អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានចោទប្រកាន់រដ្ឋាភិបាលកម្ពុជាថា ប្រើប្រាស់ការចោទប្រកាន់តាមផ្លូវព្រហ្មទណ្ឌ ការឃុំខ្លួន និងការបង្ខំឱ្យសកម្មជននយោបាយ និងសមាជិកគណបក្សប្រឆាំងសារភាពជាសាធារណៈ ដើម្បីធ្វើឱ្យចលនាប្រឆាំងចុះខ្សោយ និងពង្រឹងការគ្រប់គ្រងរបស់បក្សខ្លួន។
នៅក្នុងរបាយការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃទី២២ ខែមិថុនា អង្គការសិទ្ធិមនុស្សអន្តរជាតិ បាននិយាយថា អាជ្ញាធរកម្ពុជាបានដាក់បទចោទ និងឃុំខ្លួនសកម្មជន និងអ្នកគាំទ្រគណបក្សប្រឆាំងជាបន្តបន្ទាប់ ដោយប្រើការឃុំខ្លួនជាមធ្យោបាយដាក់សម្ពាធឱ្យពួកគេសុំទោសជាសាធារណៈ សារភាពកំហុស និងប្រកាសចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ជាថ្នូរនឹងការដោះលែង។
អង្គការសិទ្ធិមនុស្សអន្តរជាតិ បាននិយាយថា វីដេអូសារភាពទាំងនេះត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាល ដើម្បីបង្កឱ្យមានការបាត់បង់ទំនុកចិត្តពីសាធារណជនចំពោះសកម្មជនទាំងនោះ និងធ្វើឱ្យចលនាប្រឆាំងមានភាពទន់ខ្សោយ។
អង្គការនេះបានឱ្យដឹងថា ខ្លួនបានពិនិត្យវីដេអូ និងសេចក្តីរាយការណ៍ព័ត៌មានជាង ១៤០ ករណីក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ និងបានសម្ភាសសកម្មជន សមាជិកគណបក្សប្រឆាំង សាច់ញាតិអ្នកជាប់ឃុំ និងមេធាវីការពារក្តី។
លោកស្រី Bryony Lau អនុប្រធានទទួលបន្ទុកតំបន់អាស៊ីរបស់ អង្គការសិទ្ធិមនុស្សអន្តរជាតិ បាននិយាយថា អាជ្ញាធរកម្ពុជាប្រើប្រាស់បទចោទព្រហ្មទណ្ឌដែល «មិនសមហេតុផល» ដើម្បីបង្ខំឱ្យសកម្មជនសារភាព និងចូលរួមជាមួយគណបក្សកាន់អំណាច។ លោកស្រី ថា តាមរយៈការបង្ខំឱ្យសកម្មជនចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា អាជ្ញាធរព្យាយាមធ្វើឱ្យពួកគេខូចកេរ្តិ៍ឈ្មោះ និងពង្រឹងការគ្រប់គ្រងបែបគណបក្សតែមួយឱ្យកាន់តែរឹងមាំ។
អង្គការសិទ្ធិមនុស្សអន្តរជាតិ បានដកស្រង់សម្តីសកម្មជនម្នាក់ដែលបាននិយាយថា មន្ត្រីបានប្រាប់រូបគេនៅក្នុងពន្ធនាគារថា ប្រសិនបើរូបគេចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា នោះរូបគេនឹងអាចចាកចេញពីពន្ធនាគារ និងអាចទទួលបានតួនាទីមួយនៅក្នុងរដ្ឋាភិបាល។
មេធាវីម្នាក់ដែលការពារអ្នករិះគន់រដ្ឋាភិបាលក៏បានប្រាប់អង្គការនេះដែរថា អតិថិជនរបស់លោកដែលជាសកម្មជននយោបាយទាំងអស់ បានទទួលរងសម្ពាធឱ្យសារភាព និងចូលរួមជាមួយគណបក្សកាន់អំណាច ដើម្បីទទួលបានការដោះលែង។
របាយការណ៍នេះក៏បានរិះគន់ពីកង្វះឯករាជ្យភាពរបស់ប្រព័ន្ធតុលាការកម្ពុជា ដោយនិយាយថា ការប្រើប្រាស់បទចោទដូចជា «ញុះញង់ឱ្យប្រព្រឹត្តបទល្មើស» និង «រួមគំនិតប្រឆាំងរដ្ឋ» ត្រូវបានប្រើជាញឹកញាប់ប្រឆាំងនឹងអ្នករិះគន់រដ្ឋាភិបាល។
អង្គការ Human Rights Watch បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការចោទប្រកាន់ដែលមានហេតុផលនយោបាយ លុបចោលការផ្តន្ទាទោសដែលខ្លួនចាត់ទុកថាអយុត្តិធម៌ និងដោះលែងអ្នកនយោបាយប្រឆាំង និងសកម្មជនដែលកំពុងជាប់ឃុំ។
សារព័ត៌មាន ឌឺខេមបូឌាដេលី មិនអាចទាក់ទង ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីធ្វើការអត្ថាធិប្បាយបានទេរហូតដល់ម៉ោងចេញផ្សាយនេះ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.
