មន្ត្រីជាន់ខ្ពស់អង្គការក្រៅរដ្ឋាភិបាលសម្ដែងការសោកស្តាយចំពោះវិវាទការងារនៃកម្មករនិយោជិតក្រុមហ៊ុនណាហ្គាវើលដ៍ ដែលត្រូវបានវាយតម្លៃខុសពីការពិតជាក់ស្តែងពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្វើឲ្យវិវាទនេះជាប់គាំងគ្មានដំណោះស្រាយ។
អ្នកគ្រប់គ្រងសិទ្ធិការងារនៃមជ្ឈមណ្ឌលការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៨ មេសា នេះថា វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ដែលអូសបន្លាយប្រមាណ ២ឆ្នាំមកនេះអាចវាយតម្លៃបានថា ក្រៅពីនាយករដ្ឋមន្ត្រីរបស់ប្រទេសកម្ពុជា គ្មាននរណាម្នាក់អាចដោះស្រាយបញ្ហានេះបានឡើយ។
លោក ឃុន ថារ៉ូ លើកឡើងថា ការតស៊ូរបស់កម្មករនិយោជិតដើម្បីទាមទាររកយុត្តិធម៌ គឺពិតជាគំរូដ៏ល្អមួយសម្រាប់វិស័យការងារដែលពួកគេនៅតែបន្តឆន្ទៈបង្ហាញឲ្យឃើញពីការស្វែងរកយុត្តិធម៌ ទោះបីជាពួកគាត់ត្រូវជួបនូវឧបសគ្គធំៗ ដូចជាការបង្ក្រាបពីសំណាក់អាជ្ញាធរ ការចោទប្តឹងពីខាងក្រុមហ៊ុន ការបាត់បង់ប្រាក់ចំណូល និងការមិនអើពើពីសំណាក់នាយករដ្ឋមន្ត្រីក៏ដោយ ក៏ពួកគាត់នៅតែនាំគ្នាបន្តស្វែងរកយុត្តិធម៌ដើម្បីឲ្យមានដំណោះស្រាយរហូតមកដល់ពេលនេះ។
មន្ត្រីជាន់ខ្ពស់អង្គការក្រៅរដ្ឋាភិបាល បញ្ជាក់ថា ការស្នើសុំឲ្យយកកម្មករនិយោជិតចូលធ្វើការងារវិញ មិនមែនជារឿងហួសហេតុទេ ហើយក៏មិនមែនជាឧបសគ្គសម្រាប់ក្រុមហ៊ុនណាហ្គាវើលដ៍ដែរ ព្រោះរយៈពេល ២ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុននៅតែអាចចំណេញលុយ និងបន្តរើសបុគ្គលិកចូលបម្រើការងារជាបន្តបន្ទាប់ ប៉ុន្តែពួកគេនៅតែព្យាយាមមិនទទួលយកថ្នាក់ដឹកនាំសហជីពឲ្យចូលធ្វើការងារវិញដដែល។
កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ក្រុមកូដករណាហ្គាវើលដ៍ប្រមាណ ៣០នាក់ បាននាំគ្នាចេញតវ៉ានៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍២ ដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយឈរលើកបដា ដើម្បីធ្វើកូដកម្មទាមទារឲ្យមានការដោះស្រាយឲ្យបុគ្គលិកណាហ្គាវើលដ៍ចូលធ្វើការងារវិញ និងទាមទារឲ្យដោះលែងកញ្ញា ឈឹម ស៊ីថរ ដែលកំពុងជាប់ឃុំសព្វថ្ងៃនេះផងដែរ។
