មេឈ្មួញរកស៊ីកាប់បំផ្លាញព្រៃឈើម្នាក់នៅដែនជម្រកសត្វព្រៃព្រៃឡង់ ត្រូវបានតែងតាំងដំឡើងឋានន្តរស័ក្ដិពីវរសេនីយ៍ឯកទៅជាឧត្តមសេនីយ៍ត្រី។
ព្រះរាជក្រឹត្យចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ បានត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្ដិលោក ចាប សារ៉ន ពីថ្នាក់ពីវរសេនីយ៍ឯកទៅជាឧត្តមសេនីយ៍ត្រីនៃកងយោធពលខេមរភូមិន្ទ មុនពេលលោកចូលនិវត្តន៍។
កាលពីពេលថ្មីៗនេះ លោក ចាប សារ៉ន ត្រូវបានលោក សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាឲ្យមានការស៊ើបអង្កេត និងចាត់វិធានការមន្ត្រីជាន់ខ្ពស់នៃកងរាជអាវុធហត្ថរូបនេះដែលរងការចោទប្រកាន់ថា បានប្រព្រឹត្តបទល្មើសធនធានធម្មជាតិករណីរកស៊ីជួញដូរ និងកាប់បំផ្លាញព្រៃឈើ។
លោក សៅ សុខា ធ្លាប់អះអាងថា លោកនឹងចាត់វិធានការលើអនុប្រធានការិយាល័យបំភាន់អក្ខរៈនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសឈ្មោះ ចាប សារ៉ន និងមន្ត្រីកងរាជអាវុធហត្ថផ្សេងទៀត ដោយថាប្រសិនបើទុកមន្ត្រីទាំងនោះឲ្យបន្តធ្វើការទៀត វានឹងបង្កភាពចង្រៃបង្កើតរឿងនៅក្នុងកងរាជអាវុធហត្ថមិនខាន។
លោក សៅ សុខា បានចេញបញ្ជាឲ្យស្រាវជ្រាវ ហើយថាប្រសិនបើរកឃើញមន្ត្រីកងរាជអាវុធហត្ថណាជាប់ពាក់ព័ន្ធ និងប្រព្រឹត្តបទល្មើសធនធានធម្មជាតិ គឺត្រូវអនុវត្តច្បាប់លក្ខន្តិកៈកងយោធពលខេមរភូមិន្ទ ព្រមទាំងបណ្ដេញចេញពីជួរកងទ័ព ហើយបើមានភស្តុតាងត្រូវបន្តកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់។
នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ កន្លងទៅ ក្រសួងការពារជាតិ បានចេញលិខិតមួយឱ្យវរសេនីយ៍ឯក ចាប សារ៉ន នាយករងការិយាល័យបំភ័ន្តអក្ខរៈនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចូលរួមបង្ហាញភស្តុតាង និងបង្ហាញមុខតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានស្នើសុំ ពាក់ព័ន្ធករណីកាប់ឈើ និងប្រមូលទិញឈើក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ក្នុងខេត្តព្រះវិហារ។
លោកវរសេនីយ៍ឯក ចាប សារ៉ន ដែលជាកងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បច្ចុប្បន្នគឺជាមេឈ្មួញរកស៊ីជួញដូរឈើខុសច្បាប់យ៉ាងសកម្មនៅតំបន់ព្រៃឡង់ ស្រុករវៀង ខេត្តព្រះវិហារ ដែលយកដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុន PNT ជាកន្លែងប្រមូលឈើចេញពីតំបន់ការពារ ព្រមទាំងបានការជ្រោមជ្រែងពីមន្ត្រីនៅតំបន់នោះទៀតផង។
លោក ចាប សារ៉ន បានចូលទៅគ្រប់គ្រងក្រុមហ៊ុន ម៉ាឃល ឡូជីស្ទិក អំឡុងឆ្នាំ២០២០។ ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទិក ទទួលបានសិទ្ធិប្រមូលផលអនុផលព្រៃឈើនៅក្នុងបរិវេណដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុនវៀតណាម PNT នៅឆ្នាំ២០១៨។
លោក ចាប សារ៉ន កើតនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ១៩៦៨ នៅភូមិទ្រៀល ឃុំទ្រៀល ស្រុកបារាយ ខេត្តកំពង់ធំ។ ឪពុករបស់លោកឈ្មោះ ចាប សារឿន នៅរស់ដល់បច្ចុប្បន្ន ម្ដាយឈ្មោះ លន់ ធឿ បានស្លាប់បាត់បង់ជីវិត ប្រពន្ធឈ្មោះ វ៉ា សុខជា និងមានកូនចំនួន ២នាក់។ លោកបានចូលបម្រើការងារជាកងរាជអាវុធហត្ថជានាយរងការិយាល័យនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០០៥ ក្រោមមុខជំនាញបំភ័ន្តអក្ខរៈ។
សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ចាប សារ៉ន បាននៅឡើយទេពាក់ព័ន្ធនឹងការចោទប្រកាន់ថា លោកជាមេឈ្មួញរកស៊ីខុសច្បាប់នៅតំបន់ព្រៃឡង់ដែលជាព្រៃអភិរក្ស៕