សង្គមស៊ីវិលដែលធ្វើការលើវិស័យសិទ្ធិមនុស្សជាច្រើនស្ថាប័ន បន្តទាមទារឲ្យមានការដោះលែងកញ្ញា ឈឹម ស៊ីថរ ដោយឥតលក្ខខណ្ឌ។
អង្គការក្រៅរដ្ឋាភិបាល និងសមាគមនានា ដូចជាសមាគមការពារសិទ្ធិមនុស្ស និងការអភិវឌ្ឍន៍នៅកម្ពុជា (ADHOC) មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) និងអង្គការស្ថាប័នជាច្រើនផ្សេងទៀត បាននាំគ្នាធ្វើយុទ្ធនាការលើបណ្ដាញសង្គមហ្វេសប៊ុកអំឡុងពេលដែលកញ្ញា ឈឹម ស៊ីថរ ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេល ៥សប្តាហ៍ ដោយទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងតំណាងសហជីពរូបនេះជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។
ក្រុមសង្គមស៊ីវិលទាំងនេះអះអាងថា ការដាក់ទោសលើតំណាងសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ដោយសារមិនបានអនុវត្តនូវលក្ខខណ្ឌដែលអាជ្ញាធរមិនដែលបានប្រាប់ឲ្យដឹងជាមុន គឺជាភាពអយុត្តិធម៌ និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើក្រមនីតិវិធីព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា។
ការអះអាងនេះ ធ្វើឡើងដើម្បីទាមទារឱ្យតុលាការដោះលែងមេដឹកនាំសហជីព កញ្ញា ឈឹម ស៊ីថរ ដែលត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួនជាលើកទី២ កាលពីពេលថ្មីៗនេះ។
កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺថា ការចាប់ឃុំខ្លួនកញ្ញា ឈឹម ស៊ីថរ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ គឺដោយសារតែជនត្រូវចោទបានចាកចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ ដែលអំពើនេះគឺបានបំពានលើកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការអំឡុងពេលខ្លួនកំពុងត្រូវបានដាក់ឱ្យស្ថិតនៅក្រៅឃុំបណ្ដោះអាសន្ន។
អ្នកគ្រប់គ្រងសិទ្ធិការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក ឃុន ថារ៉ូ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ នេះថា ការចាប់ខ្លួនសកម្មជនសិទ្ធិការងារដ៏លេចធ្លោរូបនេះ គឺជាការរំលោភលើសិទ្ធិមនុស្ស និងសិទ្ធិការងារយ៉ាងធ្ងន់ធ្ងរ ត្បិតការចោទប្រកាន់របស់តុលាការលើកញ្ញា ឈឹម ស៊ីថរ មិនបានផ្អែកលើមូលដ្ឋានច្បាប់នោះឡើយ។
លោកបន្ថែមថា កញ្ញា ឈឹម ស៊ីថរ គ្រាន់តែប្រើប្រាស់សិទ្ធិជាមូលដ្ឋានដែលមានចែងនៅក្នុងអនុសញ្ញាស្នូលរបស់អង្គការអាយទ្បូ ច្បាប់ស្ដីពីការងារ និងច្បាប់ស្ដីពីសហជីព ជាដើម ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍រួមរបស់សមាជិកសហជីព និងនិយោជិតកម្មករតែប៉ុណ្ណោះ។
គិតត្រឹមថ្ងៃទី២ ខែមករា ឆ្នាំ២០២២ នេះ កញ្ញា ឈឹម ស៊ីថរ ត្រូវបានតុលាការឃុំខ្លួនជាលើកទី២ ចំនួន ៣៧ថ្ងៃហើយ បើគិតចាប់តាំងពីថ្ងៃដែលសមត្ថកិច្ចបានចាប់ខ្លួនកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២២ មក ខណៈសំណើសុំនៅក្រៅឃុំបណ្ដោះអាសន្នពីមេធាវីរបស់កញ្ញា ត្រូវបានតុលាការច្រានចោលទាំងស្រុងកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ។
ជុំវិញការចាប់ខ្លួនតំណាងសហជីពរូបនេះ សហរដ្ឋអាមេរិក អូស្ត្រាលី និងអង្គការសង្គមស៊ីវិលជាច្រើន ចាត់ទុកការដាក់ទោសលើកញ្ញា ឈឹម ស៊ីថរ ដោយសារការខកខានក្នុងការអនុវត្តនូវលក្ខខណ្ឌដែលមិនបានប្រាប់ឲ្យដឹងមុនពីសំណាក់អាជ្ញាធរ គឺជាភាពអយុត្តិធម៌ និងល្មើសទៅនឹងគោលការណ៍ជាមូលដ្ឋាននៃនីតិរដ្ឋយ៉ាងធ្ងន់ធ្ងរ៕