សកម្មជនអត្ថាធិប្បាយកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន ថាទម្រង់ដឹកនាំរបស់បក្សកាន់អំណាចដែលពោរពេញទៅដោយអំពើពុករលួយ និទ្ទណ្ឌភាព និងអយុត្តិធម៌សង្គម គឺជាហានិភ័យមួយដែលបង្កទៅជាបដិវត្តន៍ពីពលរដ្ឋខ្លួនឯងដែលកំពុងរងនូវភាពអយុត្តិធម៌។
សកម្មជននៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន បានលើកឡើងក្នុងកិច្ចពិភាក្សានៃកម្មវិធី Idea Talk កាលពីថ្ងៃទី១២ មេសា ថា រដ្ឋាភិបាលមួយដែលយកអំណាច ឬសម្ដីមេដឹកនាំទៅអនុវត្ត ជាជាងការអនុវត្តច្បាប់នៃប្រទេសរបស់ខ្លួន គឺជាសញ្ញាគ្រោះថ្នាក់ធ្ងន់ធ្ងរដែលអាចនឹងបង្កឲ្យមានបដិវត្តន៍ពីពលរដ្ឋខ្លួនឯង។ ជាក់ស្តែង កម្ពុជាកំពុងស្ថិតក្នុងប្រទេសដែលកំពុងអនុវត្តក្នុងទម្រង់បែបនេះរហូតមក។
លោក ស្រ៊ុន ស្រ៊ន អះអាងថា ជាក់ស្តែងរដ្ឋាភិបាលកម្ពុជាបានអនុវត្តផ្ទុយពីខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខ្លឹមសាររដ្ឋធម្មនុញ្ញរបស់ខ្លួនទាំងស្រុង ដែលគេអាចមើលឃើញពីទិដ្ឋភាពសង្គមជាក់ស្តែងយ៉ាងច្បាស់ពីការរំលោភយកដីធ្លីរបស់ពលរដ្ឋពីសំណាក់អ្នកមានអំណាច ការបំបិទសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ និងការមិនទទួលបានយុត្តិធម៌តាមប្រព័ន្ធតុលាការ ជាដើម ដែលទង្វើទាំងអស់នេះសុទ្ធសឹងតែជាដើមចមនៃការបង្កកំហឹង និងការឈឺចាប់ដល់ពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមេដឹកនាំបក្សកាន់អំណាចគំរាមតាមកម្ទេចអ្នកដែលមានបំណងធ្វើចលនាខុសច្បាប់ ដើម្បីបង្កនូវបដិវត្តន៍ពណ៌ស្របពេលដែលពលរដ្ឋខ្មែរកំពុងត្រៀមចូលឆ្នាំថ្មីឆ្នាំ២០២២ នេះ។
ចំណែកមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក មាជ សុវណ្ណារ៉ា បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily នេះដែរថា មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន មានប្រវត្តិរូបជាជនផ្ដាច់ការ ស្របពេលដែលខ្លួនដឹកនាំប្រទេសប្រើអំណាចគាបសង្កត់លើពលរដ្ឋ។ ហេតុដូច្នេះហើយបានជាលោកចេះតែព្រួយបារម្ភ និងការភ័យខ្លាចពលរដ្ឋខ្មែររើបម្រះ។ លោកបន្តថា ការរើបម្រះជារឿងដែលចៀសមិនផុតនោះទេ ព្រោះថាបើមានការគាបសង្កត់ ប្រាកដជាមានការរើបម្រះមិនខាន។
លោក មាជ សុវណ្ណារ៉ា បញ្ជាក់ថា ការភ័យខ្លាចរបស់លោក ហ៊ុន សែន ក៏ជាភស្តុតាងមួយបង្ហាញឲ្យឃើញដែរថា ពលរដ្ឋខ្មែរមិនពេញចិត្តនឹងការដឹកនាំតាមបែបជិះជាន់ដូចសព្វថ្ងៃនេះទេ។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហានេះ គ្មានអ្វីស្រួលជាងការអនុវត្តតាមច្បាប់របស់កម្ពុជាដែលមានចែងនោះទេ ទាំងក្នុងរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាដើម ដើម្បីកុំឲ្យមានការភ័យខ្លាចពីការបះបោររបស់ពលរដ្ឋបន្តទៀត។
អតីតមេកម្មាភិបាលខ្មែរក្រហមដែលសល់ពីរបបវាលពិឃាត លោក ហ៊ុន សែន បានគំរាមតាមរយៈសារលិខិតអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលរបស់លោកប្រឆាំងដាច់ខាតរាល់សកម្មភាពដែលពាក់ព័ន្ធនឹងបដិវត្តន៍ពណ៌ ឬការញុះញង់ណាមួយដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញ។ លោក ហ៊ុន សែន ប្ដេជ្ញាថា លោកនឹងការពារឯករាជ្យជាតិ សន្តិភាព អធិបតេយ្យជាតិ និងបូរណភាពទឹកដីឱ្យបានលុះដល់ជីវិតចុងក្រោយ ទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ។
ការប្រកាសតាមកម្ទេចអ្នកដែលលោក ហ៊ុន សែន ចោទថាបង្កើតចលនាបដិវត្តន៍ពណ៌នេះ មិនមែនជាលើកទីមួយទេ។ ជាក់ស្តែងកាលពីខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ លោក ហ៊ុន សែន ក៏ធ្លាប់គំរាមជាច្រើនលើកច្រើនសាអំពីការកម្ទេចក្រុមប្រឆាំងឲ្យអស់ ដើម្បីការពារសន្តិភាពសម្រាប់ពលរដ្ឋខ្មែររាប់លាននាក់ ដែលលោកចោទថាអ្នកទាំងនោះមានគម្រោងធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាលរបស់លោក។
យ៉ាងណាក៏ដោយ អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា លោក សុខ សុគន្ធ ធ្លាប់បានរិះគន់ថា ដើម្បីឲ្យកម្ពុជាមាននីតិរដ្ឋពេញលេញ លោក ហ៊ុន សែន មិនចាំបាច់ប្ដេជ្ញារហូតគំរាមអាយុជីវិតពលរដ្ឋខ្មែរនោះទេ។ លោក ហ៊ុន សែន គ្រាន់តែអនុវត្តទៅតាមច្បាប់របស់កម្ពុជាឲ្យបានត្រឹមត្រូវ នោះគឺអាចបង្ក្រាបនូវចលនាបដិវត្តន៍បានគ្រប់រូបភាពទាំងអស់ជាមិនខាន។ លោកបន្តថា លោក ហ៊ុន សែន ក៏ត្រូវបញ្ឈប់ការយកសម្ដីរបស់ខ្លួនទៅអនុវត្ត ដោយលុបបំបាត់ច្បាប់របស់ប្រទេសបន្តទៀតដែរ។
របាយការណ៍ស្ដីពីនីតិរដ្ឋឆ្នាំ២០២១ នៃគម្រោងយុត្តិធម៌ពិភពលោក (The World Justice Project) បានរកឃើញថា កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខទី១៣៨ ក្នុងចំណោមប្រទេស១៣៩ ដោយសារតែការដឹកនាំគ្មានតម្លាភាព មានការគំរាមកំហែងសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ និងការមិនធានាបាននូវប្រព័ន្ធយុត្តិធម៌របស់ខ្លួន ជាដើម៕