ក្រុមអ្នកឃ្លាំមើលសិទ្ធិការងារកម្មករខ្មែរ ត្អូញត្អែរថា ការព្រងើយកន្តើយពីសំណាក់រដ្ឋាភិបាលកម្ពុជា បណ្តាលឱ្យជីវិតពលករខ្មែរចំណាកស្រុកក្នុងប្រទេសជប៉ុន រស់ស្មើនឹងទាសកររបស់រោងចក្រ ដែលទទួលរងនូវការរំលោភសិទ្ធិការងារ អំពើហិង្សា រហូតដល់បាត់បង់ជីវិតថែមទៀត។
សមាជិកសហជីព General Support Union-NPO/POSSE ក្នុងទីក្រុងតូក្យូ អ្នកស្រី ម៉ៃ តាកិម៉ូរ៉ា បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី១១ ខែមករា ថា ពលករខ្មែរភាគច្រើនដែលកំពុងបម្រើការនៅប្រទេសជប៉ុនសព្វថ្ងៃនេះ រងការធ្វើទុក្ខបុកម្នេញពីខាងក្រុមហ៊ុនយ៉ាងធ្ងន់ធ្ងរ ដោយគ្មានការយកចិត្តទុកដាក់ពីភាគីពាក់ព័ន្ធណាទាំងអស់ ក្នុងនោះសូម្បីពួកគេសុំផ្លាស់ប្ដូរការងារទៅរោងចក្រផ្សេងក៏មានការរារាំង និងគំរាមកំហែងពីខាងក្រុមហ៊ុនថែមទៀត។
អ្នកស្រី ម៉ៃ តាកិម៉ូរ៉ា រៀបរាប់ថា ពលករខ្មែរទាំងនោះគ្មានសិទ្ធិទាមទារលក្ខខណ្ឌការងារសមស្របពីខាងរោងចក្រនោះឡើយ ដូច្នេះពួកគេតែងត្រូវបង្ខំឱ្យធ្វើការហួសកម្រិត ប៉ុន្តែប្រាក់ការងារទទួលបានតិចតួច។ អ្នកស្រីបន្តថា នៅពេលដែលកម្មករខ្មែរសុំឱ្យខាងរោងចក្រគោរពសិទ្ធិការងារ ថៅកែក្រុមហ៊ុនតែងគំរាមដេញពួកគេឱ្យត្រឡប់ទៅស្រុកខ្មែរវិញ។ លើសពីនេះ ថៅកែរោងចក្រតែងប្រើអំពើហិង្សាទៅលើពួកគេផងដែរ ដូចជាវាយពលករខ្មែរទាំងនោះនឹងដែកឧបករណ៍សំណង់ ជាដើម។
សមាជិកសហជីពរូបនេះបញ្ជាក់ថា ស្ថិតក្រោមការធ្វើបាបរបស់ថៅកែក្រុមហ៊ុន ពលករខ្មែរមានតែទ្រាំធ្វើការទាំងការគំរាមកំហែង ទាំងគ្មានច្បាប់ការពារ ហាក់បីដូចជាទាសករដែលត្រូវគេទិញយកមកធ្វើការដាច់ថ្លៃដូច្នោះដែរ ព្រោះថាទាំងថៅកែរោងចក្រ និងសមាគមដែលបញ្ជូនពលករទៅប្រទេសជប៉ុន ខ្លះសុទ្ធតែព្យាយាមកេងប្រវ័ញ្ចទៅលើកម្លាំងពលករខ្មែរដូចគ្នា។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីពលករខ្មែរដែលកំពុងបម្រើការនៅប្រទេសជប៉ុន សព្វថ្ងៃនេះ ត្រូវរងការជិះជាន់ពីខាងក្រុមហ៊ុននៅប្រទេសជប៉ុនយ៉ាងធ្ងន់ធ្ងរ រហូតមានអ្នកខ្លះសម្លាប់ខ្លួនដោយសារទ្រាំមិនបានពីការធ្វើបាបរបស់ថៅកែរោងចក្រថែមទៀត។
មន្ត្រីគ្រប់គ្រងខាងផ្នែកសិទ្ធិការងាររបស់អង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ បានលើកឡើងក្នុងកិច្ចពិភាក្សា Idea Talk របស់សារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី១១ មករា នេះដែរថា បញ្ហាដែលនាំឲ្យពលករខ្មែរក្នុងប្រទេសជប៉ុន រងការធ្វើបាបពីថៅកែក្រុមហ៊ុន ដោយសារលក្ខខណ្ឌការងាររបស់ប្រទេសជប៉ុន ដែលអនុញ្ញាតឲ្យពលករខ្មែរទៅបម្រើការនៅទីនោះ គឺធ្វើឡើងក្នុងនាមជាសិក្ខាកាមប៉ុណ្ណោះ។ លោកបន្តថា ការពិត ពលករខ្មែរទាំងនោះមិនមែនជាអ្នកហាត់ការដូចក្នុងលក្ខខណ្ឌនោះទេ ប៉ុន្តែពួកគេបានធ្វើការជាពលករសុទ្ធសាធ ហើយរដ្ឋាភិបាលកម្ពុជាត្រូវរកដំណោះស្រាយលើបញ្ហានេះជាបន្ទាន់។
