែបន្តប្រើប្រាស់យន្តការការទូត និងការសន្ទនាជាមួយភាគីថៃ ទោះបីជាបញ្ហាព្រំដែនមិនទាន់បានដោះស្រាយហើយក៏ដោយ។

យ៉ាងណាមិញ សារព័ត៌មានថៃ Khaosod បានដកស្រង់សម្តីអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោកស្រី Ratchada Thanadirek ដែលបានបញ្ជាក់ថា មិនមានជំនួបទ្វេភាគីផ្លូវការណាមួយរវាងមេដឹកនាំទាំងពីរនោះទេ។ តាមការបញ្ជាក់របស់លោកស្រី មេដឹកនាំទាំងពីរគ្រាន់តែបានស្វាគមន៍ និងជជែកគ្នាជាធម្មតា ខណៈកំពុងរង់ចាំការចាប់ផ្តើមកម្មវិធី។

គួកត់សម្គាល់ថា វេទិកាអនាគតអាស៊ាន (AFF) លើកទី៣ នារដ្ឋធានីហាណូយ សាធារណរដ្ឋ សង្គមនិយម យៀកណាម ជាកិច្ចប្រជុំពិភាក្សារួមគ្នារវាងមេដឹកនាំសហគមន៍អាស៊ាន ដើម្បីស្វែងរកវិធីសាស្រ្តអភិវឌ្ឍរួម គ្នា រីកចម្រើនព្រមៗគ្នា ជាប្រយោជន៍ដល់ពលរដ្ឋនៃប្រជាជាតិអាស៊ីអគ្នេយ៍ទាំងអស់។ អ្នកដឹកនាំយៀកណាម មាននាយករដ្ឋមន្រ្តី ឡេ មិញហ៊ុង ប្រធានាធិបតី និង លេខាបក្ស តូ ឡឹម ជាដើម បានសង្កត់ធ្ងន់លើការប្រឹងប្រែងបោះជំហានឲ្យទាន់ស្ថានការណ៍ផ្លាស់ប្តូរក្នុងពិភពលោក ពោលគឺមិនអាចប្រកាន់តាមរបៀបចាស់ដដែលៗនោះទេ។

សារព័ត៌មាន បាវ យៀកណាមណិត (Bao VietnamNet) បានស្រង់ខ្លឹមសារពីសេចក្តីថ្លែងសារបើកកម្មវិធី ដោយប្រធាន តូ ឡឹម រំឭកគណៈប្រតិភូរដ្ឋាភិបាលជាសមាជិកអាស៊ាន ដែលយើងសូមផ្សាយដោយសង្ខេបថា៖

ពិភពលោកដែលកំពុងប្រែប្រួល មិនត្រឹមតែនាំមកនូវការប្រឈមឲ្យប្រឹងប្រែងនោះទេ ប៉ុន្តែវាជាការអញ្ជើញយើងឲ្យខិតខំខ្លួនឯង គឺដើរចេញពីការប្រកាន់ឥរិយាបទធម្មតាផងដែរ។ ជាការអញ្ជើញប្រទេសអា ស៊ាន គិតឲ្យហួសពីសម័យបោះឆ្នោតវិលដូចកងចក្រផង ហួសពីព្រំដែនខ្លួនផង និង ហួសពីផលប្រ យោជន៍ខ្លីៗ នោះផង។ ជាការអញ្ជើញ ឲ្យយើងដាក់ពង្រាយយុវជនសម្រាប់អនាគតកាលឲ្យចំកន្លែង ដែលជាមណ្ឌល អភិវឌ្ឍន៍ជាយុទ្ធសាស្រ្ត។ បើអាស៊ានឈរលើគ្រឹះនេះ អាស៊ាននឹងមិនព្រួយបារម្ភអំពីពិភពលោកប្រែប្រួលនោះឡើយ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version