កូនប្រុសច្បងរបស់លោក ហ៊ុន សែន បានណែនាំទៅគណបក្សភ្លើងទៀន ឈប់ធ្វើយុទ្ធនាការដោយការជេរប្រមាថគណបក្សប្រជាជនកម្ពុជា និងលាបពណ៌ប្រឆាំងពូជសាសន៍ដើម្បីបង្កើតកំហឹង។
ការណែនាំនេះ ធ្វើឡើងហាក់ដូចជាបន្ទរតាមឪពុករបស់លោក គឺលោក ហ៊ុន សែន ដែលបានថ្លែងកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ដោយទម្លាយរឿងអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ដែលបានទៅជួបលោក ហ៊ុន ម៉ាណែត។
លោកបញ្ជាក់ថា ក្នុងជំនួបនោះ លោក ហ៊ុន ម៉ាណែត បានទូន្មានលោក ថាច់ សេដ្ឋា ដោយឲ្យអនុប្រធានបក្សភ្លើងទៀនរូបនេះ ប្រដៅសមាជិកសមាជិកាខ្លួនឯងវិញ ដើម្បីកុំឲ្យប្រព្រឹត្តអំពើខុសច្បាប់បន្តទៀត។
នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត លើកឡើងដែរថា វប្បធម៌សន្ទនាដែលគណបក្សប្រជាជនកម្ពុជាធ្លាប់បង្កើតឡើងជាមួយគណបក្សប្រឆាំងកន្លងមក មិនមានន័យឡើយ ដោយសារថ្នាក់ដឹកនាំបក្សប្រឆាំងតែងតែជេរប្រមាថ លាបពណ៌ ក្នុងចេតនាប្រកាន់ពូជសាសន៍ដើម្បីបង្កើតជាកំហឹង។
ក្នុងជំនួបដដែលនោះ លោកក៏បានរំលឹកអំពីជំនួបរវាងគ្រួសាររបស់លោកជាមួយនឹងគ្រួសារលោក សម រង្ស៉ី កន្លងទៅ ប៉ុន្តែក្រោយមក លោក ហ៊ុន ម៉ាណែត ថាមេដឹកនាំបក្សប្រឆាំងបានយកមកធ្វើជាគោលដៅដើម្បីវាយប្រហារ ដោយថាឪពុករបស់លោកខ្លាចចាញ់ឆ្នោត ទើបបង្កើតវប្បធម៌សន្ទនា ឬជំនួបនេះឡើង។
លោក ហ៊ុន ម៉ាណែត ចាត់ទុកការវាយប្រហាររបស់លោក សម រង្ស៊ី ទៅលើឪពុករបស់ខ្លួនថា គ្មានភាពមិនទៀងត្រង់ ទើបជំរុញឲ្យឪពុករបស់លោកប្រើប្រាស់វិធានការច្បាប់ ដោយសារគណបក្សប្រឆាំងខ្លួនឯងមិនបានបង្កើនទំនុកទុកចិត្តដល់គណបក្សប្រជាជនកម្ពុជា ហើយថែមទាំងជេរប្រមាថ និងលាបពណ៌ផងដែរ។
លោកបញ្ជាក់ថា ការប្រើវិធានការច្បាប់នេះដើម្បីការថែរក្សាប្រជាធិបតេយ្យប្រកបដោយការទទួលខុសត្រូវ និងទុកចិត្តគ្នា ដូច្នេះបើមិនឲ្យមានការចាត់វិធានការច្បាប់នោះ សូមគណបក្សភ្លើងទៀនកុំធ្វើខុសច្បាប់។
ក្រោយពីមានការព្រមានជាបន្តបន្ទាប់ និងចាប់ខ្លួនលោក ថាច់ សេដ្ឋា កាលពីថ្ងៃទី២៣ មករា ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនបានបើកកិច្ចប្រជុំផ្ទៃក្នុងរបស់ខ្លួន។ ក្នុងកិច្ចប្រជុំនោះ ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន បានណែនាំឲ្យសកម្មជន និងសមាជិកនៅទាំង ២៥រាជធានី-ខេត្តត្រូវឈប់យករឿងបុគ្គលមកធ្វើការរិះគន់ និងវាយប្រហារលើគណបក្សប្រជាជនកម្ពុជាទៀត ដើម្បីកាត់បន្ថយការប៉ះទង្គិចគ្នា និងបន្ថយភាពតានតឹងកម្ដៅនយោបាយ។
ក្រៅពីឲ្យឈប់រិះគន់ប៉ះពាល់ដល់គណបក្សប្រជាជនកម្ពុជាហើយ ថ្នាក់ដឹកនាំបក្សភ្លើងទៀនក៏បានឲ្យសកម្មជននៅតាមមូលដ្ឋានធ្វើសកម្មភាពដោយស្ងាត់ស្ងៀមផងដែរ។
ការបើកកិច្ចប្រជុំដើម្បីណែនាំទៅសកម្មជនមូលដ្ឋានរបស់គណបក្សភ្លើងទៀននាពេលនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន បានព្រមានធ្ងន់ៗទៅថ្នាក់ដឹកនាំគណបក្សនេះ ក្នុងនោះមានលោក សុន ឆ័យ និងលោក គង់ គាំ ខណៈអនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារនៅថ្ងៃដដែល។
លោក ហ៊ុន សែន បានព្រមានប្ដឹងគណបក្សភ្លើងទៀនទៅតុលាការ ក្រោយពីពិនិត្យឃើញថាគណបក្សភ្លើងទៀន បានចោទប្រកាន់បក្សកាន់អំណាចថាបានបន្តប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដាក់ការគាបសង្កត់ទៅលើដៃគូប្រកួតនៅមុនការបោះឆ្នោតថ្នាក់ជាតិមកដល់។ លើសពីនេះ លោក ហ៊ុន សែន ក៏បានព្រមានចាប់ខ្លួនអ្នករិះគន់ដាក់ពន្ធនាគារចាប់តាំងពីថ្នាក់មូលដ្ឋានដល់ថ្នាក់ជាតិ នៅពេលរកឃើញថានៅបន្តសាបព្រោះវប្បធម៌រិះគន់គណបក្សប្រជាជនកម្ពុជាទៀតនោះ៕