ប្រធានាធិបតីថ្មីនៃសាធារណរដ្ឋហ្វីលីពីន គឺលោក Ferdinand Marcos Jr ហៅ Bongbong បានរំឭកទៅកាន់ទីក្រុងប៉េកាំង ថា ក្នុងរដ្ឋការរបស់លោក ៦ឆ្នាំទៅមុខនេះ គឺលោកចង់ឃើញហ្វីលីពីន និងចិន មានទំនាក់ទំនងល្អ ជាជាងបង្កភាពតានតឹង និងជម្លោះដាក់គ្នា។
លោក Bongbong ដែលទើបបានចូលកាន់តំណែងកាលពីថ្ងៃទី៣០ ខែមិថុនា គឺលោកបានថ្លែងដូចនេះនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងម៉ានីល នៅថ្ងៃទី៥ កក្កដា។ ការថ្លែងរបស់ប្រធានាធិបតីហ្វីលីពីនថ្មីរូបនេះ ធ្វើឡើងនៅមុនទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ដែលធ្វើដំណើរមកកាន់ទីក្រុងម៉ានីល នៅប៉ុន្មានថ្ងៃទៀតនេះ។
លោក Bongbong បានប្រាប់អ្នកសារព័ត៌មានថា ក្នុងរជ្ជកាលរបស់លោក គឺលោកនឹងព្យាយាមស្វែងរកការកាត់បន្ថយជម្លោះ គឺមានន័យថា ស្វែងរកដំណោះស្រាយចំពោះជម្លោះជាមួយនឹងចិននៃជម្លោះដែនទឹក និងដែនកោះនៅសមុទ្រចិនខាងត្បូងដែលមានច្រើនទសវត្សមកនេះ។ លោកថា លោកចង់ពង្រីកទំនាក់ទំនងជាមួយចិនលើគ្រប់វិស័យទាំងអស់ បើប្រទេសទាំងពីរកាត់បន្ថយជម្លោះបាន ប៉ុន្តែបើប្រទេសទាំងពីរពុំអាចកាត់បន្ថយជម្លោះបាននោះ គឺនឹងមិនធ្វើឱ្យចំណងទាក់ទងទ្វេភាគីល្អប្រសើរនោះទេ។
លោកបានថ្លែងថា ហ្វីលីពីនមិនត្រឹមចង់ឱ្យមានទំនាក់ទំនងតែពាណិជ្ជកម្មនោះទេ គឺហ្វីលីពីនក៏ចង់មានទំនាក់ទំនងលើវិស័យសន្តិសុខជាមួយនឹងចិនទៀតផង។
អ្នកសង្កេតការណ៍មើលឃើញថា លោក Bongbong កំពុងធ្វើឱ្យមានតុល្យភាពនៅរាល់ទំនាក់ទំនងទាំងអស់ជាមួយចិន។ ប៉ុន្តែមេដឹកនាំថ្មីហ្វីលីពីនរូបនេះសន្យាថា លោកនៅតែបន្តរក្សាចំណងទាក់ទងយោធា និងសន្តិសុខជាមួយសហរដ្ឋអាមេរិក គឺឱ្យកាន់តែស៊ីជម្រៅថែមទៀត។
តែយ៉ាងណាក៏ដោយ លោកបានថ្លែងថា លោកមិនចង់ទាញទៅរកប្រទេសណាមួយធ្ងន់ជាងប្រទេសណាមួយនោះទេ រវាងអាមេរិក និងចិន ខណៈលោកព្រមានចិនកុំបង្កបញ្ហាច្រើនជាងការធ្វើឱ្យមានទំនាក់ទំនងល្អនឹងគ្នា។
លោកបានថ្លែងទៀតថា លោកប្រកាន់ខ្ជាប់នូវការសន្យារបស់លោក គឺដូចដែលលោកបានថ្លែងនៅក្នុងយុទ្ធនាការរកសំឡេងឆ្នោត គឺថាលោកត្រូវប្រឆាំងរាល់ការគំរាមកំហែងពីសំណាក់ប្រទេសណាក៏ដោយដែលបំពារបំពានលើដែនអធិបតេយ្យរបស់ហ្វីលីពីន។
