អ្នកឃ្លាំមើលបង្ហាញក្ដីបារម្ភក្រោយពេលរដ្ឋាភិបាលកម្ពុជា ប្រកាសផ្ដល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនអន្តោប្រវេសន៍ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ស្របពេលដែលក្រសួងមហាផ្ទៃ អះអាងថាជនអន្តោប្រវេសន៍ជនជាតិវៀតណាម ជាង ៩០% កំពុងកាន់កាប់ឯកសារមិនប្រក្រតី។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត បារម្ភចំពោះការអនុវត្តច្បាប់អន្តោប្រវេសន៍មិនមានតម្លាភាព ដែលនាំឲ្យជនជាតិវៀតណាមដែលកំពុងរស់នៅដោយខុសច្បាប់ អាចរស់នៅស្របច្បាប់ ខណៈកន្លងទៅ រដ្ឋាភិបាលវៀតណាមតែងស្នើទៅបុរសខ្លាំងលោក ហ៊ុន សែន ឲ្យជួយជនជាតិវៀតណាមដែលរស់នៅខុសច្បាប់ បានទទួលសញ្ជាតិខ្មែរ និងទទួលបានកន្លែងស្នាក់នៅស្របច្បាប់នៅកម្ពុជាផងដែរ។
អតីតសមាជិកសភាមកពីគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោក ដោយចាត់ទុកសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលរំឭកទៅស្ថាប័នពាក់ព័ន្ធឲ្យទទួលស្គាល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនអន្តោប្រវេសន៍នៅកម្ពុជា ថាជាការដោះដូរដ៏ធំមួយក្រោយពេលដែលលោក ហ៊ុន ម៉ាណែត ជួបប្រធានាធិបតីវៀតណាម កាលពីពេលថ្មីៗនេះ។
លោកអះអាងថា ការដោះដូរគ្នានេះដោយពេលមេដឹកនាំវៀតណាមយល់ព្រម និងទទួលស្គាល់លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត ហើយជាការតបស្នង លោក ហ៊ុន ម៉ាណែត បានប្រាប់ឲ្យឪពុករបស់គាត់ទទួលស្គាល់ភាពស្របច្បាប់នៃជនជាតិវៀតណាមដែលកំពុងរស់នៅខុសច្បាប់នៅកម្ពុជា។
លោក អ៊ុំ សំអាន បន្តថា ករណីនេះជាដំណើរឆ្ពោះមកទិសខាងលិចរបស់លោក ហូ ជីមិញ នឹងបានសម្រេចនៅពេលលោក ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រី ហើយដែលពេលនោះឫស្សីច្រើនគុម្ពនឹងក្លាយជាព្រៃឫស្សី មានន័យថាយួនពេញស្រុក។
លោកបញ្ជាក់ថា ចំពោះប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍បានផ្តល់សិទ្ធិឲ្យវៀតណាម មានសិទ្ធិទិញដី ទិញផ្ទះ ខ្ចីលុយធនាគារ អាចធ្វើការតាមរោងចក្រ សហគ្រាស និងអាចចុះអត្រានុកូលដ្ឋានឲ្យកូនៗរបស់ពួកគេដូចពលរដ្ឋខ្មែរជាដើមដែរ ខណៈការបើកមហាវិទ្យាល័យភាសាវៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏ជួនពេលលោក ហ៊ុន ម៉ាណែត ទើបត្រឡប់មកពីជួបមេដឹកនាំវៀតណាមដែរនោះ។
ក្រសួងមហាផ្ទៃបានចេញសេចក្តីជូនដំណឹងមួយចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ដោយក្រើនរំឭកដល់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជនដែលពាក់ព័ន្ធ ឲ្យអនុវត្ត និងទទួលស្គាល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍សម្រាប់ជនបរទេសអន្តោប្រវេសន៍នៅកម្ពុជា ស្របតាមច្បាប់ជាធរមាន។
កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃបានបញ្ចេញរបាយការណ៍អំពីចំនួនជនអន្តោប្រវេសន៍វៀតណាមនៅកម្ពុជា មានចំនួនជិត ៩ម៉ឺននាក់ (៨៩៤៧១នាក់)។ ក្រសួងបញ្ជាក់ថា ក្នុងចំណោមជនអន្តោប្រវេសន៍ទាំងនោះ អ្នកកាន់កាប់ឯកសារមិនប្រក្រតីរហូតទៅដល់ជាង ៣ម៉ឺនច្បាប់ (៣៧៤៣៦ច្បាប់)។
ក្រុមអ្នកឃ្លាំមើលនិយាយថា ទោះបីជាពួកគេកំពុងកាន់កាប់ឯកសារមិនប្រក្រតីក៏ពិតមែន ប៉ុន្តែអាជ្ញាធរមិនបានបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ទាំងអស់នោះចេញពីកម្ពុជានៅឡើយទេ។
សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន បានប្រាប់ The Cambodia Daily នៅមុនការផ្សាយនេះបន្តិចថា លោកបារម្ភយ៉ាងខ្លាំងជុំវិញការផ្ដល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនអន្តោប្រវេសន៍ ហើយថាប្រសិនបើមានអំពើពុករលួយ នោះកម្ពុជានឹងប្រឈមគ្រោះថ្នាក់ដោយសារជនអន្តោប្រវេសន៍ដែលអាចមានចំនួនកើនឡើង។
លោក រ៉ុង ឈុន អះអាងថា អាជ្ញាធរត្រូវធ្វើការវាយតម្លៃឲ្យបានច្បាស់លាស់ និងធានាអំពីតម្លាភាព គ្មានបក្ខពួក និងគ្មានអំពើពុករលួយ មុនផ្ដល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនអន្តោប្រវេសន៍ណាម្នាក់នោះ។
ចំណែកប្រធានរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត សុខ ទូច ធ្លាប់លើកឡើងកាលពីខែសីហា ឆ្នាំ២០១៩ ថា ការសម្របសម្រួល និងផ្ដល់សញ្ជាតិដល់ជនអន្តោប្រវេសន៍ដែលមានព្រំប្រទល់ជាប់គ្នានេះ នឹងធ្វើឲ្យប្រទេសជួបហានិភ័យខ្លាំង។ លោកបន្តថា គ្មានប្រទេសណាមួយដែលនៅជិតខាងគ្នាឲ្យសញ្ជាតិជនជាតិក្បែរខាងនោះទេ។
លោកបន្តថា ប្រសិនបើជនជាតិវៀតណាមរស់នៅកម្ពុជាស្របច្បាប់ ហើយមានសញ្ជាតិ គឺមានសិទ្ធិអ្វីៗទាំងអស់ ហើយព្រមទាំងមានសិទ្ធិក្នុងការសម្រេចជោគវាសនា មានសិទ្ធិទិញដី និងមានសិទ្ធិបោះឆ្នោត។ ដូច្នេះ តើក្រុមហ្នឹងនឹងក្លាយទៅជាអ្វីនៅថ្ងៃអនាគត? តើពួកគេនឹងក្លាយជាម្ចាស់ជោគវាសនាប្រទេសកម្ពុជាដែរឬទេ?
បណ្ឌិត សុខ ទូច បានទាមទាររដ្ឋាភិបាលត្រូវបញ្ជូនជនអន្តោប្រវេសន៍ដែលរស់នៅដោយខុសច្បាប់ទៅប្រទេសដើមវិញ ដោយមិនត្រូវទុកឲ្យពួកគេរស់នៅប្រទេសកម្ពុជាទាំងខុសច្បាប់នោះទេ៕