29 C
Phnom Penh

ពលករ​ខ្មែរ​ម្នាក់​បម្រើ​ការ​នៅ​ជប៉ុន ធ្វើ​អត្តឃាត​ដោយសារ​រង​សម្ពាធ​ការងារ​ធ្ងន់ធ្ងរ​ពី​ខាង​រោងចក្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហជីព General Support Union-NPO/POSSE ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន អំពាវនាវ​ឱ្យ​ពលករ​ខ្មែរ​ដែល​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​ជប៉ុន ប្រុងប្រយ័ត្ន​ខ្ពស់​ពី​សម្ពាធ​ការងារ​បន្ទាប់ពី​ពលករ​ខ្មែរ​ម្នាក់​ធ្វើ​អត្តឃាត ក្រោយ​ទទួល​រង​នូវ​សម្ពាធ​ការងារ​ធ្ងន់ធ្ងរ​ដែល​មិន​អាច​ដោះស្រាយ​បាន។

សមាជិក​សហជីព General Support Union-NPO/POSSE ក្នុង​ទីក្រុង​តូក្យូ អ្នកស្រី តាកិ ម៉ូរ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១០ មករា នេះ​ថា មន្ត្រី​ស្ថានទូត​ខ្មែរ​បាន​ប្រាប់​អ្នកស្រី​ថា ពលករ​ខ្មែរ​ក្នុង​ប្រទេស​ជប៉ុន ដែល​បាន​ស្លាប់ ឬ​ធ្វើ​អត្តឃាត​មាន​ប្រហែល ១០០​ករណី​ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ ប៉ុន្តែ​អ្នកស្រី​អះអាង​ថា ករណី​ដែល​បាន​កើតឡើង​ទាំងនោះ​មិន​សូវ​ទទួល​បាន​ការ​ដោះស្រាយ​ពី​ខាង​ក្រុមហ៊ុន​ឱ្យ​បាន​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់​ការងារ​នោះ​ទេ ដូចជា​ការ​រៀបចំ​បុណ្យ​សព ឬ​ការ​ផ្តល់​សំណង​ជូន​ពលករ​ដែល​ស្លាប់​នោះ ជាដើម។

អ្នកស្រី តាកិ ម៉ូរ៉ា អះអាង​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ក្រុមហ៊ុន​ដែល​បាន​ធ្វើ​ឱ្យ​កម្មករ​របស់​ខ្លួន​ធ្វើ​អត្តឃាត​នោះ​ថា ខាង​ក្រុមហ៊ុន​មិន​ចង់​រៀបចំ​កម្មវិធី​បុណ្យ​សព​ឱ្យ​កម្មករ​ខ្មែរ​ដែល​បាន​សម្លាប់​ខ្លួន​រូប​នោះ​ទៅ​តាម​ប្រពៃណី​ខ្មែរ​ទេ ព្រោះ​ខាង​ក្រុមហ៊ុន​មិន​ចង់​ចំណាយ​លុយ​របស់​ពួកគេ ប៉ុន្តែ​ដោយ​មាន​ការ​ទាមទារ​ពី​ក្រុម​សហជីព ទើប​ខាង​ភាគី​ក្រុមហ៊ុន​យល់ព្រម​រៀបចំ​ពិធី​បុណ្យ​សព​ជូន​ពលករ​ខ្មែរ​រូប​នេះ​ទៅ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា។

សមាជិក​សហជីព​ក្នុង​ទីក្រុង​តូក្យូ រូប​នេះ​បញ្ជាក់​ថា ក្រុម​សហជីព General Support Union-NPO/POSSE ក្នុង​ទីក្រុង​តូក្យូ នឹង​រង់ចាំ​ជួយ​រក​យុត្តិធម៌​ជូន​កម្មករ​រូប​នេះ​ជានិច្ច នៅ​ពេល​ដែល​ខាង​ក្រុម​គ្រួសារ​សព​ទាក់ទង​មក​សហជីព ដើម្បី​ឱ្យ​ជួយ​ទាក់ទង​នឹង​ផ្លូវច្បាប់ ជាពិសេស​គឺ​បញ្ហា​ផ្តល់​សំណង​លើ​កម្មករ ជាដើម ព្រោះ​ថា​កន្លងមក ក្រុមហ៊ុន​មួយ​ចំនួន​តែង​ផ្តល់​សំណង​មិន​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់​ការងារ​ដែល​កម្មករ​គួរ​ទទួល​បាន។

