សាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ សម្រេចប្រកាសសាលដីកាលើសំណុំរឿងសកម្មជនការពារព្រៃឈើដ៏សកម្មនៅខេត្តរតនគិរី លោក ឆន ផល្លា នៅសប្តាហ៍ក្រោយ បន្ទាប់ពីបើកសវនាការកាលពីថ្ងៃព្រហស្បតិ៍។
សវនាការនេះដឹកនាំដោយចៅក្រមសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ លោក ម៉ុង មុនីចរិយា និងតំណាងមហាអយ្យការ លោក កុល បុន ប៉ុន្តែមិនមានវត្តមានដើមបណ្ដឹងរដ្ឋប្បវេណី និងសាក្សីក្នុងអំឡុងពេលដំណើរការនៃសវនាការនេះទេ។
អំឡុងពេលសួរដេញដោលក្នុងសវនាការ ម្ចាស់ដីដែលកាន់កាប់ និងអាស្រ័យផលជាក់ស្តែងលើដីចម្ការវិលជុំរបស់សហគមន៍ជនជាតិដើមទំពួន បានអះអាងថា ដីដែលពួកគេកាន់កាប់អាស្រ័យផលតាំងពីដូនតាមកបានចុះបញ្ជីជាដីសហគមន៍រួចរាល់ហើយ មិនមែនជាទំហំដីជិត ៦០ហិកតារដូចការចោទប្រកាន់របស់ដើមបណ្ដឹងរដ្ឋប្បវេណីនោះឡើយ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីសាលាដំបូងខេត្តរតនគិរី បានចោទប្រកាន់លោក ឆន ផល្លា ពីបទហ៊ុមព័ទ្ធកាន់កាប់ដីព្រៃដោយខុសច្បាប់ និងសម្រេចផ្ដន្ទាទោសរយៈពេល ៥ឆ្នាំយ៉ាងអយុត្តិធម៌កាលពីពេលកន្លងទៅនេះ។
លោក ឆន ផល្លា ត្រូវបានសាលាដំបូងខេត្តរតនគិរី ចោទប្រកាន់ពីបទកាប់រានព្រៃហ៊ុមព័ទ្ធកាន់កាប់ដែលប្រព្រឹត្តនៅភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី អំឡុងឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ តាមមាត្រា៩៧ នៃច្បាប់ស្ដីពីព្រៃឈើ ហើយក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសេដា អំឡុងពេលដែលលោកទៅមើលឈ្មោះបោះឆ្នោត ដោយសម្រេចផ្ដន្ទាទោសរយៈពេល ៥ឆ្នាំទាំងអយុត្តិធម៌។
ដោយសារតែមិនសុខចិត្តនឹងសេចក្តីសម្រេចនេះ សកម្មជនការពារព្រៃឈើ លោក ឆន ផល្លា បានដាក់ពាក្យបណ្តឹងទៅកាន់សាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ តាមរយៈមេធាវីកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ដោយរំពឹងថាសាលាឧទ្ធរណ៍នឹងផ្តល់យុត្តិធម៌ពិតប្រាកដជូនរូបលោក ខណៈដែលរូបលោកកំពុងតែជាប់ឃុំក្នុងពន្ធនាគារខេត្តរតនគិរី អស់រយៈពេលជាង ៧ខែមកហើយនោះ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១០ មិថុនា ថា លោក ឆន ផល្លា និងអ្នកការពារព្រៃឈើខ្មែរជាច្រើនទៀតបានធ្វើសកម្មភាពការពារព្រៃឈើយ៉ាងសកម្មជាយូរណាស់មកហើយ។ ជាងនេះទៀត លោកមិនត្រឹមតែការពារព្រៃឈើក្នុងសហគមន៍របស់លោកប៉ុណ្ណោះទេ ថែមទាំងចេញមុខជួយការពារព្រៃឈើក្នុងសហគមន៍ផ្សេងទៀតផងដែរ រហូតលោកហ៊ានដាក់ពាក្យប្តឹងអាជ្ញាធរមូលដ្ឋានដែលបណ្តែតបណ្តោយឱ្យឈ្មួញកាប់បំផ្លាញព្រៃឈើថែមទៀត។
លោក ស៊ឹង សែនករុណា លើកឡើងថា អាជ្ញាធរមូលដ្ឋានក្នុងខេត្តរតនគិរី មិនត្រឹមតែមិនលើកទឹកចិត្តចំពោះសកម្មភាពការពារព្រៃឈើរបស់លោក ឆន ផល្លា នេះទេ ប៉ុន្តែបែរជាប្តឹងរូបលោកថាជាអ្នកបំផ្លិចបំផ្លាញធនធានធម្មជាតិហ៊ុមព័ទ្ធយកដីព្រៃសហគមន៍ទៅវិញ ទាំងដែលលោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់ទាល់តែសោះ។
មន្ត្រីសង្គមស៊ីវិលរូបនេះអំពាវនាវឱ្យសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ និងថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់ក្នុងខេត្តរតនគិរី ផ្តល់យុត្តិធម៌ជូនលោក ឆន ផល្លា តបតាមសំណូមពររបស់លោក។ ជាងនេះទៀត អាជ្ញាធរខេត្តរតនគិរី ក៏គួរតែពិនិត្យលើភាពមិនប្រក្រតីជុំវិញការកាប់បំផ្លាញព្រៃឈើក្នុងខេត្តនេះផងដែរ ព្រោះថាមានសំណុំរឿងខ្លះដែលលោក ឆន ផល្លា បានប្តឹងអាជ្ញាធរទាក់ទិននឹងការគប់គិតក្នុងការកាប់បំផ្លាញព្រៃឈើ តុលាការមិនទាន់បានបើកសវនាការលើសំណុំរឿងនោះទេ។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានផ្តាច់ជំនួយជាង ១០០លានដុល្លារពីរដ្ឋាភិបាលកម្ពុជាដែលទ្រទ្រង់ដោយទីភ្នាក់ងារជំនួយអាមេរិក USAID ដើម្បីឆ្លើយតបនឹងវិធានការរបស់រដ្ឋាភិបាលដែលបិទខ្ទប់សំឡេង និងសកម្មភាពសកម្មជនការពារព្រៃឈើ ខណៈសកម្មជនព្រៃឈើទាំងនោះត្រូវរងនូវការចាប់ឃុំខ្លួនពីរដ្ឋាភិបាលជាបន្តបន្ទាប់ថែមទៀត៕