បញ្ញវន្តខ្មែរនៅក្រៅស្រុកអះអាងថា ប្រមុខរដ្ឋាភិបាលកម្ពុជា គួរបន្ធូរស្ថានការណ៍នយោបាយដើម្បីបញ្ចៀសវិបត្តិការទូតដែលប្រឈមនឹងសហគមន៍អន្តរជាតិ ហើយអាចទាញទម្លាក់កម្ពុជាទៅក្នុងវិបត្តិយ៉ាងជ្រៅពិបាកស្ដារឡើងវិញ ទាំងអសន្តិសុខ និងសេដ្ឋកិច្ចជាតិនាពេលអនាគត។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានបង្ហាញនូវកង្វល់អំពីការកាត់ទោសសកម្មជនបរិស្ថានមួយចំនួនដាក់ពន្ធនាគារពីសំណាក់រដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៨ ខែមិថុនា ថា ចរន្តរបស់សហគមន៍អន្តរជាតិ សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប ជាដើម ទំនងជានឹងប្រឹងជំរុញឲ្យមានការវិវឌ្ឍនយោបាយនៅកម្ពុជា នៅចុងឆ្នាំ២០២១ នេះ។
លោកអះអាងថា ដំណើរទស្សនកិច្ចរបស់ឧបការីសហរដ្ឋអាមេរិក អ្នកស្រី វីនឌី ហ្សឺមែន កាលពីពេលថ្មីៗនេះទៅកាន់ប្រទេសកម្ពុជា ក្នុងការជួបជាមួយលោក ហ៊ុន សែន ដើម្បីបញ្ជាក់ជំហររបស់សហរដ្ឋអាមេរិក ទំនងជាលក្ខខណ្ឌច្បាស់លាស់ចុងក្រោយរបស់រដ្ឋាភិបាលអាមេរិកចំពោះរដ្ឋាភិបាលក្រុងភ្នំពេញហើយ។
លោក គឹម សុខ បញ្ជាក់ថា អ្វីៗនៅសល់តែជាយន្តការដែលត្រូវអនុវត្តរវាងប្រមុខការទូតអាមេរិក លោក Patrick Murphy និងអាជ្ញាធររបស់លោក ហ៊ុន សែន ដែលមានលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាសេនាធិការសំខាន់ ដើម្បីបន្តការសម្រួលស្ថានការណ៍កម្ពុជាតែប៉ុណ្ណោះ។
លោកបញ្ជាក់ថា ការប្រែប្រួលនៅកម្ពុជាបែបណា ក៏ត្រូវរង់ចាំមើលថា តើភាគីចិន នឹងបន្តជួយក្រុមលោក ហ៊ុន សែន កម្រិតណាបន្តទៀតផងដែរ។
លោកថា បើរដ្ឋាភិបាលចិន នៅតែត្រូវការប្រើប្រាស់រដ្ឋាភិបាលលោក ហ៊ុន សែន ជាគន្លឹះចាំបាច់ក្នុងវេទិកាអន្តរជាតិឆ្នាំ២០២២ ពេលកម្ពុជាជាប្រធានប្ដូរវេនរបស់អាស៊ាន នោះស្ថានភាពនយោបាយកម្ពុជា នឹងវិវឌ្ឍជាវិជ្ជមានក្នុងកម្រិតទាប ព្រោះថាលោក ហ៊ុន សែន នៅតែសង្ឃឹមខ្នងចិនដើម្បីការពារអំណាចគាត់ដដែល។
កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក Patrick Murphy បានជួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដែលបានពិភាក្សាពីកិច្ចសហប្រតិបត្តិការដែលរក្សាឱ្យកម្ពុជា និងសហរដ្ឋអាមេរិក មានសុវត្ថិភាពក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាពិសេសកិច្ចគាំពារកុមារ និងការអនុវត្តតាមសេចក្ដីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ផងដែរ។
ក្នុងជំនួបនេះ លោក W. Patrick Murphy បានបង្ហាញនូវកង្វល់ជាខ្លាំងទៅកាន់លោក ស ខេង អំពីការកាត់ទោសសកម្មជនបរិស្ថានមួយចំនួនដាក់ពន្ធនាគារ ដែលអាជ្ញាធរកម្ពុជា បានចាប់ខ្លួន និងចោទប្រកាន់លើពួកគេកន្លងមក។
លោកថា ការហ៊ាននិយាយដើម្បីការពារបរិស្ថានដែលប្រឈមនឹងការគំរាមកំហែង ដោយសារការកាប់ឈើខុសច្បាប់ និងកេងយកប្រយោជន៍ពាណិជ្ជកម្មរបស់ជាតិ គឺជារឿងគួរឱ្យសរសើរទៅវិញទេ មិនគួរទទួលរងនូវការចោទប្រកាន់បែបនោះឡើយ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក អំពាវនាវឱ្យមានការដោះលែង និងបើកលំហសេរីភាពបញ្ចេញមតិដែលជាសិទ្ធិមូលដ្ឋាន ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ព្រោះថាការគោរពនូវសិទ្ធិសេរីភាពជាមូលដ្ឋាន អាចជួយធានានូវអនាគតមួយដែលប្រកបដោយសុខសន្តិភាព វិបុលភាព មានអធិបតេយ្យ និងប្រជាធិបតេយ្យសម្រាប់កម្ពុជា នាពេលអនាគត។
កាលពីចុងឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជាបានចាប់ខ្លួនសកម្មជនបរិស្ថាន និងសកម្មជនការពារសិទ្ធិមនុស្សជាបន្តបន្ទាប់ ដោយចោទប្រកាន់ពួកគេពីបទញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ក្នុងនោះរួមមាន ប្រធានសហភាពការងារកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ និងសកម្មជនបរិស្ថានជាច្រើននាក់ផ្សេងទៀត ដែលពួកគេត្រូវអាជ្ញាធរក្រុងភ្នំពេញឃុំខ្លួនក្នុងពន្ធនាគារព្រៃស រហូតដល់សព្វថ្ងៃនេះ។
ក្រុមអ្នកឃ្លាំមើលសង្គមរិះគន់ថា ការចាប់ខ្លួនសកម្មជនបរិស្ថាន សកម្មជនការពារសិទ្ធិមនុស្ស សកម្មជនដីធ្លីកន្លងមក គឺខុសនឹងនីតិវិធីច្បាប់ ខុសរដ្ឋធម្មនុញ្ញកម្ពុជា និងមានចរិតជានយោបាយយ៉ាងច្បាស់ក្រឡែត ព្រោះថាការចាប់ខ្លួនអ្នកទាំងនោះ គឺធ្វើឡើងក្នុងចេតនាបំបិទសំឡេងប្រឆាំង និងបំបាត់ការរិះគន់លើរដ្ឋាភិបាលឯកបក្សរបស់លោក ហ៊ុន សែន តែប៉ុណ្ណោះ៕