អង្គការសង្គមស៊ីវិលជាង ១០០ស្ថាប័ន ទាមទារឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធត្រូវបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីបំបាក់ស្មារតីអ្នកការពារសិទ្ធិមនុស្ស ដែលធានាការលើកកម្ពស់សកម្មភាពការពារសិទ្ធិមនុស្ស ស្របតាមរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលកម្ពុជាបានសន្យាជាអន្តរជាតិ។
ការទាមទាររបស់អង្គការសង្គមស៊ីវិលចំនួន ១៤២ស្ថាប័ន បន្ទាប់ពីប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល លោក និល ណុន កាលពីថ្ងៃទី១៨ ខែវិច្ឆិកា កន្លងទៅ បានកាត់ទោសឲ្យមន្ត្រីការពារសិទ្ធិមនុស្សអាដហុក ៣រូប និងអតីតមន្ត្រីអាដហុក ២រូបឲ្យជាប់ពន្ធនាគារម្នាក់ៗ ៥ឆ្នាំដូចសាលាឧទ្ធរណ៍ និងសាលាដំបូងរាជធានីភ្នំពេញសម្រេចដែរ។
បុគ្គលិក និងអតីតបុគ្គលិកការពារសិទ្ធិមនុស្សអាដហុក ៥រូប ក្នុងនោះមានលោក នី សុខា អ្នកស្រី លឹម មុន្នី លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និងលោក នី ចរិយា។
ក្នុងសេចក្ដីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិលស្ដីពីសេចក្តីសម្រេចផ្ដន្ទាទោសអ្នកការពារសិទ្ធិមនុស្ស ចេញនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឲ្យដឹងថា ពួកគេមានក្ដីបារម្ភចំពោះសេចក្តីសម្រេចរបស់តុលាការ ដែលអាចប៉ះពាល់ដល់សកម្មភាពរបស់អង្គការសង្គមស៊ីវិល ដូចជាគោលការណ៍ជួយឧបត្ថម្ភដល់ជនរងគ្រោះខ្លះដែលអាចក្លាយទៅជាមានទោសព្រហ្មទណ្ឌពីបទសូកប៉ាន់សាក្សី ដូចការសម្រេចរបស់តុលាការបែបនេះទៅវិញ។
ក្នុងសេចក្ដីថ្លែងការណ៍ដដែលថា មួយវិញទៀត សកម្មភាពរបស់បុគ្គលិក និងអតីតបុគ្គលិកសមាគមអាដហុក គឺជាការបំពេញការងារស្របទៅតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិដែលមានចែងជាធរមាន ជាពិសេសគោលការណ៍សិទ្ធិមនុស្ស និងគោលនយោបាយនានាលើការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស។
ជាក់ស្ដែង បើតាមមាត្រា១៥ ភាគទី៣ ស្ដីពីសិទ្ធិមនុស្សនៃកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា (កិច្ចព្រមព្រៀងទីក្រុងប៉ារីស) មានចែងពីកម្ពុជាត្រូវសន្យាធានាការគោរពសិទ្ធិមនុស្ស ហើយគាំទ្រសិទ្ធិរបស់ពលរដ្ឋកម្ពុជាទាំងអស់ ក្នុងការធ្វើសកម្មភាពជំរុញ និងការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន។
បន្ថែមពីនេះទៀត មាត្រា៣១ នៃរដ្ឋធម្មនុញ្ញចែងថា ព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់ និងគោរពសិទ្ធិមនុស្សដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។
អង្គការសង្គមស៊ីវិលសូមអំពាវនាវដល់ស្ថាប័នតុលាការ និងស្ថាប័នពាក់ព័ន្ធ ឲ្យធ្វើការកែលំអ និងពង្រឹងការអនុវត្តប្រព័ន្ធច្បាប់នៅកម្ពុជាឲ្យមានយុត្តិធម៌ពេញលេញ និងស្របតាមគោលការណ៍នីតិរដ្ឋដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងឋានៈកម្ពុជាជាសមាជិកនៃអង្គការសហប្រជាជាតិផងដែរ។
