តំណាងអង្គការសង្គមស៊ីវិលជាង ៣០ស្ថាប័ន នាំគ្នាស្នើសុំកិច្ចអន្តរាគមន៍ពីលោក ហ៊ុន សែន ដើម្បីជំរុញឲ្យមានការអនុម័តសេចក្តីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មានឱ្យបានឆាប់។
នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJa) លោក ណុប វី បានប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីការដាក់លិខិត នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នេះថា សេចក្តីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន ត្រូវបានបញ្ចប់ការពិនិត្យពីក្រុមបច្ចេកទេសរបស់អង្គការក្រៅរដ្ឋាភិបាល និងក្រសួងព័ត៌មាន តាំងពីឆ្នាំ២០១៨ មកម្ល៉េះ ប៉ុន្តែសេចក្តីព្រាងនៃច្បាប់នេះនៅមិនទាន់អនុម័តដាក់ឱ្យប្រើប្រាស់នៅឡើយ ក្រោយបញ្ចប់ការពិនិត្យអស់រយៈពេល ៤ឆ្នាំទៅហើយនោះ។
តំណាងអង្គការសង្គមស៊ីវិលទាំងនោះលើកឡើងថា គោលបំណងសំខាន់នៃការដាក់លិខិតនេះ គឺដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ឱ្យបញ្ចប់ដំណើរការនៃការតាក់តែងសេចក្តីព្រាងច្បាប់ស្ដីពី “សិទ្ធិទទួលព័ត៌មាន” នេះ ដែលមានការដាក់បញ្ចូលនូវធាតុចូលពីអង្គការសង្គមស៊ីវិល ដើម្បីដាក់ជូនទៅរដ្ឋសភាពិភាក្សា និងអនុម័តឱ្យបានឆាប់រហ័ស។
ប្រភពដដែលបញ្ជាក់ថា អង្គការសង្គមស៊ីវិលកំពុងចូលរួមយ៉ាងសកម្មក្នុងការធានាឱ្យសម្រេចបាននូវកម្មវិធីកំណែទម្រង់របស់រដ្ឋាភិបាលកម្ពុជា ជាពិសេសទៅលើការលើកកម្ពស់ “សិទ្ធិទទួលព័ត៌មាន” ដើម្បីចូលរួមក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជាក្នុងពេលបច្ចុប្បន្ននេះ និងទៅថ្ងៃអនាគត។
កាលពីដើមខែឧសភា ឆ្នាំ២០២២ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) បានដាក់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជាសម្រាប់ឆ្នាំ២០២២ ស្ថិតក្នុងលំដាប់លេខរៀងទី១៤២ ក្នុងចំណោមប្រទេស១៨០ ខណៈឆ្នាំ២០២១ កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១៤៤ ប៉ុន្តែបើទោះបីជាកម្ពុជាទទួលបានចំណាត់ថ្នាក់ល្អជាងមុនក៏ដោយ ក៏ជាលេខរៀងដែលស្ថិតក្នុងចំណាត់ថ្នាក់មិនល្អដដែល។
យ៉ាងណាក៏ដោយ មេដឹកនាំខ្មែរឧស្សាហ៍ប្រើកណ្ដាប់ដៃដែក លោក ហ៊ុន សែន បានអះអាងក្នុងឱកាសកម្ពុជាប្រារព្ធទិវាសេរីភាពសារព័ត៌មានសកលលោកលើកទី២៩ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ កន្លងទៅថា លោកប្ដេជ្ញាចិត្តក្នុងការគាំពារសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពខាងសារព័ត៌មាននៅក្នុងក្របខ័ណ្ឌប្រជាធិបតេយ្យ សេរីពហុបក្សឱ្យបានដាច់ខាត។
ប៉ុន្តែមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និងសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) បានបង្ហាញរបាយការណ៍ពីការធ្វើទុក្ខបុកម្នេញទៅលើអ្នកសារព័ត៌មាននៅកម្ពុជាកាលពីពេលកន្លងទៅថា ការធ្វើទុក្ខលើអ្នកសារព័ត៌មាននៅកម្ពុជានាពេលកន្លងមកមានចំនួនប្រមាណជា ៥០ករណីហើយ ក្នុងនោះអ្នកសារព័ត៌មានដែលបានរងគ្រោះមានចំនួនជិត ១០០នាក់ ហើយជាង ៣០នាក់ផ្សេងទៀតត្រូវបានចាប់ឃាត់ខ្លួន និងជាង ២០នាក់ទៀតត្រូវប្រឈមបណ្ដឹងផ្លូវច្បាប់ ដោយឡែកអ្នកដទៃទៀតត្រូវទទួលរងនូវការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរកម្ពុជាជាបន្តបន្ទាប់៕