ក្នុងអំឡុងនៃយុទ្ធនាការឃោសនាបោះឆ្នោតកន្លងមកនេះ លោក Bongbong បានបញ្ជាក់ថា លោកនឹងសើរើឡើងវិញសាលក្រមមជ្ឈត្តការអន្តរជាតិដែលបានផ្ដល់សិទ្ធិឱ្យហ្វីលីពីនចូលទៅកាន់កាប់ដែនកោះមួយចំនួនដែលចិនរំលោភយក គឺនៅប្រជុំកោះស្កាបូរ៉ូ នៃសមុទ្រចិនខាងត្បូង។
លោកបញ្ជាក់ថា សាលក្រមរបស់តុលាការអន្តរជាតិនៅឆ្នាំ២០១៦ នោះ គឺសម្រាប់រដ្ឋការរបស់លោកមិនអាចបំភ្លេចបាននោះទេ គឺមិនអាចទុកចោលនោះទេ ដែលលោកថាត្រូវតែសើរើឡើងវិញ ប៉ុន្តែលោកទទូចឱ្យចិនគោរពសេចក្ដីសម្រេចរបស់តុលាការអន្តរជាតិនេះ ហើយបើពុំនោះទេ លោកនឹងយកសំណុំរឿងដដែលនេះទៅថ្លែងនៅឯមហាសន្និបាតអង្គការសហប្រជាជាតិដែលនឹងប្រព្រឹត្តទៅនៅខែកញ្ញា ឆ្នាំ២០២២ នេះ។
លោក Bongbong បានថ្លែងទៀតថា កិច្ចព្រមព្រៀងទ្វេភាគីជាមួយចិន ឬក៏ពហុភាគីជាមួយប្រទេសណាក៏ដោយ គឺសុទ្ធតែមានតម្លៃទាំងអស់ ដើម្បីធ្វើឱ្យតំបន់មានសន្តិភាពមានសន្តិសុខ ព្រោះកត្តាភូមិសាស្ត្រនយោបាយ គឺមិនអាចចោលភាគីណាមួយបាននោះទេ។
លោក Bongbong ទំនងចង់និយាយថា ភូមិសាស្ត្រនយោបាយដែលនៅពេលនេះកំពុងប្រទាញប្រទង់គ្នារវាងចិន និងសហរដ្ឋអាមេរិក។ នៅក្នុងថ្ងៃស្បថចូលកាន់តំណែង លោក Bongbong បានបញ្ជាក់នៅចំពោះមុខអ្នកដឹកនាំពិធីសម្បថថា លោកសូមសច្ចាការពារដែនដីអធិបតេយ្យរបស់ហ្វីលីពីន គឺមិនទុកឱ្យប្រទេសណាមួយរំលោភបំពានបានឡើយ។
ប៉ុន្តែសារដ៏ធ្ងន់របស់ប្រធានាធិបតីថ្មីហ្វីលីពីនរូបនេះ គឺលោកបានថ្លែងបែបចំអកថា លោកត្រូវការប្រទេសទាំងអស់ជាមិត្តរបស់ហ្វីលីពីន រួមទាំងចិនផងដែរ ប៉ុន្តែលោកបញ្ជាក់ថា លោកមិនចង់ឃើញប្រទេសណាមួយរាប់អានលោកជាមិត្ត តែចាត់ទុកលោកជាអាយ៉ងនោះទេ។
លោក Bongbong គឺជាប្រធានាធិបតីហ្វីលីពីនទី១៧។ លោកជាប់ឆ្នោតជាប្រធានាធិបតីរបស់សាធារណរដ្ឋហ្វីលីពីន នៅក្នុងការបោះឆ្នោតថ្ងៃទី៩ ឧសភា។ ប្រធានាធិបតីកូនអតីតជនផ្ដាច់ការ Ferdinand Marcos បានឡើងកាន់តំណែងដ៏កំពូលរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ គឺជាការឡើងមកជំនួសប្រធានាធិបតី រ៉ូឌ្រីហ្កូ ឌូទើតេ ដែលបានផុតអាណត្តិ។