ក្រុមហ៊ុនណាហ្គាវើលដ៍បានបញ្ឈប់បុគ្គលិកពីការងារទាំងអយុត្តិធម៌ជាង ១៣០០នាក់កាលពីខែមេសា ឆ្នាំ២០២១ កន្លងទៅ។ បញ្ហានេះ ត្រូវកម្មករនិយោជិតធ្វើកូដកម្មតវ៉ាជាមួយក្រុមហ៊ុនអស់រយៈពេល ២ឆ្នាំហើយ បើគិតមកទល់នឹងពេលនេះ ប៉ុន្តែមិនត្រូវបានក្រសួងពាក់ព័ន្ធរកដំណោះស្រាយជូនកម្មករឡើយ។ ផ្ទុយទៅវិញ ក្រុមកូដករចំនួន ៩នាក់ ត្រូវរងនូវការចោទប្រកាន់តាមផ្លូវតុលាការពីបទព្រហ្មទណ្ឌ ខណៈតំណាងកម្មករ កញ្ញា ឈឹម ស៊ីថរ ត្រូវបានតុលាការសម្រេចឃុំខ្លួនក្នុងពន្ធនាគារជាលើកទី២ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ និងបន្តឃុំខ្លួនរហូតដល់ពេលនេះ។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ លោក ហ៊ុន សែន ចោទដោយមិនចំឈ្មោះទៅកាន់ក្រុមកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ថា ពួកគេមានប្រភពផ្គត់ផ្គង់លុយឱ្យធ្វើបាតុកម្ម ដូច្នេះហើយបានជាពួកគេអាចមានលទ្ធភាពធ្វើបាតុកម្មអស់រយៈពេលជាងមួយឆ្នាំ ទាំងដែលការងារត្រូវបានផ្អាកអស់រយៈពេលជាង ១ឆ្នាំដែរនោះ។
បែបនេះក្តី អង្គការក្រៅរដ្ឋាភិបាលអះអាងថា មូលនិធិដែលសហជីពនៃក្រុមកូដករណាហ្គាវើលដ៍ទទួលបានកន្លងមក គឺជាមូលនិធិស្របច្បាប់ដែលមានគណនេយ្យភាព និងតម្លាភាពត្រឹមត្រូវស្របតាមការប្រតិបត្តិការហិរញ្ញវត្ថុរបស់សហជីព ដែលមានចែងក្នុងលក្ខន្តិកៈរបស់ពួកគេ មិនមែនជាដូចការលើកឡើងរបស់លោក ហ៊ុន សែន នោះទេ។
ចាប់តាំងពីមានវិវាទការងារពីឆ្នាំ២០២១ មក ក្រុមកូដករណាហ្គាវើលដ៍បានជួបចរចាជាមួយតំណាងក្រុមហ៊ុនណាហ្គាវើលដ៍ជាច្រើនលើក និងបានដាក់ញត្តិទៅក្រសួងការងារ ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជាភាគីពាក់ព័ន្ធជាច្រើនលើករួចមកហើយ ដើម្បីស្នើឱ្យមានដំណោះស្រាយបញ្ចប់វិវាទការងារដែលមានរយៈពេលយូរមួយនេះ ប៉ុន្តែនៅមិនទាន់មានដំណោះស្រាយបញ្ចប់វិវាទនេះនៅឡើយទេរហូតដល់ពេលនេះ។
សព្វថ្ងៃនេះ ក្រុមកូដករណាហ្គាវើលដ៍ចំនួន ៩នាក់កំពុងរងនូវបណ្តឹងតាមផ្លូវតុលាការ ពីបទចោទ “ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” ដូចជាប្រធានទ្រទ្រង់សិទ្ធិការងារកម្មករខ្មែរ កញ្ញា ឈឹម ស៊ីថរ ថ្នាក់ដឹកនាំសហជីព កញ្ញា ឈឹម សុខន សកម្មជនសហជីព អ្នកស្រី រី សុវណ្ណឌី ជាដើម ក្រោយពីក្រុមកូដករទាំងនោះធ្វើកូដកម្មទាមទារឲ្យថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ដោះស្រាយវិវាទការងារជាមួយខ្លួនកន្លងមក។
មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ប្រទេសជាតិ ខណៈសេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋត្រូវបានដោះស្រាយ និងពិនិត្យយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ ប៉ុន្តែរដ្ឋាភិបាលក្រោមការគ្រប់គ្រងរបស់បក្សកាន់អំណាចសព្វថ្ងៃនេះ ត្រូវគេមើលឃើញថា បានអនុវត្តផ្ទុយពីមាត្រាដែលបានចែងក្នុងរដ្ឋធម្មនុញ្ញទាំងស្រុង៕