នៅពេលដែលយន្តហោះដឹកមេដឹកនាំកម្ពុជា ចុះចតភ្លាមនៅព្រលានយន្តហោះភូមា នៅទីក្រុងណៃភិដរ នៅព្រឹកថ្ងៃទី៧ មករា គេឃើញមន្ត្រីរបបសឹកភូមា តិចតួចប៉ុណ្ណោះមកទទួលលោក ហ៊ុន សែន។ លោកនាយករដ្ឋមន្ត្រីកម្ពុជា បានដើរលើកម្រាលព្រំពណ៌ក្រហមដ៏ខ្លីមួយ ហើយចូលក្នុងរថយន្តដែលមានរថយន្តអមពីក្រោយជាច្រើនគ្រឿង ជាមួយនឹងការការពារសន្តិសុខយ៉ាងប្រយ័ត្នបំផុត។
បន្តិចក្រោយមក គេឃើញលោក ហ៊ុន សែន ប្រគល់អំណោយជាម៉ាស់ការពារជំងឺកូវីដ-១៩ ចំនួនជាង ៣លានម៉ាស់ទៅដល់មន្ត្រីនៃរបបសឹកភូមា ប៉ុន្តែគេពុំឃើញលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ដែលតែងតាំងខ្លួនឯងជានាយករដ្ឋមន្ត្រីមកទទួលលោក ហ៊ុន សែន និងមកទទួលអំណោយរបស់កម្ពុជាពីលោក ហ៊ុន សែន នោះទេ។
មន្ត្រីជាន់ខ្ពស់បំផុតជាអ្នកដែលមកទទួលលោក ហ៊ុន សែន គឺរដ្ឋមន្ត្រីការបរទេសរបស់ពួកយោធាភូមា គឺលោក វ៉ាន់ណា មូនល្វីន ដែលមកជួបលោក ហ៊ុន សែន នៅក្រុងភ្នំពេញកាលពីខែធ្នូ ឆ្នាំ២០២១ កន្លងមកនេះ។
លោក ហ៊ុន សែន កំណត់ធ្វើទស្សនកិច្ចនៅភូមារយៈពេល ២ថ្ងៃ។ សារព័ត៌មានភូមា មីស៊ីម៉ា បានចុះផ្សាយនូវសេចក្ដីរាយការណ៍របស់ខ្លួនថា ទស្សនកិច្ចរបស់មេដឹកនាំកម្ពុជាទៅកាន់ប្រទេសភូមា គឺជាការជំរុញឱ្យមានការធ្វើបាតុកម្មរបស់ប្រជាជនភូមា ប្រឆាំងនឹងវត្តមានរបស់លោក។ ប្រភពដដែលឲ្យដឹងថា បាតុកម្មប្រឆាំងនឹងវត្តមានលោក ហ៊ុន សែន កើតមានជាច្រើនកន្លែង និងទីប្រជុំក្នុងប្រទេសភូមា។ បាតុករបានលើកបដាដោយសរសេរថា ភូមា និងប្រជាជនភូមា មិនស្វាគមន៍ជនផ្ដាច់ការកម្ពុជារូបនេះទេ។ បដាខ្លះសរសេរថា លោក ហ៊ុន សែន មកកាន់ភូមានេះ គឺជាការទទួលស្គាល់នៃរបបសឹកតែប៉ុណ្ណោះ។ បដាខ្លះរៀបរាប់ថា លោក ហ៊ុន សែន ជាមេដឹកនាំរំលោភសិទ្ធិមនុស្សនៅកម្ពុជា និងជាអ្នករំលាយប្រជាធិបតេយ្យនៅកម្ពុជា។
យ៉ាងណា មុននឹងចាកចេញពីកម្ពុជា លោក ហ៊ុន សែន បានអំពាវនាវឱ្យមានការអត់ធ្មត់ពីគ្រប់ភាគីក្នុងប្រទេសភូមា ដោយស្នើឱ្យអនុវត្តតាមផែនការសន្តិភាពគោលការណ៍កុងសង់ស៊ីស ៥ចំណុចរបស់អាស៊ាន។ លោកថា តើអ្នកចង់ឱ្យប្រទេសរបស់អ្នកធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលពិតប្រាកដ ឬចង់ឱ្យមានការដោះស្រាយ។
ការលើកឡើងរបស់លោក ហ៊ុន សែន អំពីគោលការណ៍ ៥ចំណុចរបស់អាស៊ាន ត្រូវបានមើលឃើញថា លោកលើកឡើងបន្ទាប់ពីលោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo បានរំឭកលោកនៅក្នុងជំនួបតាមខ្សែទូរស័ព្ទកាលពីថ្ងៃពុធ ទី៥ មករា កន្លងមកនេះ។