អ្នកសង្កេតការណ៍មើលឃើញថា លោក Bongbong ដែលបានធ្វើសេចក្ដីថ្លែងការណ៍វាយប្រហារទៅលើប្រទេសចិន គឺលោកចង់ប្រាប់ចិនថា លោកមិនមែនជាប្រធានាធិបតីដែលប្រកាន់ជំហរចំពោះចិន ដូចលោក ឌូទើតេ នោះទេ។
អតីតប្រធានាធិបតី រ៉ូឌ្រីហ្កូ ឌូទើតេ បានទុកចោលសាលក្រមរបស់តុលាការមជ្ឈត្តការអន្តរជាតិដែលឱ្យហ្វីលីពីនមានសិទ្ធិចូលទៅកាន់កាប់ដែនទឹក និងដែនកោះរបស់ខ្លួននៅសមុទ្រចិនខាងត្បូងឡើងវិញនោះ គឺលោក ឌូទើតេ បានព្យួរចោលសេចក្ដីសម្រេចរបស់តុលាការអន្តរជាតិនេះអស់រយៈពេលដល់ទៅ ៤ឆ្នាំ គឺលោកទើបតែឱ្យតម្លៃសាលក្រមនេះឡើងវិញនៅឆ្នាំ២០២១ គឺមុនលោកជិតផុតអាណត្តិ។ លោក ឌូទើតេ បានសម្ដែងការខកចិត្តជាខ្លាំងខណៈលោកទទួលស្គាល់ថាចិនជាប្រទេសដែលរំលោភបំពានដែនអធិបតេយ្យប្រទេសជិតខាងដោយមិនចេះអៀនខ្មាស។
បុរសខ្លាំងនេះនៅពេលដែលកាន់តំណែងបាន ៦ខែ លោកបានធ្វើដំណើរទៅទីក្រុងប៉េកាំង តាមការអញ្ជើញរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង ហើយនៅពេលត្រឡប់មកវិញ លោកទទួលបានប្រាក់កម្ចីពីចិនច្រើនពាន់លានដុល្លារ។ ពេលនោះហើយដែលលោក ឌូទើតេ ប្រមាថមើលងាយសហរដ្ឋអាមេរិកជាខ្លាំង ដោយចាត់ទុកចិនជាមិត្តជិតខាងដ៏ល្អរបស់ហ្វីលីពីន។ តែសម្រាប់ចិន ទោះបីជាលោក ឌូទើតេ សរសើរដូចនេះក៏ដោយ ក៏នៅតែចូលរំលោភបំពានដែនទឹកហ្វីលីពីនដដែល។ លោក ឌូទើតេ ត្រូវបានសមាជិកព្រឹទ្ធសភានៃក្រុមគណបក្សប្រឆាំងបានហៅថាជាមេដឹកនាំក្បត់ជាតិ។
ពេលនោះហើយលោក ឌូទើតេ ដឹងខ្លួន ហើយក៏វាយប្រហារចិននៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ដោយប្រាប់គណប្រតិភូចូលរួមប្រជុំថា លោកគិតខុសថាចិនជាប្រទេសដែលគួរឱ្យរាប់អាន តែការពិត ចិនជាប្រទេសធំដែលមិនគោរពច្បាប់អន្តរជាតិនោះទេ។ ចុងក្រោយ អតីតបុរសខ្លាំងរូបនេះបានសម្រេចមកឱបក្រសោបជាមួយអាមេរិកឡើងវិញ ហើយបាននាំឱ្យមេដឹកនាំថ្មីលោក Bongbong បន្តប្រកាន់ជំហរប្រឆាំងនឹងចិន គឺដូចអតីតប្រធានាធិបតី ឌូទើតេ ផងដែរ៕