ជាមួយគ្នានេះដែរ ពួកគេក៏ស្នើទៅរដ្ឋសភាដែលតំណាងឲ្យប្រជាពលរដ្ឋខ្មែរ ពិនិត្យច្បាប់ឡើងវិញ និងត្រូវធ្វើវិសោធនកម្មចៀសវាងសកម្មភាព និងការគាំទ្រមនុស្សធម៌ចំពោះជនរងគ្រោះសិទ្ធិមនុស្សដោយសុឆន្ទៈ បែរទៅជាមានទោសព្រហ្មទណ្ឌទៅវិញ ដែលអាចប៉ះពាល់ដល់កិច្ចការសង្គ្រោះប្រជាពលរដ្ឋស្លូតត្រង់ជាច្រើន និងដើម្បីធានាដល់សិទ្ធិសេរីភាពប្រជាពលរដ្ឋដែលធានាដោយរដ្ឋធម្មនុញ្ញ។
សេចក្ដីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិល ទទូចឲ្យធានាការលើកកម្ពស់សកម្មភាពការពារសិទ្ធិមនុស្ស និងអ្នកការពារសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាស្របតាមរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលកម្ពុជាបានសន្យាជាអន្តរជាតិ និងជាកាតព្វកិច្ចរបស់ខ្លួន។
ក្រុមអង្គការសង្គមស៊ីវិលចំនួន ១៤២ស្ថាប័ន ក៏ទាមទារឲ្យរដ្ឋាភិបាលបញ្ឈប់ការធ្វើទុក្ខបុកម្នេញដល់អ្នកការពារសិទ្ធិមនុស្ស អង្គការសង្គមស៊ីវិលតាមរយៈការប្រើប្រាស់យន្តការតុលាការ ដើម្បីគំរាមកំហែង បំបាក់ស្មារតី ដោយចោទប្រកាន់ ចាប់ខ្លួន ដាក់ទោសទណ្ឌទាំងបំពានចំពោះសកម្មជនអ្នកការពារសិទ្ធិមនុស្ស ផ្ទុយពីច្បាប់ជាតិ និងអន្តរជាតិ។
ក្រៅពីទាមទារបញ្ឈប់ការធ្វើទុក្ខបុកម្នេញហើយ ពួកគេស្នើឲ្យរដ្ឋាភិបាលត្រូវខិតខំបង្កើតយន្តការធ្វើយ៉ាងណាដើម្បីធានាឲ្យមានប្រសិទ្ធភាពខ្ពស់ដល់អ្នកការពារសិទ្ធិមនុស្ស។
អង្គការសង្គមស៊ីវិលចំនួន ១៤២ស្ថាប័នដែលចេញសេចក្ដីថ្លែងការណ៍ក្នុងនោះមានដូចជា សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) អង្គការគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL) សហភាពការងារកម្ពុជា (CLC) សហព័ន្ធសហជីពកម្ពុជា (CATU) អង្គការសកម្មភាពដើម្បីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (APPA) និងសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) ជាដើម។
ការចេញសេចក្ដីថ្លែងការណ៍នេះ ក្រោយពីពួកគេបានតាមដានសេចក្តីសម្រេចរបស់តុលាការទាំង ៣ថ្នាក់ លើអ្នកការពារសិទ្ធិមនុស្សអាដហុក ថាធ្វើឡើងទាំងអយុត្តិធម៌។
នៅឆ្នាំ២០២២ នេះអង្គការអន្តរជាតិបន្តដាក់ចំណាត់ថ្នាក់អាក្រក់ដល់កម្ពុជា ថាជាប្រទេសគោរពនីតិរដ្ឋទាបដូចពីរឆ្នាំកន្លងមកដែរ។
របាយការណ៍អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project) ចេញផ្សាយកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បានដាក់ចំណាត់ថ្នាក់កម្ពុជានៅជិតបាតតារាង ដោយស្ថិតនៅលេខរៀង១៣៩ ក្នុងចំណោមប្រទេស១៤០ លើពិភពលោក។
របាយការណ៍បញ្ជាក់ថា មូលហេតុចម្បងដែលទាញទម្លាក់នីតិរដ្ឋនៅកម្ពុជាឱ្យធ្លាក់ចុះដល់បាតតារាងនេះ ដោយសារតែអំណាចនយោបាយជ្រៀតជ្រែកស្ថាប័នសភា និងតុលាការ ដែលជាសសរស្ដម្ភកំពូលរបស់ជាតិ ដែលធ្វើឱ្យបាត់បង់ប្រព័ន្ធត្រួតពិនិត្យអំណាចតាមបែបប្រជាធិបតេយ្យ កម្សោយលើការទប់ស្កាត់អំពើពុករលួយ និងការរំលោភសិទ្ធិមនុស្ស រួមទាំងអយុត្តិធម៌សង្គម ជាដើម៕