តុលាការក្រុងភ្នំពេញ ចេញដីកាសម្រេចលក់អតីតទីស្នាក់ការដ៏ធំរបស់អតីតគណបក្សប្រឆាំងនៅចាក់អង្រែលើ ដើម្បីបង្ខំឱ្យលោក សម រង្ស៊ី សងបំណុលទៅម្ចាស់បំណុលដែលជាភាគីរដ្ឋាភិបាលក្នុងទំហំទឹកប្រាក់រាប់ម៉ឺនដុល្លារអាមេរិក។
នៅថ្ងៃចន្ទ ទី១៥ វិច្ឆិកា នេះ ចៅក្រមអនុវត្តរបស់តុលាការក្រុងភ្នំពេញ គឺលោក អ៊ឹម វណ្ណៈ បានបង្គាប់ឱ្យសមត្ថកិច្ចនគរបាលយុត្តិធម៌យកដីកាទៅបិទនៅនឹងទីស្នាក់ការគណបក្សប្រឆាំង ស្ថិតនៅសង្កាត់ចាក់អង្រែលើ ក្រុងភ្នំពេញ។ តាមរយៈដីកានេះ លោក អ៊ឹម វណ្ណៈ បានប្រកាសលក់ដោយបង្ខំទីស្នាក់ការគណបក្សសង្គ្រោះជាតិ ដែលជាផ្ទះរបស់លោក សម រង្ស៊ី ដើម្បីយកទៅទូទាត់សងម្ចាស់បំណុល។
ប្រតិកម្មនឹងសេចក្តីសម្រេចនេះ អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានហៅចំណាត់ការរបស់តុលាការក្រុងភ្នំពេញនៅពេលនេះថា ធ្វើឡើងតាមការចង់បានរបស់លោក ហ៊ុន សែន។ មិនតែប៉ុណ្ណោះ ប្រភពដដែលបានលើកឡើងថា នេះជាការភ័យខ្លាចរបស់លោក ហ៊ុន សែន ខណៈសម្ពាធពីអន្តរជាតិចំពោះមន្ត្រីធំៗរបស់រដ្ឋាភិបាលលោក ហ៊ុន សែន កាន់តែធ្លាក់ចុះមកជាបន្តបន្ទាប់។
គណបក្សប្រឆាំង បានចាត់ទុកថា ដីកាប្រកាសលក់ដោយបង្ខំនេះជារបៀបប្លន់អំណាច និងទ្រព្យសម្បត្តិឯកជនរបស់នីតិបុគ្គល ក្នុងពេលដែលខ្លួនប្រកាសថាកំពុងជំរុញឱ្យមាននីតិរដ្ឋនៅកម្ពុជា ហើយលោក សម រង្ស៊ី នឹងទាមទារកម្មសិទ្ធិឯកជនដែលមានប្លង់រឹងរបស់លោកមកវិញនៅពេលណាដែលលោកបានវិលទៅប្រទេសកម្ពុជា។
តាមរយៈដីការបស់លោក អ៊ឹម វណ្ណៈ ដែលជាចៅក្រមអនុវត្តរបស់តុលាការក្រុងភ្នំពេញ ដែលចាត់ទុកថាជាម្ចាស់បំណុលក្នុងរឿងក្តីព្រហ្មទណ្ឌមួយនេះ គឺមាន ៤ភាគី ក្នុងនោះមាន៖
- លោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី
- លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
- លោក ហេង សំរិន ប្រធានរដ្ឋសភា
- និងភាគីមួយទៀត គឺរដ្ឋាភិបាល។
ចំណែកលោក សម រង្ស៊ី និងភរិយា គឺលោកស្រី ជូឡុង សូមូរ៉ា គឺជាកូនបំណុល។
ដីកាបន្ថែមទៀតថា កម្មវត្ថុនៃដីកានេះគឺសុំឱ្យអនុវត្តតាមវិធានបង្ខំដោយផ្ទាល់ និងលក់ដោយបង្ខំនូវអចលនវត្ថុមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដែលចេញដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយលោក សម រង្ស៊ី ជាកូនបំណុលមានភារកិច្ចសងបំណុលទៅតាមអំណាចសាលដីកាស្ថាពររបស់តុលាការកំពូល។
លើសពីនេះទៀត តាមរយៈដីកានេះ ក៏បានបង្គាប់ឱ្យកូនបំណុលដែលជាអតីតប្រធានគណបក្សប្រឆាំង គឺលោក សម រង្ស៊ី ត្រូវសងបំណុលទៅម្ចាស់បំណុលដែលមានដូចជាលោក ហ៊ុន សែន បានទាមទារទឹកប្រាក់ប្រមាណ ១លានដុល្លារអាមេរិក លោក ស ខេង ប្រមាណ ៥០ម៉ឺនដុល្លារ លោក ហេង សំរិន ជាង ៦ម៉ឺនដុល្លារ និងភាគីដើមបណ្តឹងមួយ គឺរដ្ឋាភិបាលប្រមាណជាង ៤៥ម៉ឺនដុល្លារ។
កាលពីខែមីនា ឆ្នាំ២០២១ តុលាការក្រុងភ្នំពេញបានកាត់ទោសដោយកំបាំងមុខប្រឆាំងលោក សម រង្ស៊ី ឱ្យជាប់ពន្ធនាគារ ២៥ឆ្នាំ ពីបទ «ប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាល»។ ក្នុងពេលជាមួយគ្នានោះដែរ លោក អេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗ ២២ឆ្នាំ ដោយឡែកមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ៦រូបផ្សេងទៀត ក៏ត្រូវបានតុលាការក្រុងភ្នំពេញផ្ដន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗ ២០ឆ្នាំ។
បើតាមមន្ត្រីដែលស្និទ្ធនឹងលោក សម រង្ស៊ី អះអាងថា តាមពិត ទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិនេះ គឺជាផ្ទះរបស់លោក សម រង្ស៊ី ដែលជួលឱ្យគណបក្សភ្លើងទៀន និងគណបក្សសង្គ្រោះជាតិ៕