អ្នកជំនាញខាងផ្នែកកសិកម្ម និងជាអ្នកនយោបាយផងនោះ បានអំពាវនាវឱ្យរដ្ឋាភិបាល និងកសិករខ្មែរចូលរួមលើកស្ទួយអង្ករស្តង់ដារខ្មែរបុរាណ ដែលនៅមានជាតិកន្ទក់លាយអង្ករសំរូប ថាជាប្រភេទអង្ករដែលនាំមកនូវផលប្រយោជន៍សម្រាប់សុខភាពអ្នកប្រើប្រាស់ ខណៈអ្នកជំនាញផ្នែកសុខភាពបង្ហាញអត្ថប្រយោជន៍យ៉ាងច្រើនចំពោះអ្នកដែលបានបរិភោគអង្ករប្រភេទនេះ។
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣ វិច្ឆិកា នេះថា ការទទួលទានអង្ករស្តង់ដារខ្មែរបុរាណ នឹងជួយឱ្យសុខភាពអ្នកប្រើប្រាស់កាន់តែល្អ ដោយសារតែអង្ករប្រភេទនេះផ្ទុកទៅដោយសារធាតុចិញ្ចឹមខ្ពស់ ដូចជាសារធាតុសរសៃ ឬ Fibre និងវីតាមីនផ្សេងៗជាច្រើនទៀតដែលអាចជួយកាត់បន្ថយបញ្ហាឈឺសន្លាក់ដៃ សន្លាក់ជើង និងជំងឺផ្សេងទៀតយ៉ាងមានប្រសិទ្ធភាព។
មន្ត្រីបក្សរូបនេះអះអាងថា អត្ថប្រយោជន៍របស់អង្ករប្រភេទនេះមានរសជាតិឆ្ងាញ់ អាចរក្សាទុកបានយូរដោយមិនឆាប់ផ្អូមក្រោយពេលចម្អិន ព្រមទាំងមានតម្លៃទាបផងដែរ ខណៈអង្ករដែលប្រើម៉ាស៊ីនប៉ូលា ឬស្រិតឲ្យមានពណ៌សរលោងស្អាតដោយការប្រើត្បាល់ដុសខាត់ច្រើនប្រភេទមានតម្លៃខ្ពស់ជាង ប៉ុន្តែគុណភាពមិនមានកម្រិតស្តង់ដារសម្រាប់សុខភាពដូចអង្ករស្តង់ដារខ្មែរបុរាណសម្រាប់អ្នកបរិភោគនោះឡើយ។
បណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់ថា ការលើកស្ទួយអង្ករខ្មែរបុរាណអាចជួយឱ្យគ្រួសារកសិករខ្មែរប្រើម៉ាស៊ីនតូចៗដែលមានត្បាល់កែច្នៃសម្រាប់កិនអង្ករ ១ ឬ ២ នៅតាមផ្ទះរៀងៗខ្លួន ហើយការធ្វើបែបនេះ កសិករនឹងមិនចំណាយដើមទុនច្រើននោះទេសម្រាប់ផលិតអង្ករប្រភេទនេះ ដែលល្អជាងក្នុងការចំណាយលុយច្រើនទៅទិញអង្ករពណ៌ស ហើយមានគុណភាពអន់ទៀតនោះ។
លោកគូសបញ្ជាក់ថា បើទោះបីជាអង្ករស្តង់ដារខ្មែរបុរាណមើលពីខាងក្រៅមិនសូវសរលូនស្អាត និងមិនទាក់ទាញដូចអង្ករដែលប៉ូលា ឬស្រិតតាមបច្ចេកទេសរបស់រោងម៉ាស៊ីនក៏ដោយ ប៉ុន្តែខាងក្នុងអង្ករនេះពោរពេញទៅដោយគុណភាពសម្រាប់សុខភាពដែលមិនអាចកាត់ថ្លៃបាន។
