ចំនួនទេសចរបរទេសមកទស្សនាប្រទេសកម្ពុជា បានធ្លាក់ចុះជិត៥០% ក្នុងរយៈពេល៥ខែក្នុងឆ្នាំ២០២៦ បើប្រៀបធៀបនឹងឆ្នាំ២០២៥។ តាមទីភ្នាក់ងារព័ត៌មានរដ្ឋ ស៊ិនហួ នៅថ្ងៃចន្ទ ទី២២ ខែមិថុនា ចំនួនទេសចរបរ ទេសមកលេងស្រុកខ្មែរធ្លាក់ចុះត្រឹមជាង ១លាននាក់កន្លះ ឬ៤៨% បើប្រៀបនឹងឆ្នាំ២០២៥ ក្នុងរយៈពេល ដូចគ្នា មានជិត៣លាននាក់។ ស្ថិតិពីក្រសួង ទេសចរណ៍ បង្ហាញថា ជនជាតិ៣ ដែលធ្វើទេសចរណ៍ច្រើន ជាងគេ គឺ ចិន យៀកណាម និង អាមេរិកាំង។ លោក ថោង ម៉េងដាវិដ នាយករង នៃមជ្ឈមណ្ឌលសិក្សាទំ នាក់ទំនងចិន−អាស៊ាន ពីសកលវិទ្យាល័យបច្ចេកវិជ្ជានិងវិទ្យាសាស្រ្ត ក្រុងភ្នំពេញ អធិប្បាយថា មានកត្តា៣ ដែលបណ្តាលឲ្យចំនួនទេសចរបរទេសធ្លាក់ចុះ គឺបញ្ហាឱនភាពសេដ្ឋកិច្ចក្នុងតំបន់ បញ្ហារបរឆបោក និង
ផលវិបាកពីទំនាស់ព្រំដែនប្រដាប់អាវុធរវាងប្រទេកម្ពុជា និង ប្រទេសថៃឡង់ដ៍។ លោកថា វិបត្តិសង្រ្គាមនៅ មជ្ឈិមបូព៌ា ក៏បង្កឲ្យទេសចរធ្លាក់ចុះចំនួនដែរ ដោយសារការហោះហើររអាក់រអួល ហើយនិងប្រេងឥន្ធនៈឡើងថ្លៃ។ ក្រសួង ការបរទេស ស.រ.អា បានផ្សាយប្រកាសដល់ពលរដ្ឋអាមេរិកាំង ដែលចង់ដើរលេងនៅ ប្រទេសកម្ពុជា តាំងពីឆ្នាំ២០២៥មក ថា បើត្រូវធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារបញ្ហាចោរកម្ម លួច ឆក់ប្លន់ ឆបោក និង ចម្បាំងនៅតំបន់ព្រំដែនប៉ែកខាងលិច។ កាលពីថ្ងៃ ទី១៦ ខែមិថុនា ទស្សនាវដ្តី អាជីវកម្មអាមេរិកាំង Forbes ផ្សាយអត្ថបទវិភាគមួយ ដោយដាក់ចំណងជើង ថា៖ មានសញ្ញា៦យ៉ាង ឲ្យតាមដានមើលចំហាយឆួលកំហឹងជាថ្មីក្នុងឆ្នាំ២០២៦ ជុំវិញវិវាទថៃ−ខ្មែរ ដោយសម្អាងលើការនិយាយបាយបៀងតាមបណ្តាញសង្គមទៅវិញទៅមកទាំងសងខាង។
ជាមួយគ្នានេះ ក្រសួង ទេសចរណ៍ ឲ្យដឹងថា ក្នុងឆ្នាំ២០២៥ ទេសចរបរទេសមកលេងស្រុកខ្មែរមានចំនួនជិត៦លាននាក់ ហើយនាំចំណូលដល់ឃ្លាំងរដ្ឋចំនួនជិត ៤ពាន់លានដុល្លារ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.