ជាថ្មីម្ដងទៀត លោក Joko Widodo បានសរសេរបញ្ជាក់បន្ថែមទៀតនៅលើ Twitter របស់លោកដោយបានរៀបរាប់ថា ប្រសិនបើមិនមានការរីកចម្រើនគួរឱ្យកត់សម្គាល់លើផែនការសន្តិភាពទេ គឺមានតែអ្នកតំណាងដែលមិនមែនជាអ្នកនយោបាយមកពីភូមាប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតមកចូលរួមកិច្ចប្រជុំអាស៊ានខាងមុខនេះ។
កាលពីខែតុលា មេដឹកនាំរបបសឹកភូមា លោក មីន អ៊ុងឡាំង ត្រូវបានហាមមិនឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន ព្រោះពុំបានធ្វើឲ្យរីកចម្រើននូវការអនុវត្តគោលការណ៍ទាំង ៥ចំណុចនេះ ប៉ុន្តែការផាត់ចោលតំណាងភូមា នាំឱ្យលោក ហ៊ុន សែន អះអាងថាតំណាងរបបយោធាគួរត្រូវបានអនុញ្ញាតឲ្យចូលរួមកិច្ចប្រជុំអាស៊ាន។ លោប្ដេជ្ញាថា នឹងព្យាយាមឱ្យមេដឹកនាំភូមា អាចចូលរួមកិច្ចប្រជុំជាមួយមេដឹកនាំអាស៊ានឡើងវិញឲ្យទាល់តែបាន។
ដំណើរទស្សនកិច្ចរបស់ប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ អមដំណើរដោយមន្ត្រីជាន់ខ្ពស់ ដូចជាលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ចម ប្រសិទ្ធ និងមន្ត្រីកម្ពុជាផ្សេងទៀត។ លោក ហ៊ុន សែន ត្រូវជួបជាមួយនាយឧត្តមសេនីយ៍ មីន អ៊ុងឡាំង មេដឹកនាំរដ្ឋប្រហារយោធាភូមា អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី និងការវិវឌ្ឍថ្មីៗនៅក្នុងបរិបទអាស៊ាន។
ទាំងលោក ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាដែលជាប្រេសិតអាស៊ានតែងតាំងដោយលោក ហ៊ុន សែន សម្រាប់ប្រទេសភូមា មិនបានបញ្ជាក់អំពីដំណើរទស្សនកិច្ចរបស់លោកនៅលើទឹកដីភូមា ដែលមានរយៈពេល ២ថ្ងៃនេះអាចនឹងមានជំនួបជាមួយអ្នកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំរដ្ឋាភិបាលស៊ីវិលដែលរបបយោធាបានឃុំឃាំង ឬយ៉ាងណានោះទេ។ ប៉ុន្តែអ្នកនាំពាក្យរបបសឹកភូមា បានប្រាប់ហើយថា ពុំមានជំនួបរវាងលោក ហ៊ុន សែន និងអ្នកស្រី អ៊ុងសាន ស៊ូជី ឡើយ។
ក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសដំបូងក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ និងជាលើកដំបូងរបស់លោក ហ៊ុន សែន ជាន់ទឹកដីភូមា លោកអះអាងថា លោកមានតួនាទីជាច្រើនក្នុងការសម្របសម្រួលវិបត្តិនៅភូមា ដែលកំពុងកើតមាន។ លោក ហ៊ុន សែន បញ្ជាក់ថា វិបត្តិនយោបាយដែលកំពុងក្តៅគគុកនៅភូមា គឺជាការចាំបាច់ដែលប្រធានអាស៊ានត្រូវតែសម្របសម្រួល។
ជុំវិញដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅកាន់ប្រទេសភូមា ត្រូវបានអ្នកតាមដានកិច្ចការអន្តរជាតិមើលឃើញថា អាចមានលទ្ធផលតិចតួចប៉ុណ្ណោះ ហើយលទ្ធផលខ្លះទំនងក្រុមប្រឆាំងរបបសឹកអាចមិនទទួលយកបានឡើយ៕