អ្នកជំនាញខាងផ្នែកទំនាក់ទំនងអន្តរជាតិមួយរូបក្នុងសហរដ្ឋអាមេរិក អះអាងថា គ្មានអ្វីចម្លែកនោះទេដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន អញ្ជើញបុរសខ្លាំងកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនៅពេលខាងមុខនេះ ដោយសារតែកម្ពុជាជាប្រធានប្ដូរវេនអាស៊ានឆ្នាំ២០២២ ហើយកម្ពុជាក៏មិនចង់ឃើញកិច្ចប្រជុំកំពូលអាស៊ានពិសេសនឹងត្រូវពន្យារពេលផងដែរ។
អ្នកជំនាញកិច្ចការអន្តរជាតិ និងជាព្រឹទ្ធបុរសរងនៃសាកលវិទ្យាល័យរដ្ឋអារីហ្សូណា បណ្ឌិត អៀ សុផល បានប្រាប់សារព័ត៌មាន The Cambodia Daily ឲ្យដឹងថា គ្មានហេតុផលណាដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន មិនអញ្ជើញបុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនៅពេលខាងមុខនេះទេ។
លោកថា ក្នុងនាមកម្ពុជាជាប្រធានប្ដូរវេនអាស៊ានឆ្នាំ២០២២ ដូច្នេះអាមេរិកត្រូវតែអញ្ជើញកម្ពុជាឲ្យចូលរួម ហើយនេះក៏ជាចំណុចល្អមួយដែរ គឺកម្ពុជាពុំបានអញ្ជើញមេរដ្ឋប្រហារភូមាឲ្យចូលរួមប្រជុំ។ លោកបន្តថា ប្រសិនបើកម្ពុជាបន្តការទូតរបស់ខ្លួនបែប «ខូវប៊យ» នោះ នឹងមានបញ្ហាធ្ងន់ធ្ងរ ហើយកិច្ចប្រជុំកំពូលពិសេសនឹងត្រូវពន្យារពេល។
លោកបានបន្ថែមទៀតថា តាមការកត់សម្គាល់ឃើញថា លោក ហ៊ុន សែន ពាក់មួកដែលមានស្លាកសញ្ញារបស់ចិននៅលើក្បាល ដូច្នេះអាមេរិកគួរតែណែនាំកុំឲ្យកើតឡើងទៀត។ លោកថា សហរដ្ឋអាមេរិកគួរតែណែនាំកម្ពុជាឱ្យកាន់តែឯករាជ្យពីចិន។
សាស្ត្រាចារ្យរូបនេះបន្ថែមទៀតថា កម្ពុជាគួររៀនពីអាមេរិកអំពីសិទ្ធិការងារ គឺមនុស្សម្នាក់ៗមានសេរីភាពក្នុងការរៀបចំធ្វើកូដកម្ម ព្រោះចំណុចទាំងនោះវាជាសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋគ្រប់រូប។ លោកបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាគួរតែកាត់បន្ថយការប្រើកលល្បិចគាបសង្កត់បែបនេះ។ លោកអះអាងថា ការតវ៉ារបស់បុគ្គលិកណាហ្គាវើលដ៍ (NAGA World) កំពុងត្រូវបានបញ្ឈប់ដោយឈរលើវិធានការសុខភាព Covid-19 នេះគ្រាន់តែជាឱកាសនិយមប៉ុណ្ណោះ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៧ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ បុរសខ្លាំងកម្ពុជាថ្លែងថា លោកបានទទួលលិខិតពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកយូរថ្ងៃមកហើយ គឺតាំងពីថ្ងៃទី១៤ ខែមករា មកម៉្លេះ ប៉ុន្តែលោកមិនទម្លាយដោយរង់ចាំប្រតិកម្មរបស់ក្រុមប្រឆាំង ហើយលទ្ធផលរបស់ក្រុមប្រឆាំងក៏ចេញមកមែន ដោយនិយាយបំផ្លើសថាសហរដ្ឋអាមេរិកអាចនឹងលុបចោលកិច្ចប្រជុំនេះ។
លោក ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា បញ្ហានៅមីយ៉ាន់ម៉ា (ភូមា) មិនអាចរកច្រកចេញរួចត្រឹម ១ឆ្នាំដែលកម្ពុជាធ្វើជាប្រធានអាស៊ានប្ដូរវេននេះទេ។ លោកសំអាងថា មកដល់ពេលនេះសមាជិកអាស៊ានខ្លះនៅតែប្រកាន់ជំហរទាត់ចោលរបបសឹកមួយនេះចេញពីកិច្ចប្រជុំអាស៊ានដដែល។