បណ្ឌិត យ៉ង សាំងកុមារ អះអាងនេះ ធ្វើឡើងដើម្បីជំរុញឱ្យរដ្ឋាភិបាលលើកកម្ពស់អង្ករស្តង់ដារបុរាណខ្មែរដែលជាប្រភេទអង្ករជួយដល់សុខភាពអ្នកប្រើប្រាស់ជាងអង្ករដែលកំពុងចរាចរណ៍លើទីផ្សារសព្វថ្ងៃនេះ។
ប្រភេទអង្ករដែលកំពុងពេញនិយមក្នុងការផលិត និងប្រើប្រាស់នៅកម្ពុជាបច្ចុប្បន្ន រួមមានអង្ករផ្កាម្លិះ អង្ករផ្ការំដួល និងអង្ករជាច្រើនប្រភេទទៀត ប៉ុន្តែអង្ករទាំងនោះត្រូវបានដាក់បញ្ចូលទៅក្នុងរោងម៉ាស៊ីនបកយកសារធាតុចិញ្ចឹមទាំងអស់ ដើម្បីឱ្យមានសោភណភាពសល្អ និងមានភាពទាក់ទាញទៅដល់អ្នកប្រើប្រាស់ ប៉ុន្តែអង្ករទាំងនោះក៏ត្រូវបានដាក់លក់ក្នុងទីផ្សារក្នុងតម្លៃខ្ពស់ផងដែរ។
ជុំវិញបញ្ហានេះ អ្នកឯកទេសសុខភាពជនជាតិឥណ្ឌា លោក Mickey Mehta ធ្លាប់បានអះអាងកាលពីពេលកន្លងទៅថា តាមរយៈនៃការពិសោធ បានបង្ហាញថា ក្នុងអង្ករដែលលាយឡំទៅដោយសារធាតុកន្ទក់ និងនៅមានជាប់សំរូបក្នុងចំណុះ ១ពែងកាហ្វេ បានផ្ទុកសារធាតុម៉ង់កាណែស ៨៨ភាគរយ សារធាតុសេលីញ៉ូម ២៧ភាគរយ ម៉ាញេស្យូម ២០ភាគរយ ទ្រីផូថុន ១៨ភាគរយ និងកាឡូរី ១២ភាគរយ ហើយសារធាតុទាំងនេះអាចជួយកាត់បន្ថយហានិភ័យជំងឺទឹកនោមផ្អែមបានយ៉ាងមានប្រសិទ្ធភាព។
ដោយឡែកការយកអង្ករដែលកិនសម្រិតឱ្យមានពណ៌សស្អាតល្អ គឺបានបំផ្លាញសារធាតុដែក ៦០ភាគរយ វីតាមីន B1 ៨០ភាគរយ វីតាមីន B3 ៦៧ភាគរយ វីតាមីន B6 ៩០ភាគរយ ខណៈសារធាតុផ្សេងទៀតមានដូចជាផូស្វ័រ ម៉ង់កាណែស និងសារធាតុសរសៃ ឬ Fibre បានបាត់បង់អស់ជិតពាក់កណ្តាលផងដែរ។
របាយការណ៍ស្រាវជ្រាវមួយដែលចុះផ្សាយដោយសារព័ត៌មាន VOA កាលពីពេលកន្លងទៅ បានបង្ហាញថា ការធ្វើតេស្ដទៅលើបុរសជិត ៤ម៉ឺននាក់ និងស្ត្រីជាង ១៥ម៉ឺននាក់ ឱ្យដឹងថា អ្នកដែលទទួលទានបាយដោយប្រើអង្ករពណ៌ស ៥ដងក្នុងមួយអាទិត្យ ឬច្រើនជាងនេះ នឹងបង្កគ្រោះថ្នាក់ជាជំងឺទឹកនោមផ្អែមប្រភេទ២ ដល់ទៅ ១៧ភាគរយ។
ដោយឡែកអ្នកទទួលទានបាយអង្ករដែលមានសារធាតុកន្ទក់ដែលលាយឡំដោយសំរូបឱ្យបាន ២ដង ឬច្រើនជាង ២ដងក្នុងមួយសប្តាហ៍ នឹងជួយកាត់បន្ថយគ្រោះថ្នាក់ដល់ទៅ ១១ភាគរយពីការកើតជំងឺទឹកនោមផ្អែមប្រភេទ២ យ៉ាងមានប្រសិទ្ធភាព៕