មន្ត្រីគ្រប់គ្រងខាងផ្នែកសិទ្ធិការងាររបស់អង្គការសង់ត្រាល់រូបនេះ អះអាងថា ក្រុមហ៊ុនងាយនឹងកេងប្រវ័ញ្ចលើកម្លាំងពលកម្មបានយ៉ាងងាយស្រួល ត្បិតពួកគេសំអាងថា ពលករទាំងនោះមិនមែនជាកម្មករនោះទេ គ្រាន់តែជាសិក្ខាកាមហាត់ការតែប៉ុណ្ណោះ។ ជាងនេះទៀត សិក្ខាកាមទាំងនោះក៏មិនស្ថិតក្នុងច្បាប់ការងារណាមួយរបស់ពលករនោះដែរ។
លោកបានផ្តល់អនុសាសន៍ថា ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលកម្ពុជាត្រូវតែចុះអនុសារណៈយោគយល់ ឬ MOU ដើម្បីបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសជប៉ុន ជាផ្លូវការ ក្រោមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ដើម្បីធានាឱ្យពលករខ្មែរទទួលបានការការពារសិទ្ធិការងារពេញលេញពីរដ្ឋាភិបាលជប៉ុន និងដើម្បីចៀសវាងការធ្វើបាបពីក្រុមហ៊ុនដែលពួកគេបម្រើការផងដែរ។
កាលពីអំឡុងឆ្នាំ២០២១ ពលករខ្មែរដែលបម្រើការក្នុងប្រទេសជប៉ុន ត្រូវបានក្រុមហ៊ុនខាងវេចខ្ចប់ម្ហូបអាហារបានបញ្ឈប់ទាំងបង្ខំ និងបានចាប់បញ្ជូនពួកគេឲ្យត្រឡប់ទៅកម្ពុជាវិញ ដោយមិនបង់ប្រាក់សំណង ទោះបីជាកិច្ចសន្យាការងាររបស់ពលករទាំងនោះជាមួយក្រុមហ៊ុននៅមានសុពលភាពនៅឡើយក្ដី។ ក្រៅពីនេះ ក្រុមហ៊ុនក៏បានប្រើអំពើហិង្សាយ៉ាងធ្ងន់ធ្ងរលើពលករទាំងនោះថែមទៀត។
ជុំវិញបញ្ហានេះ ក្រុមអ្នកឃ្លាំមើលសង្គមរិះគន់ថា រដ្ឋាភិបាលកម្ពុជា គឺជារដ្ឋាភិបាលអសមត្ថភាពមួយប៉ុណ្ណោះ មិនត្រឹមតែមិនអាចបង្កើតការងារគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋខ្លួនឯងនោះទេ ហើយក៏គ្មានសមត្ថភាពជួយការពារសិទ្ធិពលរដ្ឋរបស់ខ្លួនដែលធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសថែមទៀត ដែលពលករខ្មែរតែងរងការរំលោភសិទ្ធិការងារ និងការធ្វើទុក្ខបុកម្នេញតាមវិធីផ្សេងៗ រហូតពួកគេមិនអាចទ្រាំទ្របានឈានទៅដល់ធ្វើអត្តឃាតខ្លួនឯងក៏មាន។
ក្រុមសហជីព General Support Union-NPO/POSSE ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន អំពាវនាវឱ្យពលករខ្មែរទាក់ទងទៅពួកគេ ប្រសិនបើពលករណាម្នាក់ត្រូវការជំនួយផ្នែកច្បាប់នៅពេលដែលមានការរំលោភបំពានសិទ្ធិការងារពីខាងក្រុមហ៊ុន ហើយក៏ជាវិធីតែមួយគត់ផងដែរសម្រាប់ពលករខ្មែរនៅប្រទេសជប៉ុន ក្នុងការការពារពីការជិះជាន់របស់ថៅកែរោងចក្រ៕