កាលពីថ្ងៃទី២៨ ខែមករា កន្លងទៅនេះ មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលសហរដ្ឋអាមេរិកមួយរូបថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ប្រាប់សារព័ត៌មាន The Cambodia Daily ថា អាមេរិកអាចនឹងផ្អាកកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនៅក្នុងខែកុម្ភៈ នេះ ដោយសារសេតវិមានមិនផ្តល់តម្លៃដល់មេដឹកនាំឯកបក្ស លោក ហ៊ុន សែន ក្នុងឋានៈជាប្រធានអាស៊ាននៅពេលនេះទេ។
ប្រភពដែលបន្តថា ការផ្អាកកិច្ចប្រជុំកំពូលដ៏សំខាន់នេះ ក៏ដោយសារតែមេដឹកនាំខ្មែរ លោក ហ៊ុន សែន មិនដែលផ្តល់តម្លៃដល់សហរដ្ឋអាមេរិក និងតែងវាយប្រហារសហរដ្ឋអាមេរិករហូតមកដូច្នោះដែរ។
មន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកដដែលអះអាងថា លោក ហ៊ុន សែន បានរៀបចំមន្ត្រីជាន់ខ្ពស់របស់ខ្លួនឱ្យចូលរួមកិច្ចប្រជុំនេះប្រមាណ ៣០០នាក់ ប៉ុន្តែពួកគេនឹងខកចិត្តយ៉ាងធ្ងន់ធ្ងរនៅពេលដែលកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកខាងមុខនេះត្រូវបានប្រកាសលុបចោល ដោយសារតែមហាអំណាចលោកសេរីមិនស្វាគមន៍មេដឹកនាំខ្មែរដែលមានប្រវត្តិអាក្រក់បាតដៃប្រឡាក់ឈាម ក្រាញអំណាចតត្រកូលដូចបុរសខ្លាំង លោក ហ៊ុន សែន រូបនេះ។
ប្រភពដដែលបញ្ជាក់ទៀតថា ការសម្រេចរបស់សហរដ្ឋអាមេរិកបែបនេះ គឺបង្ហាញយ៉ាងច្បាស់ទៅកាន់ពិភពលោកថា សេតវិមានមិនស្វាគមន៍មេដឹកនាំកម្ពុជា លោក ហ៊ុន សែន ដែលមានប្រវត្តិមិនស្អាតស្អំ ហើយប្រឡូកប្រឡាក់ទៅដោយអំពើឧក្រិដ្ឋ និងជាមេដឹកនាំដែលជាន់ឈ្លីប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សយ៉ាងឃោរឃៅនៅកម្ពុជាសព្វថ្ងៃនេះជាដាច់ខាត។
អនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ (PMD) លោក គឹម សុខ បានសរសេរនៅលើ Facebook របស់ខ្លួនថា លោក ចូ បៃដិន (Joe Biden) ប្រើតែចុងប៉ាកកាអាចប្រហារបេះដូងលោក ហ៊ុន សែន។ លោកថា ពួកអ្នកឃោសនារបស់លោក ហ៊ុន សែន មិនដឹងសរសើរបែបណាខ្លះទេពេលឃើញលិខិតរបស់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក។
លោក គឹម សុខ លើកឡើងទៀតថា លោកគិតថានាយករដ្ឋមន្ត្រីដើរបញ្ច្រាសទិស លោក ហ៊ុន សែន អាចកំពុងគ្រុនក្តៅធំ តែយ៉ាងណាលោកមានមុខធំជាងសមភាគីរដ្ឋប្រហារ លោក មីន អ៊ុងឡាំង នៅភូមា ពីព្រោះលោក មីន អ៊ុងឡាំង គ្រុននៅចំពោះមុខអាស៊ាន រីឯលោក ហ៊ុន សែន អាចគ្រុនចំពោះមុខសហរដ្ឋអាមេរិកសម្រាប់របស់ដែលហៅថា «កិច្ចសហប្រតិបត្តិការតំបន់ឥណ្ឌូប៉ាស៊ីហ្វិក (Indo-Pacific Region»។
កាលពីថ្ងៃទី១៤ ខែមករា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានអញ្ជើញលោក ហ៊ុន សែន ដែលជាប្រធានអាស៊ានប្ដូរវេនឆ្នាំ២០២២ ឱ្យទៅចូលរួមប្រជុំកំពូលអាស៊ាន-អាមេរិក។ លោក ចូ បៃដិន លើកឡើងក្នុងលិខិតនោះថា ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា សហរដ្ឋអាមេរិកសង្ឃឹមថាទំនាក់ទំនងរវាងអាស៊ាន និងសហរដ្ឋអាមេរិក នឹងកាន់តែរីកចម្រើន និងបន្តឆ្ពោះទៅសម្រេចគោលដៅរួមទាំងអស់គ្នានៅក្នុងតំបន់។
លិខិតរបស់លោក ចូ បៃដិន ដដែលបញ្ជាក់ថា សហរដ្ឋអាមេរិកគាំទ្រការសម្រេចរបស់អាស៊ាន ហើយគាំទ្រឥតងាករេអំពីអាស៊ានជាស្នូល និងជាបេះដូងនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក៕