អតីតទាហានខ្មែរក្រហម លោក ហ៊ុន សែន ព្រមានសម្លាប់នយោបាយជ្រុលនិយមរបស់ក្រុមប្រឆាំងឱ្យរលំរលាយដូចអង្គការចាត់តាំងខ្មែរក្រហមកាលពីពេលកន្លងទៅ ហើយលោកក៏នឹងមិនអនុគ្រោះឲ្យពួកគេផងដែរ បើមាននិន្នាការចងសម្ព័ន្ធភាពជាមួយក្រុមជ្រុលនិយមទាំងនោះ។
មេដឹកនាំខ្មែរដែលវៀតណាមលើកបន្តុបរូបនេះបានលើកឡើងក្នុងពិធីជួបជាមួយកម្មករក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នេះថា លោកនឹងមិនអត់ឱនឲ្យក្រុមជ្រុលនិយមដាច់ខាត ហើយអ្នកណាក៏ដោយដែលមាននិន្នាការចងសម្ព័ន្ធភាពជាមួយក្រុមជ្រុលនិយមទាំងនោះ នឹងមិនទទួលបានការរាប់រក ឬអត់ឱនពីរូបលោកក្នុងនាមជានាយករដ្ឋមន្ត្រីឡើយ។
បុរសខ្លាំងកាងអំណាចផ្ដាច់មុខនៅកម្ពុជារូបនេះបន្តថា ទាំងក្រុមជ្រុលនិយម និងក្រុមដែលបានចងសម្ព័ន្ធភាពជាមួយក្រុមជ្រុលនិយម កុំសង្ឃឹមថានឹងអាចសុំឲ្យលោកស្នើសុំទៅព្រះមហាក្សត្រលើកលែងទោសឲ្យពួកគេឲ្យសោះ។ លោក ហ៊ុន សែន អះអាងថា ឲ្យតែពួកគេមានទោស គឺត្រូវអនុវត្តវិធានការច្បាប់ដោយគ្មានករណីលើកលែងជាដាច់ខាត។
ការគំរាមនេះ ត្រូវបានមជ្ឈដ្ឋាននានារិះគន់ថា គឺជាការគំរាមកំហែងផ្នែកនយោបាយ ជាជាងការធានាបាននូវសន្តិភាពដែលបក្សកាន់អំណាចតែងប្រកាសកន្លងមក។
មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៧ មិថុនា នេះថា ដើម្បីធានានូវស្ថិរភាពនយោបាយរបស់កម្ពុជា គ្មានជម្រើសណាល្អជាងការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវនោះទេ ដែលមានន័យថា ភាគីចាញ់គឺចាញ់ដោយសារខ្លួនបានប្រព្រឹត្តខុស ចំណែកភាគីដែលឈ្នះ គឺឈ្នះដោយសារខ្លួនបានប្រព្រឹត្តត្រឹមត្រូវ នោះទើបជាកត្តានាំទៅរកការបញ្ចប់ជម្លោះនយោបាយនៅកម្ពុជា។
លោក មាជ សុវណ្ណារ៉ា លើកឡើងថា ការយកឈ្នះគ្នាដោយសារការប្រើអំណាច ឬដោយសារការរំលោភច្បាប់ដែលភាគីម្ខាងទៀតទទួលរងនូវភាពអយុត្តិធម៌ នោះមិនមែនជាការបញ្ចប់វិបត្តិនយោបាយនៅកម្ពុជាឡើយ។ ផ្ទុយទៅវិញ វានឹងនាំមកនូវការបង្កគំនុំគុំកួនកាន់តែខ្លាំងសម្រាប់ជាតិឯងប៉ុណ្ណោះ។
មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិរូបនេះបញ្ជាក់ថា ការបញ្ចប់នូវវិបត្តិនយោបាយនៅកម្ពុជា គឺត្រូវធ្វើឡើងដោយការផ្តល់នូវដំណោះស្រាយបញ្ហាដែលភាគីទាំងសងខាងអាចទទួលយកបាន មិនមែនជាការគំរាមគ្នានោះទេ ព្រោះថាការប្រើអំណាចគំរាមកំហែង មិនត្រឹមតែមិនអាចដោះស្រាយបញ្ហាបានទេ ប៉ុន្តែគឺជាការបង្កនូវបញ្ហាកាន់តែធ្ងន់ធ្ងរទៅវិញ។ ជាងនេះទៀត បើទោះបីជាក្នុងជម្លោះនោះមានភាគីណាមួយឈ្នះដោយសារការគំរាមកំហែងនេះក៏ដោយ ក៏មិនអាចឱ្យកម្លាំងសាមគ្គីជាតិខ្មែររួបរួមគ្នាជាធ្លុងមួយបានដែរ។
ចាប់តាំងពីដើមខែមករា ឆ្នាំ២០២៣ មក ត្រូវគេមើលឃើញថា ស្ថានភាពនយោបាយនៅកម្ពុជាត្រូវរងនូវការគំរាមកំហែងពីមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន យ៉ាងធ្ងន់ធ្ងរ គ្រប់រូបភាព ដូចជាការប្រើប្រព័ន្ធតុលាការចោទប្តឹងមន្ត្រីបក្សក្រៅរដ្ឋាភិបាល និងចាប់ខ្លួនអ្នកទាំងនោះដាក់ពន្ធនាគាររហូតឈានដល់ការរារាំងគណបក្សរបស់ពួកគេមិនឲ្យចូលរួមបោះឆ្នោត ក្រោមលេសដ៏មិនសមហេតុផល ជាដើម។
ក្រៅពីគំរាមចាប់ខ្លួន និងប្តឹងមន្ត្រីបក្សក្រៅរដ្ឋាភិបាលទៅតុលាការ គេក៏មើលឃើញដែរថា មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន បានកែច្បាប់បោះឆ្នោតដើម្បីគាបសង្កត់សិទ្ធិឈរឈ្មោះបោះឆ្នោតរបស់មន្ត្រីគណបក្សភ្លើងទៀន ខណៈពេលដែលបក្សរបស់ពួកគេត្រូវហាមឃាត់មិនឲ្យចូលរួមបោះឆ្នោតនៅខែកក្កដា ឆ្នាំ២០២៣ នេះទៅហើយនោះ។
អង្គការ Freedom House បានចេញរបាយការណ៍របស់ខ្លួនកាលពីឆ្នាំ២០២២ ថា ប្រព័ន្ធនយោបាយរបស់កម្ពុជាត្រូវបានលោក ហ៊ុន សែន គ្រប់គ្រងផ្ដាច់មុខទាំងស្រុងទៅហើយ ក្នុងនោះបក្សប្រឆាំង បណ្ដាញសារព័ត៌មានឯករាជ្យ អ្នកតវ៉ាទាមទារសិទ្ធិសេរីភាព និងពលរដ្ឋខ្មែរត្រូវរស់នៅក្នុងភាពភ័យខ្លាចគ្រប់ៗគ្នា៕