ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី០៤ ខែវិច្ឆិកា នេះ ប្រកាសថា នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ នឹងធ្វើដំណើរទស្សនកិច្ចក្នុងប្រទេសកម្ពុជា តាមការអញ្ជើញរបស់បុរសខ្លាំង លោក ហ៊ុន សែន ដើម្បីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួននៅថ្ងៃទី៨ និងទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។
ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំវៀតណាម ដែលធ្លាប់មានគុណលើលោក ហ៊ុន សែន នៅពេលនេះ ធ្វើឡើងចំពេលនៃការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរដែលត្រូវបានកំណត់ជាឆ្នាំមិត្តភាពកម្ពុជា-វៀតណាម ផងដែរ។
ក្រុមអ្នកសង្កេតការណ៍រិះគន់ថា ទំនាក់ទំនងកម្ពុជា-វៀតណាម ចាប់តាំងពីឆ្នាំ១៩៨៥ ដែលកងទ័ពវៀតណាម បានលើកបន្តុបមេដឹកនាំខ្មែរ លោក ហ៊ុន សែន មក រាល់ជំនួបទាំងអស់គ្មានអ្វីក្រៅការចរចា និងរកល្បិចបើកផ្លូវឱ្យរដ្ឋាភិបាលវៀតណាម ឈ្លានពានកម្ពុជានោះទេ ខណៈមេដឹកនាំខ្មែរលោក ហ៊ុន សែន ក៏មិនដែលបដិសេធរាល់សំណើក្នុងចេតនាឈ្លានពានរបស់មេដឹកនាំវៀតណាម នោះដែរ។
ជាក់ស្តែង កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ បានសុំឱ្យលោក ហ៊ុន សែន ជួយដល់ប្រជាពលរដ្ឋវៀតណាមដែលកំពុងរស់នៅលើទឹកដីកម្ពុជាដោយខុសច្បាប់ មកជាការរស់នៅដោយស្របច្បាប់វិញ ខណៈមេដឹកនាំកម្ពុជាលោក ហ៊ុន សែន បានយល់ព្រមនឹងសំណើនេះទាំងស្រុង។
ក្រសួងមហាផ្ទៃកម្ពុជា បានចេញសេចក្ដីជូនដំណឹងកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ស្ដីពីការផ្ដល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ឱ្យជនបរទេសអន្តោប្រវេសន៍នៅកម្ពុជា ស្របពេលដែលគេមើលឃើញថា ជនអន្តោប្រវេសន៍ដែលរស់នៅលើទឹកដីកម្ពុជាដោយខុសច្បាប់ច្រើនលើសលប់សព្វថ្ងៃនេះ គឺមានតែជនជាតិវៀតណាមប៉ុណ្ណោះ។
ក្រុមអ្នកតស៊ូមតិនៅក្រៅស្រុកអះអាងថា មេដឹកនាំវៀតណាម លោក ផាម មិញជីញ ដែលនឹងមកធ្វើទស្សនកិច្ចនៅកម្ពុជានៅមុនកិច្ចប្រជុំកំពូលអាស៊ាន នឹងឆ្លៀតឱកាសជំរុញឱ្យបុរសខ្លាំង លោក ហ៊ុន សែន ផ្តល់សញ្ជាតិខ្មែរឱ្យទៅជនជាតិវៀតណាមដែលរស់នៅកម្ពុជាដោយខុសច្បាប់ បន្ទាប់ពីពួកគេទទួលបានប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ហើយនោះ។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៤ វិច្ឆិកា នេះថា មានរឿងសំខាន់៣ ដែលមេដឹកនាំវៀតណាមជំរុញឱ្យកម្ពុជាអនុវត្តក្នុងជំនួបទ្វេភាគីខាងមុខនេះ គឺ៖
- រឿងបោះបង្គោលព្រំដែន
- រឿងផ្តល់ប័ណ្ណស្នាក់នៅដល់ជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់
- និងរឿងបង្កើតដេប៉ាតឺម៉ង់ភាសាវៀតណាម នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលកំពុងមានភាពចម្រូងចម្រាសនៅពេលនេះ។
លោក ម៉ែន ណាត លើកឡើងថា ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាមជាលក្ខណៈទ្វេភាគី ក៏មិនទាន់បានបញ្ចប់នៅឡើយដែរ ដូច្នេះវៀតណាមត្រូវតែបង្ខំឱ្យកម្ពុជាអនុវត្តឱ្យបានឆាប់ចប់សព្វគ្រប់ ចំណែកការផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនអន្តោប្រវេសន៍វៀតណាម គឺជាជំហានដំបូង។
លោកបន្តថា ដំណាក់កាលចុងក្រោយ វៀតណាមទាមទារឱ្យជនអន្តោប្រវេសន៍ខុសច្បាប់របស់ពួកគេដែលកំពុងរស់នៅកម្ពុជា ទទួលបានសញ្ជាតិខ្មែររស់នៅដោយស្របច្បាប់ទាំងអស់ទៅថ្ងៃមុខ ខណៈដេប៉ាតឺម៉ង់ភាសាវៀតណាម ក៏នឹងត្រូវបង្កើតឡើងឱ្យបាន ដើម្បីបន្សាំសតិអារម្មណ៍របស់ពលរដ្ឋខ្មែរផង និងដើម្បីពង្រីកភាសាវៀតណាមនៅកម្ពុជាឱ្យកាន់តែទូលំទូលាយសម្រាប់ពលរដ្ឋវៀតណាមដែលទទួលបានសញ្ជាតិខ្មែរផង។
អនុប្រធានវេទិកាពលរដ្ឋរូបនេះបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំវៀតណាម លោក ផាម មិញជីញ ទៅជួបមេដឹកនាំកម្ពុជា លោក ហ៊ុន សែន ជាលក្ខណៈទ្វេភាគីនៅមុនកិច្ចប្រជុំអាស៊ាននៅពេលនេះ គឺដើម្បីរំឭក និងជំរុញឱ្យលោក ហ៊ុន សែន បន្តអនុវត្តឱ្យបានល្អបន្តទៀតជុំវិញកិច្ចព្រមព្រៀងខុសច្បាប់ជាលក្ខណៈទ្វេភាគីនានា មុនកម្ពុជាត្រូវអស់តួនាទីជាប្រធានអាស៊ាននៅចុងខែធ្នូ ឆ្នាំ២០២២ នេះ៕