The Cambodia Daily Khmer

រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីនិង តំណាងរបបរដ្ឋប្រហារភូមា ជួបគ្នានៅថៃខណៈបាតុករប្រមូលនៅខាងមុខស្ថានទូតថៃ

នៅថ្ងៃនេះ ពួកយោធាភូមា បានបញ្ជូនតំណាងរបស់ខ្លួនដែលហៅថា រដ្ឋមន្ត្រីការបរទេស ទៅ កាន់ប្រទេសថៃដែលជាប្រទេស ជាប់ព្រំដែនរួមនឹងគ្នាដើម្បីស្វែងរកការគាំទ្រ នូវរបបសឹករបស់ខ្លួន ដែលមិនរំពឹងថា នឹងមានអាយុបានប៉ុន្មានខែនោះទេ ខណៈកម្លាំងមហាជនភូមា មិនបានដើរចេញពីសមរភូមិប្រជាធិបតេយ្យនោះទេ គឺកាន់តែបង្កើនកម្លាំងប្រឆាំងរបបរដ្ឋប្រហារមួយនេះ។

សារព័ត៌មាន របស់ប្រទេស ថៃ Thai Enquire បានចុះផ្សាយថា ទាំងរដ្ឋមន្រ្តីការបរទេស នៃរបបរដ្ឋប្រហារភូមា ដែលពួកយោធាទើបតែងតាំង គឺលោក Wunna Maung Lwin បានជួបជាមួយ នឹង អ្នកស្រី Retno Marsudi សមភាគីឥណ្ឌូនេស៊ី នៅទីក្រុងបាកក។

ប៉ុន្តែ Thai Enquire បានចុះផ្សាយថា ខណៈ ប្រមុខការទូតទាំង២នេះ ជួបគ្នា គឺពលរដ្ឋភូមា កំពុងឡោមព័ន្ធ ស្ថានទូតថៃនៅក្នុងប្រទេសភូមា ដើម្បីប្រឆាំងផែនការណាមួយរបស់ថៃ និងឥណ្ឌូនេស៊ី ដែលចង់អោយមានការបោះឆ្នោតឡើងវិញក្រោមការគ្រប់របស់ពួកយោធា។

ជាក់ស្តែង រដ្ឋមន្រ្តីការបរទេស ឥណ្ឌូនេស៊ី មានផែនការទៅកាន់ប្រទេសភូមា ដើម្បីជួបពួកយោធា ប៉ុន្តែ ក្រោយពីបាតុករភូមា បានឡោមព័ន្ធ ស្ថានទូតឥណ្ឌូនេស៊ី នៅភូមា ដែលពួកគេប្រឆាំង មិនឲ្យមានការគាំទ្រ ការបោះឆ្នោតឡើងវិញ ក៏អ្នកស្រី Retno បានសម្រេចលុបចោលទស្សនៈកិច្ចនេះ។

តែបែបណាក៏ដោយ អ្នកស្រី បាន Retno ក៏បានសម្រេចទៅកាន់ប្រទេសថៃ ហើយបានជួបនឹងតំណាងពួកយោធាភូមានៅទីក្រុងបាងកក។ ប៉ុន្តែ Thai Enquire បានចាត់ទុកថា ដូចជារឿងចៃដន្យ ព្រោះ អ្នកទាំង២ គ្មាន ផែនការទុកមុននោះទេ។ តែទីបំផុតមន្ត្រីថៃម្នាក់ បានធ្វើជាអ្នកសម្របសម្រួល ក្នុងជំនួបនេះ។

សមាគមអាស៊ាន ដែលជាតំបន់មួយ តែងតែជួបនូវរឿងក្រាញអំណាច រឿងរ៉ាវរដ្ឋប្រហារ រឿងរ៉ាវការបោះឆ្នោត អាងខ្លួនមានអំណាច បន្លំតួលេខសន្លឹកឆ្នោត ដើម្បីបង្គ្រប់ភាគរយរបស់ខ្លួន។

ចំពោះ រឿងថ្មី កំពុងកើតមានលើទឹកដីរបបសឹក ជំនាន់ថ្មីនៅភូមា គឺមិនខុសពី លោកនាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចា ដឹកនាំរដ្ឋប្រហារកាលពីឆ្នាំ២០១៤ ហើយបានតោងអំណាចមកដល់ពេលនេះ ទោះជាចេញពីការបោះឆ្នោត នៅដើមឆ្នាំ២០១៩ក៏ដោយ  គឺល្បិច របស់លោកប្រាយុទ្ធ ក្នុងការបង្កើតស្ថាន័ព្រឹទ្ធសភា របស់ពួកយោធា មកដើម្បីប្រថាប់ត្រាលើកខ្លួនឡើងធ្វើជានាយករដ្ឋមន្ត្រី តែប៉ុណ្ណោះ។

