មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ជំរុញឲ្យលោក ហ៊ុន សែន ផ្ទាល់ត្រូវចេញមុខដោះស្រាយលើទំនាស់រវាងកម្មករនិយោជិត និងក្រុមហ៊ុនណាហ្គាវើលដ៏ (NAGA World) ខណៈសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុននេះ អំពាវនាវរកជំនួយសប្បុរសធម៌ដោយសារវិវាទការងារបានបន្តជាង ៤ខែមកហើយ។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ថា ដើម្បីឱ្យការប្រារព្ធទិវាពលកម្មអន្តរជាតិលើកទី១៣៥ ឆ្នាំ២០២២ នេះអាចធ្វើឡើងដោយក្តីសប្បាយរីករាយទៅបាន កម្ពុជាគួរតែលើកយកករណីវិវាទការងាររវាងក្រុមហ៊ុនណាហ្គាវើលដ៏ និងកម្មករនិយោជិតមកដោះស្រាយឱ្យបានឆាប់ ដើម្បីជួយរកយុត្តិធម៌ដល់បុគ្គលិកដែលកំពុងរងនូវភាពអយុត្តិធម៌អស់រយៈពេលជាច្រើនខែកន្លងមកនេះ។
អ្នកស្រីលើកជាសំណួរថា តើគួរដល់ពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវចេញមុខដោះស្រាយលើទំនាស់រវាងកម្មករនិយោជិត និងក្រុមហ៊ុនណាហ្គាវើលដ៏នេះហើយឬនៅ បើបញ្ហានៅតែបន្តជាប់គាំងគ្មានដំណោះស្រាយដូចសព្វថ្ងៃនេះ?
មន្ត្រីការពារសិទ្ធិមនុស្សរូបនេះថារហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងថា តើរដ្ឋាភិបាល តំណាងរាស្ត្រ និងគណបក្សក្រៅរដ្ឋាភិបាល បានធ្វើអ្វីខ្លះហើយនោះទេជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ ដើម្បីជំរុញឱ្យមានដំណោះស្រាយឈ្នះៗសម្រាប់ភាគីទាំងសងខាង និងយុត្តិធម៌សម្រាប់ភាគីពាក់ព័ន្ធ ក្រៅតែអំពីការចាប់ឃុំខ្លួន និងបំបិទសិទ្ធិបញ្ចេញមតិពីសំណាក់អាជ្ញាធរកម្ពុជាកន្លងមក។
យោងតាមសេចក្ដីប្រកាសរបស់សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា កម្មករនិយោជិតដែលជាសមាជិកសហជីពណាហ្គាវើលដ៍ភាគច្រើនជាស្ត្រី បានធ្វើការតស៊ូមតិដើម្បីការពារសិទ្ធិសេរីភាពសហជីព និងសិទ្ធិការងាររបស់ខ្លួនអស់រយៈពេលជាច្រើនខែមកហើយ ចាប់តាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ប៉ុន្តែនៅមិនទាន់ទទួលបានដំណោះស្រាយដ៏យុត្តិធម៌សម្រាប់ពួកគេនៅឡើយ។
សហជីពបន្ថែមថា ដើម្បីការពារសេរីភាពសហជីព សិទ្ធិការងារ និងយុត្តិធម៌សង្គម កម្មករនិយោជិតទាំងអស់ដែលភាគច្រើនជាស្ត្រី សុខចិត្តប្រឈមនឹងជីវភាពរស់នៅយ៉ាងលំបាកដោយសារគ្មានចំណូល រីឯការចំណាយលើម្ហូបអាហារ ឈ្នួលផ្ទះ ទឹកភ្លើង ការសិក្សារបស់កូន ថ្នាំព្យាបាលជំងឺ និងបំណុលផ្សេងៗនៅដដែល ប៉ុន្តែពួកគេនៅមានឆន្ទៈក្នុងការតស៊ូមតិបន្តរហូតដល់មានដំណោះស្រាយ។