ប្រភព​ដដែល​បន្ថែម​ថា ករណី​កម្មករ​ដែល​បាន​សម្លាប់​ខ្លួន​នេះ ក៏​ប្រហែល​ជា​អាច​នឹង​កើតមាន​នៅ​តាម​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​ដែរ ដូច្នេះ​ប្រសិនបើ​មាន​ករណី​ទូទាត់​សំណង​ជូន​កម្មករ​ដែល​ស្លាប់​នេះ​មិន​ត្រឹមត្រូវ​តាម​ច្បាប់​ការងារ​ប្រទេស​ជប៉ុន ហើយ​បើ​សាច់ញាតិ​ជនរងគ្រោះ​មក​សុំ​ជំនួយ​ផ្លូវច្បាប់​ពី​ក្រុម​សហជីព​នោះ អ្នកស្រី​នឹង​ជួយ​រក​យុត្តិធម៌​ឱ្យ​អស់​លទ្ធភាព។

អ្នកស្រី តាកិ ម៉ូរ៉ា អំពាវនាវ​ឱ្យ​ពលករ​ខ្មែរ​ដែល​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​ប្រទេស​ជប៉ុន​ទាំងអស់ ទាក់ទង​ទៅ​ក្រសួង​ការងារ​ជប៉ុន ឬ​ទាក់ទង​ទៅ​ក្រុម​សហជីព General Support Union-NPO/POSSE ក្នុង​ទីក្រុង​តូក្យូ ប្រសិនបើ​ពលករ​ខ្មែរ​ទាំងអស់​មាន​បញ្ហា​ផ្សេងៗ ដូចជា​ការ​គាបសង្កត់ ឬ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ណា​មួយ​ពី​ខាង​ថៅកែ​ក្រុមហ៊ុន​ដែល​ខ្លួន​កំពុង​បម្រើ​ការ ជាដើម។

កាលពី​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០២២ ពលករ​ខ្មែរ​ភេទ​ប្រុស​ម្នាក់​ដែល​គេ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ធ្វើ​អត្តឃាត​ដោយ​ចង​ក​សម្លាប់​ខ្លួនឯង​ក្នុង​ផ្ទះ​ជួល ស្ថិតនៅ​ខេត្ត​កាណាកាវ៉ា ប្រទេស​ជប៉ុន ក្រោយ​រង​នូវ​សម្ពាធ​ការងារ​ធ្ងន់ធ្ងរ​ពី​ខាង​ក្រុមហ៊ុន បន្ទាប់ពី​ពលករ​ខ្មែរ​រូប​នេះ​បាន​បម្រើ​ការងារ​អស់​រយៈពេល​ប្រមាណ​ជាង ២​ឆ្នាំ​កន្លងមក។

កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២០ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ថា ក្រុមហ៊ុន​ដែល​មាន​សិទ្ធិ​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន មាន​ចំនួន​ដល់​ទៅ ១១៤​ក្រុមហ៊ុន ហើយ​នៅ​ពេលនេះ ដូចជា​ក្រុមហ៊ុន យូមែន ផៅវ័រ ជាដើម ក្នុង​នោះ កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​បញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​នេះ​លំដាប់​លេខ​រៀង​ទី​៧ ក្នុង​ចំណោម​ប្រទេស​ទាំង​១៥ ផ្សេង​ទៀត​ដែល​បញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ដែរ​នោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស