The Cambodia Daily Khmer

បុគ្គលិក​និង​អតីត​បុគ្គលិក​អាដហុក​នឹង​ចូល​សវនាការ​ក្នុង​សំណុំរឿង​សូកប៉ាន់​សាក្សី​នៅ​ចុង​ខែ​នេះ

មន្ត្រី​ការពារ​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (Adhoc) លោក នី សុខា អ្នកស្រី លឹម មុន្នី លោក នី ចរិយា (អតីត​មន្ត្រី​អាដហុក) លោក យី សុខសាន្ត និង​លោក ណៃ វ៉ង់ដា (អតីត​មន្ត្រី​អាដហុក)។

បុគ្គលិក និង​អតីត​បុគ្គលិក​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា អាដហុក ចំនួន ៥​នាក់ នឹង​ចូលរួម​សវនាការ​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​លើ​បណ្តឹង​សារទុក្ខ​របស់​ពួកគេ នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០២២ ក្នុង​សំណុំរឿង​សូកប៉ាន់​សាក្សី​ទៅតាម​ដីកា​កោះ​របស់​តុលាការ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក នៅ​ថ្ងៃ​អង្គារ ទី​១៥ មីនា នេះ បាន​ឱ្យ​ដឹង​ថា បុគ្គលិក​សមាគម​អាដហុក​ចំនួន ៣​រូប​រួម​មាន លោក នី សុខា លោក យី សុខសាន្ត និង​អ្នកស្រី លឹម មុន្នី និង​អតីត​បុគ្គលិក​អាដហុក ២​រូប​ទៀត គឺ​លោក ណៃ វ៉ង់ដា និង​លោក នី ចរិយា នឹង​ចូលរួម​សវនាការ​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០២២ តាម​ការ​កោះហៅ​របស់​មហា​អយ្យការ​អម​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ ដើម្បី​ជំនុំជម្រះ​ពី​បទ “អំពើ​សូកប៉ាន់​សាក្សី”។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ឲ្យ​ដឹង​ថា លោក​ក៏​មិន​យល់​ពី​ភាព​យឺតយ៉ាវ​ក្នុង​ការ​បើក​សវនាការ​នេះ​ដែរ។ លោក​ថា អ្នក​ទាំង ៥​នាក់​បាន​ដាក់​ប្តឹង​ឧទ្ធរណ៍​យូរ​ណាស់​មក​ហើយ ទើប​តែ​ឃើញ​ដីកា​កោះហៅ​បើក​សវនាការ។

អ្នក​នាំពាក្យ​រូប​នេះ​សង្ឃឹម​ថា សាលា​ឧទ្ធរណ៍​នឹង​សម្រេច​សេចក្តី​ផ្តល់​យុត្តិធម៌​ដល់​អ្នក​ទាំង ៥​នាក់​ដោយ​ទម្លាក់​ការ​ចោទប្រកាន់ ហើយ​ផ្តល់​នូវ​តម្លៃ និង​កិត្តិយស​ជូន​ដល់​ពួកគាត់​ឡើងវិញ ពីព្រោះ​ពួកគេ​ត្រូវ​បាន​សាលាដំបូង​កាត់ទោស​ដោយ​អយុត្តិធម៌​បំផុត។ លោក​បន្ថែម​ថា សាលា​ឧទ្ធរណ៍​នឹង​រក​យុត្តិធម៌​ផ្តល់​ជូន​ពួកគាត់​ទាំង ៥​នាក់ ពីព្រោះ​តាំងពី​ដើម​មក ពួកគាត់​ពុំ​បាន​ធ្វើ​អ្វី​ដូច​ការ​ចោទប្រកាន់​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ​ទេ។

អ្នក​នាំពាក្យ​រូប​នេះ​បន្ថែម​ទៀត​ថា ពួកគាត់​ទាំង ៥​នាក់​ពុំ​ទទួលយក​ការ​សម្រេច​ផ្ដន្ទាទោស​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​សម្រេច​ឲ្យ​ពួកគាត់​ជាប់​ពន្ធនាគារ​ម្នាក់ៗ​កំណត់ ៥​ឆ្នាំ ដោយ​ត្រូវ​អនុវត្ត​ក្នុង​ពន្ធនាគារ​រយៈពេល ១៤​ខែ ហើយ​នៅ​សល់​ប៉ុន្មាន​ត្រូវ​ព្យួរ​នោះ​ទេ។ លោក​ថា ពួកគាត់​គឺជា​មនុស្ស​ស្អាតស្អំ ធ្វើការ​ដើម្បី​បម្រើ​តែ​សង្គម​ប៉ុណ្ណោះ។

កាលពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៨ អ្នក​ទាំង ៥​រូប​បាន​ដាក់​ពាក្យ​បណ្ដឹង​ឧទ្ធរណ៍​ដោយ​មិន​សុខចិត្ត​ទៅ​នឹង​សាលក្រម​ព្រហ្មទណ្ឌ ចុះ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៨ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​សម្រេច​ផ្ដន្ទាទោស​ពួកគេ​ដាក់​ពន្ធនាគារ​ម្នាក់ៗ​កំណត់ ៥​ឆ្នាំ ដោយ​ត្រូវ​អនុវត្ត​ក្នុង​ពន្ធនាគារ​រយៈពេល ១៤​ខែ និង​សល់​ប៉ុន្មាន​ព្យួរ ពី​បទ “សូកប៉ាន់​សាក្សី” ក្នុង​សំណុំរឿង «នាង ខុម ចាន់តារាទី» ហៅ «ស្រីមុំ»។

អ្នក​ទាំង ៥​រូប ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ កាលពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៦ ពី​បទ “សូកប៉ាន់​សាក្សី” តាម​មាត្រា​៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស (ម១) នៅ​ថ្ងៃ​ទី​០១ ខែ​ឧសភា ឆ្នាំ​២០១៦ រហូត​ដល់​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៧៕

Exit mobile version