មេដឹកនាំក្រាញអំណាចនៅកម្ពុជា លោក ហ៊ុន សែន បដិសេធថាគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលរបស់លោក គ្មានអ្វីជាប់ពាក់ព័ន្ធនឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឬក្រុមប្រឹក្សាធម្មនុញ្ញនោះឡើយ។
លោក ហ៊ុន សែន លើកឡើងក្នុងពិធីដាក់សម្ពោធស្ពានអាកាសឫស្សីកែវ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នេះថា កម្ពុជាមានច្បាប់ទម្លាប់ ហើយគណបក្សប្រជាជនកម្ពុជាគឺជាគូប្រកួតមួយគ្មានចំណងទាក់ទងអ្វីជាមួយនឹងការសម្រេចរបស់ គ.ជ.ប ឬក្រុមប្រឹក្សាធម្មនុញ្ញជាដាច់ខាត។
បុរសខ្លាំងរូបនេះអះអាងថា រាជរដ្ឋាភិបាលកម្ពុជាដែលកំពុងដឹកនាំ និងគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា មិនអាចទៅត្រួតត្រាលើស្ថាប័នធម្មនុញ្ញដែលមានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាធម្មនុញ្ញបានឡើយ។
លោក ហ៊ុន សែន បញ្ជាក់ថា នៅពេលនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចាប់ផ្តើមដំណើរការបោះពុម្ពសន្លឹកឆ្នោតហើយ បន្ទាប់ពីគណៈកម្មាធិការនេះបានចាប់ឆ្នោតលេខរៀងគណបក្សនយោបាយរួច ព្រោះថាគេមិននៅចាំគណបក្សដែលគ្មានឯកសារស្របច្បាប់នោះទេ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលមានការរិះគន់ និងចោទប្រកាន់ជុំទិសថាគណបក្សប្រជាជនកម្ពុជានៅតែបន្តបញ្ជា គ.ជ.ប ពីក្រោយខ្នង ជុំវិញដំណើរការបោះឆ្នោតជាតិឆ្នាំ២០២៣ នេះ។
អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានអះអាងកាលពីថ្ងៃអង្គារ ទី៣០ ឧសភា ថា កាលពីខែកក្កដា ឆ្នាំ១៩៩៧ លោក ហ៊ុន សែន បានធ្វើរដ្ឋប្រហារដណ្តើមអំណាចដោយផ្ទាល់ដៃសម្រាប់ខ្លួនលោក ប៉ុន្តែនៅខែកក្កដា ឆ្នាំ២០២៣ នេះ លោក ហ៊ុន សែន នឹងប្លន់អំណាចឲ្យកូនរបស់គាត់ គឺលោក ហ៊ុន ម៉ាណែត តាមរយៈនៃការបោះឆ្នោតបង្គ្រប់កិច្ចដោយមាន គ.ជ.ប ជាអ្នកចេញមុខជំនួស។
លោក អ៊ុំ សំអាន លើកឡើងថា គណបក្សទាំង១៧ ដែលនឹងចូលរួមការបោះឆ្នោតនៅខែកក្កដា ខាងមុខនេះ មិនមែនជាដៃគូប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជានោះទេ ហើយគណបក្សទាំងនោះមួយចំនួនគ្រាន់តែជាគណបក្សបម្រើសេណារីយ៉ូនយោបាយឲ្យគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន តែប៉ុណ្ណោះ។
ប៉ុន្តែក្រុមអ្នកសង្កេតការណ៍និយាយថា បើបក្សភ្លើងទៀនអាចចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅពេលខាងមុខនេះ បក្សនេះក៏មានវាសនាដូចបក្សដទៃទៀតដែរ ដោយសារបក្សធ្លាប់ផ្ដាច់ខ្លួនពីបក្សសង្គ្រោះជាតិមកចូលរួមការបោះឆ្នោតឃុំ-សង្កាត់កាលពីឆ្នាំ២០២២។
អ្នកវិភាគមួយចំនួននិយាយដូចៗគ្នាថា គណបក្សនយោបាយក្រៅរដ្ឋាភិបាលទាំងអស់ដែលចូលរួមការបោះឆ្នោតជាតិនៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គឺស្មើនឹងសហការជាមួយបក្សកាន់អំណាចរំលោភលើរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលបានចែងអំពីដំណើរការនៃការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌យ៉ាងធ្ងន់ធ្ងរ។
ប្រភពដដែលបញ្ជាក់ថា ដំណើរការនៃការបោះឆ្នោតនេះគ្រាន់តែជាការរៀបចំរបស់បក្សកាន់អំណាចក្រោមរូបភាពក្បត់ខ្លឹមសារប៉ុណ្ណោះ ព្រោះថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលត្រូវដឹកនាំការបោះឆ្នោតនាពេលខាងមុខនេះ គឺជាសមាសភាពដែលមកពីគណបក្សកាន់អំណាចទាំងអស់ ដែលផ្ទុយស្រឡះពីខ្លឹមសាររបស់រដ្ឋធម្មនុញ្ញដែលបានចែងពីគណៈកម្មាធិការនេះ។
ជាងនេះទៀត តាមរូបមន្តដែលបានដាក់ចេញមកនេះ បង្ហាញយ៉ាងច្បាស់ថា គ.ជ.ប គឺត្រូវតែនៅក្រោមការគ្រប់គ្រងរបស់បក្សកាន់អំណាចដាច់ខាត ទោះបីជាលោក ហ៊ុន សែន ប្រកែកថាគណបក្សប្រជាជនកម្ពុជាមិននៅពីក្រោយគណៈកម្មាធិការនេះក៏ដោយ។
មាត្រា១៥១ថ្មីពីរ នៃរដ្ឋធម្មនុញ្ញ ចែងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានសមាសភាព ៩រូប ក្នុងនោះ ៤រូបត្រូវជ្រើសដោយគណបក្សដឹកនាំរដ្ឋាភិបាល ៤រូបផ្សេងទៀតត្រូវជ្រើសរើសពីគណបក្សដែលមានអាសនៈក្នុងរដ្ឋសភាដែលមិនចូលរួមក្នុងរដ្ឋាភិបាល និង ១រូបទៀតត្រូវជ្រើសរើសដោយការព្រមព្រៀងគ្នារវាងគណបក្សដែលមានអាសនៈក្នុងរដ្ឋសភាទាំងអស់។
បច្ចុប្បន្ននេះ សមាសភាពទាំង ៩រូបរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសុទ្ធសឹងតែមកពីគណបក្សកាន់អំណាចទាំងអស់ ក្នុងនោះរួមមានលោក ប្រាជ្ញ ចន្ទ ជាប្រធាន លោក នុត សុខុម ជាអនុប្រធាន និងលោក ហង្ស ពុទ្ធា ជាសមាជិក ជាដើម៕