ករណីនេះ សហជីពបានអំពាវនាវស្វែងរកជំនួយពីសាធារណជន សប្បុរសជនទាំងជាតិ និងអន្តរជាតិ ក៏ដូចជាស្ថាប័នសប្បុរសធម៌នានា ជួយចូលរួមឧបត្ថម្ភជាស្បៀង ថវិកា សម្ភារៈ ដល់សមាជិកសហជីពដែលកំពុងប្រឈមនឹងការខ្វះខាតជាក់ស្ដែងនាពេលបច្ចុប្បន្ននេះ ដើម្បីអាចឱ្យពួកគេទប់ទល់នឹងជីវភាពដ៏លំបាកនេះ។
នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ គឺជាថ្ងៃទិវាពលកម្មអន្តរជាតិ ហើយបើគិតមកដល់ឆ្នាំ២០២២ នេះ គឺជាខួបអនុស្សាវរីយ៍លើកទី១៣៥ឆ្នាំហើយនៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ហើយទិវានេះត្រូវបានប្រារព្ធឡើងជាលក្ខណៈសកលជាង ៨០ប្រទេសជុំវិញពិភពលោក ដើម្បីរំឭកដល់គុណតម្លៃនៃការងាររបស់មន្ត្រីរាជការ កម្មករនិយោជិត និងបុគ្គលិកក្រុមហ៊ុនទាំងអស់ក្នុងការខិតខំប្រឹងប្រែងធ្វើការងាររបស់ពួកគេកន្លងមក។
បើទោះបីជាកម្ពុជាបានទទួលស្គាល់ថ្ងៃទី១ ឧសភា ជាថ្ងៃបុណ្យសកលនៃទិវាពលកម្មអន្តជាតិរបស់ខ្លួនក៏ដោយ ប៉ុន្តែកម្ពុជានៅតែរងនូវការរិះគន់ពីសហគមន៍អន្តរជាតិជាបន្តបន្ទាប់ ថាបានរំលោភលើសិទ្ធិការងាររបស់កម្មករនិយោជិតដដែល ខណៈរដ្ឋាភិបាលកម្ពុជាត្រូវគេមើលឃើញថាមិនដែលបានជួយរកយុត្តិធម៌ឱ្យកម្មករនៅពេលដែលមានការគាបសង្កត់សិទ្ធិការងារពីក្រុមហ៊ុននោះឡើយ ប៉ុន្តែបែរជាប្រើកម្លាំងបង្ក្រាបលើកម្មករនិយោជិតទាំងនោះជំនួសក្រុមហ៊ុនទៅវិញ។
ជាក់ស្តែងកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ កម្មករនិយោជិតរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន ៣៦៥នាក់ ត្រូវបានបញ្ឈប់ពីការងារដោយបង្ខំ និងមិនបានផ្តល់សំណងទៅតាមច្បាប់ការងារ។
ជុំវិញបញ្ហានេះ ក្រុមអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិជាច្រើនរូប រួមមានលោក វីទិត មុនតាប៊ន (Vitit Muntarbhorn) អ្នកស្រី អាយរីន ខាន់ (Irene Khan) អ្នកស្រី ម៉ារី ឡល័រ (Mary Lawlor) និងលោក ក្លេម៉ង់ នីយ៉ាឡេតសូស៊ី វូល (Clément Nyaletsossi Voule) កាលពីពេលថ្មីៗនេះ បានថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះទង្វើអាជ្ញាធរកម្ពុជាដែលបានចាប់ខ្លួនមេដឹកនាំសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍ ដាក់ពន្ធនាគារទាំងកម្រោល។
គិតត្រឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ នេះ មានរយៈពេលជាង ១៣០ថ្ងៃហើយដែលកម្មករនិយោជិតនៃក្រុមហ៊ុនណាហ្គាវើលដ៍បានទាមទារឲ្យក្រុមហ៊ុនផ្តល់ដំណោះស្រាយជូនពួកគេ ប៉ុន្តែក្រុមហ៊ុនណាហ្គាវើលដ៍នៅតែមិនផ្តល់ដំណោះស្រាយសមស្របណាមួយនោះឡើយចំពោះបញ្ហានេះ ខណៈរដ្ឋាភិបាលកម្ពុជានៅតែបន្តគាបសង្កត់លើសិទ្ធិកម្មករនិយោជិតទាំងនោះតាមរយៈនៃការចោទប្តឹងពួកគេក្នុងប្រព័ន្ធតុលាការ ថាកំពុងធ្វើឱ្យមានភាពវឹកវរដល់សន្តិសុខសង្គមដដែល៕