អតីតមេបក្សប្រឆាំង លោក សម រង្ស៊ី ដែលកំពុងនិរទេសនៅក្រៅប្រទេសដើម្បីគេចវេសពីដីការបស់តុលាការ បានលើកឡើងថា បើសិនជាបុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន យល់ព្រមបើកផ្លូវដើម្បីឱ្យលោកបានវិលចូលប្រទេសកម្ពុជាវិញនោះ លោកសុខចិត្តចូលរួមសវនាការនៅតុលាការជំនួសលោក កឹម សុខា ក្នុងសប្ដាហ៍ក្រោយនេះ។
ការលើកឡើងរបស់អតីតប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី ធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ គ្រោងនឹងបើកសវនាការជំនុំជម្រះសំណុំរឿងអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ។
លោក សម រង្ស៊ី និយាយនៅក្នុងវីដេអូជិត ៤នាទី ដែលបានបង្ហោះលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរទម្លាក់ចោលបទចោទប្រកាន់លើលោក កឹម សុខា ដោយថាលោក កឹម សុខា មិនបានប្រព្រឹត្តកំហុសដូចតុលាការចោទប្រកាន់ឡើយ។ លោក សម រង្ស៊ី លើកឡើងថា៖ «បើសិនមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន យល់ព្រមបើកផ្លូវឱ្យលោកបានចូលកម្ពុជាវិញ ដោយឈប់ហាមក្រុមហ៊ុនអាកាសចរណ៍មិនឱ្យដឹកលោកទៀត ដោយថាលោកសុខចិត្តចូលរួមសវនាការនៅតុលាការជំនួសលោក កឹម សុខា»។
លោកថា ការចោទប្រកាន់លោក កឹម សុខា ជារឿងមិនត្រឹមត្រូវ ដោយសារនៅពេលលោកធ្វើជាប្រធានគណបក្សសង្គ្រោះជាតិនោះ បញ្ហាទាំងអស់លោកជាអ្នកទទួលខុសត្រូវ មិនមែនលោក កឹម សុខា ដែលជាអនុប្រធាននោះទេ។ លោក សម រង្ស៊ី ថា៖ «ការធ្វើនយោបាយជាង ២៥ឆ្នាំរបស់លោកកន្លងមកនេះ លោកបានជួបប្រទេសលោកសេរីជាច្រើន ដើម្បីពង្រឹងប្រព័ន្ធប្រជាធិបតេយ្យនៅក្នុងកម្ពុជា»។
ចំណែកឯមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ លោក ម៉ៅ មុន្នីវណ្ណ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៤ ខែមករា នេះថា ទង្វើរបស់បុគ្គលណា បុគ្គលនោះត្រូវតែទទួលខុសត្រូវ ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ មិនអាចប្តូរមនុស្សផ្សេងឱ្យមកទទួលខុសត្រូវជំនួសបាននោះទេ។ លោកថា៖ «ការប្រកាសរបស់លោក សម រង្ស៉ី ចូលខ្លួនឱ្យតុលាការកាត់ទោសជំនួសលោក កឹម សុខា គ្រាន់តែជាល្បិចធ្វើពុតចង់បង្ហាញភក្ដីភាពក្លែងក្លាយចំពោះលោក កឹម សុខា ដើម្បីបិទបាំងភាពកំសាករបស់គាត់ ដែលរត់ចោលជាតិ និងអ្នកគាំទ្រ និងដើម្បីបោកប្រជាពលរដ្ឋខ្មែរតែប៉ុណ្ណោះ»។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះបញ្ជាក់ថា ប្រសិនបើលោក សម រង្ស៉ី ពិតជាក្លាហានប្រាកដមែន គួរដើរចូលពន្ធនាគារដើម្បីអនុវត្តទោសជាង ៤០ឆ្នាំដែលតុលាការបានកាត់រួចមកហើយនោះ ព្រមទាំងសំណុំរឿងឧក្រិដ្ឋផ្សេងៗទៀតផងដែរ ដោយមិនចាំបាច់ធ្វើជាអ្នកក្លាហានក្លែងក្លាយចូលខ្លួនឱ្យតុលាការកាត់ទោសជំនួសលោក កឹម សុខា នោះទេ។
សហមេធាវីការពារក្តីប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី ម៉េង សុភារី បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃសុក្រ ទី១៤ មករា នេះដែរថា លោក កឹម សុខា ជាមេដឹកនាំដែលប្រកាន់យកនូវគោលការណ៍អហិង្សា មិនយកខ្មែរណាជាសត្រូវ មិនធ្វើខុសចំពោះប្រទេសជាតិ មិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ និងមិនបោះបង់ចោលឆន្ទៈរួមរស់ជាមួយប្រជាពលរដ្ឋនោះដែរ។
សាលាដំបូងរាជធានីភ្នំពេញ គ្រោងនឹងបន្តបើកសវនាការកាត់ទោសលោក កឹម សុខា នៅថ្ងៃទី១៩ ខែមករា សប្ដាហ៍ក្រោយនេះ បន្ទាប់ពីខកខានអស់រយៈពេលជិត ២ឆ្នាំក្រោមហេតុថា វិបត្តិនៃជំងឺកូវីដ-១៩។
ជាមួយគ្នានេះ ការដែលលោក សម រង្ស៊ី ប្រកាសហៅមេដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិ ចាកចេញពីកម្ពុជា នៅពេលដែលលោក កឹម សុខា ត្រូវបានចាប់ខ្លួននោះ ក៏អាចជាអ្វីដែលលោក ហ៊ុន សែន ចង់បានដែរ។
គួរបញ្ជាក់ផងដែរថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនទាំងយប់កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោក ស្ថិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ «ក្បត់ជាតិ» ឃុបឃិតជាមួយបរទេសផ្តួលរំលំរាជរដ្ឋាភិបាល។ លោក កឹម សុខា ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេលជាង ១ឆ្នាំ ទើបដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ។ លោកត្រូវបានតុលាការដកសិទ្ធិធ្វើនយោបាយទាំងស្រុងជាង ៤ឆ្នាំមកហើយ៕