អ្នកបរិស្ថានថា ការដកអភិបាលខេត្តព្រះសីហនុក៏មិនស្ថានការណ៍ខេត្តនេះបានវិញដែរ ព្រោះឈ្មួញចិនដែលចូលមករកស៊ីនៅខេត្តនេះមិនខ្លាចញញើតអភិបាលខេត្តឡើយ ដោយសារពួកគេមានលុយកខ្វក់ជាច្រើនដើម្បីប្រព្រឹត្តអំពើពុករលួយ និងមានមន្រ្តីធំៗកាងពីក្រោយថែមទៀត។
ស្ថាបនិកអង្គការមាតាធម្មជាតិ លោកអាឡិច ហេនដ្រូ ហ្គន់សាឡេស ដេវិតសុន(Alejandro Gonzalez-Davidson)បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា អ្វីដែលគួរអោយសោកស្តាយបំផុតនោះគឺ ខេត្តព្រះសីហនុនឹងមានអភិបាលខេត្តថ្មី ប៉ុន្តែអភិបាលខេត្តថ្មីនោះក៏គ្មានអ្វីខុសគ្នាទៅនឹងលោកយន្ត មីន ឬក៏អភិបាលខេត្តដទៃទៀតនោះដែរ ពីព្រោះពលរដ្ឋដែលរស់នៅក្នុងខេត្តនេះមិនមានឱកាសជ្រើសរើសអភិបាលខេត្តដោយខ្លួនឯងតាមបែបប្រជាធិបតេយ្យនោះឡើយ។
លោកបន្តថា ទោះបីជាមានអភិបាលខេត្តថ្មីមានសមត្ថភាពល្អជាង លោកយន្ត មីនក៏ដោយ ក៏នៅតែមិនអាចដោះស្រាយភាពអណាធិបតេយ្យដែលកំពុងកើតឡើងក្នុងខេត្តនេះបានដែរ ព្រោះអភិបាលខេត្តថ្មីមិនអាចឆ្លងផុតពីរណ្តៅដ៏ធំមហិមាដែលជារណ្តៅនៃអំពើរពុករលួយជាប្រព័ន្ធ ហើយដែលរណ្តៅនេះកើតចេញពីឥទ្ធិពលលុយកខ្វក់របស់ចិន។
សកម្មជនបរិស្ថានដែលត្រូវរដ្ឋាភិបាលហាមមិនឲ្យជាន់ដីប្រទេសកម្ពុជារូបនេះអះអាងថា ប្រាកដណាស់អភិបាលខេត្តព្រះសីហនុថ្មីនឹងមិនថ្លើមធំ ហ៊ានប្រឆាំងនឹងអំណាចត្រីធំ ឬហ៊ានធ្វើអោយត្រីធំខឹងឡើយ។
ករណីបាក់រលំអគារកំពស់៧ជាន់នៅខេត្តព្រះសីហនុបណ្តាលមនុស្សស្លាប់កើនជិតដល់៣០នាក់ និងអ្នករបួសជាង២០នាក់។ លោក ហ៊ុន សែនដែលបានចុះទៅកន្លែងកើតហេតុបានសម្រេចដកតំណែង អភិបាលខេត្តព្រះសីហនុលោកយន្ត មីន ដោយប្តូរអភិបាលខេត្តកំពង់ចាមលោកគួច ចំរើន ជាមនុស្សជំនិតរបស់លោកមកគ្រប់គ្រងខេត្តព្រះសីហនុវិញម្តង។
លោកហ៊ុន សែនក៏ថែមទាំងដកតំណែងលោកញឹម វណ្ណដាចេញពីតួនាទីជាទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដោយលោកចោទថា មន្រ្តីចាស់វស្សារូបនេះ ខ្វះការទទួលខុសត្រូវក្នុងកិច្ចការ និងចេះភូតកុហកលោកថែមទៀតហើយលោកហ៊ុន សែនឲ្យអតីតមេទ័ពរបស់លោកគឺលោកគន់ គីមមកកាន់តួនាទីជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយវិញ។
ទោះបីលោកហ៊ុន សែនមានចំណាត់ការបែបនេះក្តី ប៉ុន្តែមតិមហាជនមួយចំនួន និងអ្នកនយោបាយខ្លះបានលើកឡើងថា អ្នកដែលទទួលខុសត្រូវធំបំផុតគឺលោកហ៊ុន សែនតែម្តងព្រោះមេដឹកនាំរូបនេះ តែងតែចេញមុខការពារអ្នកវិនិយោគចិន ដែលធ្វើឲ្យជនជាតិចិនមិនខ្លាចមន្រ្តីថ្នាក់ក្រោម ឬអាជ្ញាធរមូលដ្ឋានឡើយ។ មតិមហាជនមួយចំនួននិងអ្នកនយោបាយចង់ឃើញលោកហ៊ុន សែនចេញមុខសូមទោសពលរដ្ឋខ្មែរជាសាធារណៈ ឬត្រូវចុះចេញពីតំណែងដើម្បីទុកឲ្យអ្នកមានសមត្ថភាពដឹកនាំប្រទេសម្តង៕