តែប្រជាជនថៃ ក៏កំពុងដេញ អតីតឧត្តមសេនីយមេរដ្ឋប្រហារម្នាក់នេះ ពីអំណាចផងដែរ គឺដូចបាតុករ ភូមា ភ្លូកទឹកភ្លូកដី កំពុងធ្វើមហាបាតុកម្ម ដេញមេរដ្ឋប្រហារឧត្តមសេនីយ៍មីនអុងឡាំងពី អំណាច។ 

តែសម្រាប់ ប្រទេសឥណ្ឌូនេស៊ី មិនដូចនឹងប្រទេសភូមា និងថៃនោះទេ ។ប្រទេស នេះត្រូវបានមើលឃើញថាមានប្រជាធិបតេយ្យ ល្អប្រសើរជាខ្លាំង។ 

ប្រទេសនេះ កំពុងបញ្ជូន តំណាងរបស់ខ្លួន ទៅកាន់ប្រទេសជាសមាជិកអាស៊ាន ដើម្បីជួយរុញច្រាន របបរដ្ឋប្រហារនៅភូមា ឲ្យងាកទៅរកការផ្ទេរអំណាច ទៅឲ្យក្រុមប្រជាធិបតេយ្យវិញ គឺភាគីរបស់អ្នកស្រីអ៊ុងសានសូជី ដែលពួកយោធា បានផ្លួលរំលំ កាលពីថ្ងៃទី១ កុម្ភៈ ហើយ អ្នកស្រី កំពុងជាប់ឃុំខ្លួន។ 

គេរំពឹងថា អ្នកស្រី Retno អាចនឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ហើយ តំណាងពួកយោធា ដែលគេហៅថា រដ្ឋមន្ត្រីការបរទេសរបស់ពួកយោធា អាចនឹងមកកាន់កម្ពុជា ផងដែរ។

បើដូចនេះ អ្នកទាំង២នេះ នឹងមកជាន់ដីនៃរាជាណាចក្រមួយ ដែលកំពុងមានវិបត្តិនយោបាយ ប្រហាក់ប្រហែលគ្នា។

កម្ពុជា មានបុរសខ្លាំងតែម្នាក់គត់កាន់អំណាចបានយូរឆ្នាំមកនេះ គឺត្រូវបានមើលឃើញថា សុទ្ធតែប្រើល្បិចកំចាត់គូប្រកួត អោយបានមុនឡើង សង្វៀនព្រោះតែខ្លាចចាញ់ឆ្នោត។

បក្សប្រឆាំងមួយដែលជាបក្សស្ថិតក្នុងក្រសែភ្នែករបស់ពលរដ្ឋខ្មែររាប់លាននាក់ ដែលសង្ឃឹមថានឹងអាចដឹកនាំរដ្ឋាភិបាល ក៏ត្រូវបានរំលាយមុនការបោះឆ្នោត ឆ្នាំ២០១៨ ។ ទីបំផុតការបោះឆ្នោតឆ្នាំ២០១៨ ពុំមានបក្សខ្លាំងឡើយក្រៅពីបក្ស កាន់អំណាចសព្វថ្ងៃនេះ។ វិលទៅ រកបញ្ហានៃប្រទេសភូមាឯនោះ វិញ  គឺនាយកករដ្ឋមន្ត្រីកម្ពុជា បានប្រកាសហើយថា បញ្ហាភូមា គឺជារឿងផ្ទៃក្នុង គឺកម្ពុជាមិនលូកលាន់នោះទេ ព្រោះ ធម្មនុញ្ញអាស៊ាន បានហាម ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសក្នុងសមាគម។

បើដូចនេះមែន អ្នកស្រី Retno Marsudi រដ្ឋមន្ត្រីការបរទេស ឥណ្ឌូនេស៊ីមិនគួរមកកាន់ប្រទេសកម្ពុជានោះទេ។ បែបណា ក៏ដោយសម្រាប់ប្រជាជនភូមា គឺមិនដូចប្រជាជននៃប្រទេសក្នុងតំបន់នេះទេ គឺមានឆន្ទៈខ្លាំងណាស់ក្នុងការប្រឆាំងពួកយោធា ហើយ ឆន្ទៈនេះ គឺពិតណាស់នឹងរុញច្រានរបបរដ្ឋប្រហារ អោយស្លាប់ទៅវិញ ពុំខានឡើយ៕

Exit mobile version