មេដឹកនាំបក្សកាន់អំណាចដែលកំពុងគាបសង្កត់ក្រុមប្រឆាំង លោក ហ៊ុន សែន ចោទចៅសង្កាត់ជាប់ឆ្នោតពីគណបក្សភ្លើងទៀន នៅសង្កាត់អូរស្មាច់ ខេត្តឧត្តរមានជ័យ លោក ញៀន សារុំ ថាកំពុងព្យាយាមបង្កើតរដ្ឋក្នុងរដ្ឋ ហើយគុកក៏កំពុងរង់ចាំរូបលោកដែរ បើចៅសង្កាត់រូបនោះនៅតែបន្តសកម្មភាពរបស់ខ្លួនបន្ថែមទៀត។
មេដឹកនាំនយោបាយរំលោភអំណាចបំពានច្បាប់ផ្ដាច់មុខនៅប្រទេសកម្ពុជា លោក ហ៊ុន សែន បានសរសេរលើបណ្ដាញទំនាក់ទំនងតេឡេក្រាមរបស់ខ្លួនកាលពីថ្ងៃទី១៣ កក្កដា ថា ការណែនាំរបស់ចៅសង្កាត់ជាប់ឆ្នោតខេត្តឧត្តរមានជ័យ មិនឱ្យសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ពីគណបក្សភ្លើងទៀនដទៃទៀតទៅជួបប្រជុំ ដើម្បីចុះហត្ថលេខាទទួលស្គាល់ច្បាប់បោះឆ្នោតដែលបក្សកាន់អំណាចទើបនឹងកែប្រែ ព្រមទាំងត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីពេលថ្មីៗនេះ គឺជាទង្វើខុសឆ្គងយ៉ាងធ្ងន់ធ្ងរ។
អតីតមេកម្មាភិបាលយោធាខ្មែរក្រហមដែលកំពុងបន្តដឹកនាំប្រទេសកម្ពុជា លោក ហ៊ុន សែន ព្រមានថា ច្បាប់មិនតម្រូវឲ្យពួកគេផ្ដិតមេដៃទទួលស្គាល់ច្បាប់បោះឆ្នោតដែលទើបនឹងកែប្រែនេះទេ ប៉ុន្តែបើអ្នកទាំងនោះប្រឆាំងជាមួយនឹងច្បាប់ នោះគឺគុកជាអ្នកទទួលស្វាគមន៍ពួកគេជាមិនខាន ហើយបើសមាជិកបក្សភ្លើងទៀនទាំងនោះមិនជឿ ពួកគេអាចសាកល្បងបាន។
លោក ហ៊ុន សែន បញ្ជាក់ថា ប្រសិនបើគំនិតខាងលើនេះជាគំនិតរបស់ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន គឺមានន័យថាមន្ត្រីជាន់ខ្ពស់ក្នុងបក្សនេះកំពុងព្យាយាមបង្កើតរដ្ឋក្នុងរដ្ឋយ៉ាងពិតប្រាកដ ដែលរឿងនេះនឹងបង្កគ្រោះថ្នាក់សម្រាប់សមាជិកចៅសង្កាត់ទាំងនោះផង និងជាគ្រោះថ្នាក់សម្រាប់គណបក្សភ្លើងទៀនផងដែរ។
ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីសមាជិកក្រុមប្រឹក្សាសង្កាត់ជាប់ឆ្នោតនៅសង្កាត់អូរស្មាច់ ខេត្តឧត្តរមានជ័យ ណែនាំឱ្យសមាជិកចៅសង្កាត់ជាប់ឆ្នោតគណបក្សភ្លើងទៀនដទៃទៀតរក្សាជំហរកុំនាំគ្នាទៅចុះចូល ឬទៅចូលរួមប្រជុំជាមួយបក្សកាន់អំណាចកាលពីពេលថ្មីៗនេះ។
កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន បានទម្លាយសំឡេងសមាជិកក្រុមប្រឹក្សាសង្កាត់ជាប់ឆ្នោតសង្កាត់អូរស្មាច់ ខេត្តឧត្តរមានជ័យ ដែលបានណែនាំឱ្យសមាជិកក្រុមប្រឹក្សាសង្កាត់ជាប់ឆ្នោតគណបក្សភ្លើងទៀនដទៃទៀតកុំទៅចូលរួមប្រជុំជាមួយគណបក្សប្រជាជនកម្ពុជា ប្រសិនបើមានការអូសទាញណាមួយនោះ។ ក្រៅពីនេះទៀត ក៏មិនត្រូវចាញ់ឃោសនានាំគ្នាចុះហត្ថលេខាផ្ដិតមេដៃទទួលស្គាល់ច្បាប់បោះឆ្នោតដែលបក្សកាន់អំណាចទើបនឹងកែប្រែ ដើម្បីគាបសង្កត់គណបក្សក្រៅរដ្ឋាភិបាលដែរ។
ទាក់ទិននឹងបញ្ហានេះ មន្ត្រីជាន់ខ្ពស់ សមាជិក សកម្មជន និងគណបក្សភ្លើងទៀន ត្រូវគេសង្កេតឃើញថាកំពុងរងនូវការឃ្លាំមើល តាមដាន គាបសង្កត់ គំរាមកំហែងពីមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន យ៉ាងយកចិត្តទុកដាក់ជាទីបំផុត ចាប់តាំងពីដើមឆ្នាំ២០២៣ មក ក្នុងនោះមន្ត្រីជាន់ខ្ពស់បក្សនេះបានរងនូវបណ្តឹងរហូតត្រូវរឹបអូសទ្រព្យសម្បត្តិ និងរងនូវការចាប់ខ្លួនដាក់ពន្ធនាគារ ព្រមទាំងបិទខ្ទប់គណបក្សនេះមិនឱ្យចូលរួមការបោះឆ្នោតនៅខែកក្កដា ឆ្នាំ២០២៣ នេះថែមទៀត ខណៈសកម្មជន និងសមាជិកនៅមូលដ្ឋានត្រូវរងនូវការគំរាមកំហែង និងបង្ខិតបង្ខំឱ្យចុះចូលជាមួយបក្សកាន់អំណាចជាបន្តបន្ទាប់នៅពេលនេះ។
ប្រជាពលរដ្ឋនៅមូលដ្ឋាន សមាជិកបក្សកាន់អំណាច និងសកម្មជនបក្សក្រៅរដ្ឋាភិបាលមួយចំនួន បានទម្លាយប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ពីព្រោះបារម្ភអំពីសន្តិសុខផ្ទាល់ខ្លួនកាលពីពេលថ្មីៗនេះថា បន្ទាប់ពីច្បាប់បោះឆ្នោតដែលទើបនឹងកែប្រែត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខាឱ្យប្រើប្រាស់ជាផ្លូវការ សមាជិកគណបក្សប្រជាជនកម្ពុជានៅមូលដ្ឋានបានអូសទាញសមាជិកគណបក្សភ្លើងទៀន ជាពិសេសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ដែលជាប់ឆ្នោត ព្រមទាំងគាបសង្កត់ គំរាមកំហែងធ្ងន់ធ្ងរពីមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ក្នុងនោះមន្ត្រីបក្សភ្លើងទៀនទាំងអស់ត្រូវរងនូវការបង្ខំឱ្យទៅចូលរួមបោះឆ្នោតក្រោមការកំណត់របស់ច្បាប់ថ្មីថែមទៀត ក្រោមហេតុផលថា បើពួកគេមិនទៅបោះឆ្នោត ពួកគេនឹងអស់សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតទៅថ្ងៃក្រោយជាមិនខាន៕