មន្ត្រីជាន់ខ្ពស់របស់អង្គការសង្គមស៊ីវិលទទួលបន្ទុកសិទ្ធិការងារ រិះគន់ថា បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ (NAGA World) ជាង ១ពាន់នាក់ កំពុងទទួលរងនូវការធ្វើទុក្ខបុកម្នេញយ៉ាងធ្ងន់ធ្ងរទាំងអយុត្តិធម៌ពីសំណាក់អ្នកមានអំណាច និងថៅកែក្រុមហ៊ុនណាហ្គាវើលដ៍សព្វថ្ងៃនេះ។
អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នេះថា ក្រុមអង្គការសង្គមស៊ីវិលទាំងអស់ដែលមានសកម្មភាពការងារគាំពារលើសិទ្ធិកម្មករ នឹងឈរនៅជាមួយក្រុមកូដករកំពុងទាមទារសិទ្ធិការងារ និងបុគ្គលិកទាំង ១១នាក់ដែលត្រូវបានចាប់ឃុំខ្លួននោះជានិច្ច។
មន្ត្រីសង្គមស៊ីវិលរូបនេះ អំពាវនាវឱ្យអាជ្ញាធរ និងថៅកែក្រុមហ៊ុនណាហ្គាវើលដ៍បញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីទប់ស្កាត់ យាយី ប្រឆាំងនឹងសកម្មភាពស្របច្បាប់របស់សហជីព ដែលជាហេតុធ្វើឱ្យប្រព័ន្ធយុត្តិធម៌នៅកម្ពុជាធ្លាក់ចុះ និងជះឥទ្ធិពលអាក្រក់ដល់សិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋបន្តទៀត។
គិតចាប់តាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះមានរយៈពេល ៥៩ថ្ងៃហើយដែលបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ បានធ្វើកូដកម្មទាមទារឱ្យថៅកែក្រុមហ៊ុនល្បែងស៊ីសងមួយនេះទទួលយកបុគ្គលទាំង ៣៦៥នាក់ដែលក្រុមហ៊ុនបានបញ្ឈប់ទាំងអយុត្តិធម៌ ឱ្យចូលធ្វើការងារវិញ។
ដោយឡែកថ្នាក់ដឹកនាំ និងសមាជិកសហជីពដូចជា កញ្ញា ឈឹម ស៊ីថរ ជាដើម ត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនទាំងបង្ខំ ក្រោមការចោទប្រកាន់ទាំងបំពានមានរយៈពេល ៤៥ថ្ងៃហើយ ខណៈកូដករក្រុមហ៊ុនណាហ្គាវើលដ៍ ៣នាក់បន្ថែមទៀត ដូចជាលោក សៅ សម្បត្តិ ជាដើម ត្រូវសមត្ថកិច្ចក្រុងភ្នំពេញចាប់ខ្លួនកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះផងដែរ។
ជុំវិញវិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍នេះ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ អ្នកស្រី សាំង សុផល បានចេញមុខបកស្រាយតាមបណ្ដាញសង្គម Facebook កាលពីថ្ងៃទី១៣ ខែកុម្ភៈ ថា អ្នកស្រីមានឈ្មោះត្រូវក្រុមហ៊ុនណាហ្គាវើលដ៍ បញ្ឈប់ពីការងារ ប៉ុន្តែអ្នកស្រីមិនព្រមទទួលយកសំណងពីក្រុមហ៊ុននៅឡើយទេរហូតមកទល់នឹងពេលនេះ។
អ្នកស្រី សាំង សុផល បញ្ជាក់ថា ការមិនទទួលយកប្រាក់សំណងនេះ ដោយសារអ្នកស្រីចង់សម្ដែងនូវការមិនពេញចិត្តលើក្រុមហ៊ុនណាហ្គាវើលដ៍ ដែលមានចេតនាចង់រំលាយសហជីពដើម្បីឱ្យពួកគេអាចរំលោភសិទ្ធិបុគ្គលិកបានកាន់តែស្រួលបន្ថែមទៀត។ អ្នកស្រីចោទជាសំណួរថា នៅពេលដែលមានសហជីព ក្រុមហ៊ុនហ៊ានរំលោភសិទ្ធិការងារយ៉ាងនេះ ចុះទម្រាំមិនមានសហជីព តើក្រុមហ៊ុននឹងគាបសង្កត់បុគ្គលិកខ្លាំងប៉ុនណាទៅ?
ក្រុមយុវជនខ្មែរថាវរៈ កាលពីថ្ងៃទី១៣ ខែកុម្ភៈ បានចាប់ផ្តើមធ្វើយុទ្ធនាការបង្ហោះប៉េងប៉ោងក្នុងគោលបំណងផ្ញើសារជូនដល់អាជ្ញាធរពាក់ព័ន្ធ ដើម្បីពន្លឿនការដោះស្រាយវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ និងទាមទារឱ្យមានការដោះលែងសមាជិក និងថ្នាក់ដឹកនាំសហជីពទាំង ១១នាក់ផងដែរ។
ក្រុមយុវជនខ្មែរថាវរៈទាំងនោះអះអាងថា ពួកគេនឹងធ្វើយុទ្ធនាការបង្ហោះប៉េងប៉ោងនេះជារៀងរាល់សប្តាហ៍ ដើម្បីឱ្យមានការដោះលែងថ្នាក់ដឹកនាំសហជីពទាំងអស់ដែលអាជ្ញាធរបានចាប់ខ្លួនទាំងអយុត្តិធម៌កាលពីពេលកន្លងទៅ៕