អាជ្ញាធរកម្ពុជាបានរកឃើញសាច់បង្កកនាំចូលពីប្រទេសថៃប្រមាណ ២២០ តោន ក្នុងប្រតិបត្តិការឆែកឆេរឃ្លាំងស្តុកទំនិញចំនួនពីរនៅរាជធានីភ្នំពេញ ខណៈរដ្ឋាភិបាលកំពុងបង្កើនការត្រួតពិនិត្យ និងបង្ក្រាបការនាំចូលទំនិញខុសច្បាប់ពីប្រទេសជិតខាង។
លោក គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បានឱ្យដឹងថា កម្លាំងចម្រុះបានចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កកចំនួនបីកន្លែងនៅខណ្ឌព្រែកព្នៅ ខណ្ឌឫស្សីកែវ និងខណ្ឌសែនសុខ កាលពីថ្ងៃទី ១០ មិថុនា។
នៅឃ្លាំងមួយក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ មន្ត្រីជំនាញបានរកឃើញផលិតផលសាច់បង្កកដែលមានស្លាកសញ្ញាជាអក្សរថៃចំនួន ២១៥ កញ្ចប់ ស្មើនឹងប្រមាណ ៤៣០ គីឡូក្រាម។ រីឯនៅឃ្លាំងមួយទៀតក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ អាជ្ញាធរបានរកឃើញផលិតផលសាច់បង្កកចំនួន ២៥ មុខ ដែលមានស្លាកសញ្ញាជាភាសាថៃ សរុបជាង ២១៨ តោន។
លោក គឹម មាសសុខសីហា បាននិយាយថា ទំនិញដែលរកឃើញត្រូវបានឃាត់ទុកជាបណ្ដោះអាសន្នតាមនីតិវិធីរបស់តុលាការ ខណៈមន្ត្រីជំនាញកំពុងបន្តស៊ើបអង្កេត និងផ្ទៀងផ្ទាត់ប្រភពនៃទំនិញទាំងនោះ។ លោកបន្ថែមថា អាជ្ញាធរក៏កំពុងពិនិត្យផលិតផលដែលមានស្លាកសញ្ញាជាភាសាខ្មែរផងដែរ ដើម្បីបង្ការការក្លែងបន្លំប្រភពទំនិញ។
ដោយឡែក ការត្រួតពិនិត្យឃ្លាំងមួយកន្លែងទៀតនៅខណ្ឌសែនសុខ មិនបានរកឃើញសាច់បង្កកនាំចូលពីថៃនោះទេ។ តាមអាជ្ញាធរ សាច់ដែលស្តុកនៅទីនោះមានប្រភពមកពីប្រទេសផ្សេងៗ រួមមានឥណ្ឌា ចិន និងអូស្ត្រាលី។
មន្ត្រីជំនាញបានបញ្ជាក់ថា ការចុះត្រួតពិនិត្យនៅតែបន្តធ្វើនៅតាមឃ្លាំងស្តុកសាច់បង្កកផ្សេងទៀតក្នុងរាជធានីភ្នំពេញ ដើម្បីវាយតម្លៃទំហំនៃការនាំចូល និងចែកចាយផលិតផលសាច់ក្នុងទីផ្សារ។
ប្រតិបត្តិការនេះកើតឡើងមួយថ្ងៃបន្ទាប់ពីប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានព្រមានចាត់វិធានការតឹងរ៉ឹងលើមន្ត្រី ឬបុគ្គលមានអំណាចដែលជាប់ពាក់ព័ន្ធនឹងការលួចនាំចូលទំនិញពីប្រទេសថៃ។ លោកក៏បានអំពាវនាវឱ្យអាជ្ញាធរស្វែងរក និងចាត់ការលើអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងមន្ត្រីដែលអាចមានការឃុបឃិតក្នុងការនាំចូលសាច់បង្កកខុសច្បាប់។
អាជ្ញាធរមិនទាន់បញ្ជាក់ថា តើនឹងមានការចោទប្រកាន់ផ្លូវច្បាប់លើម្ចាស់ទំនិញ ឬអ្នកពាក់ព័ន្ធក្នុងសំណុំរឿងនេះដែរឬយ៉ាងណានោះទេ ខណៈការស៊ើបអង្កេតកំពុងបន្ត៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.
