លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចកាត់ដីឧទ្យានជាតិបុទុមសាគរជាង ៦ពាន់ហិកតារនៅខេត្តកោះកុង ប្រគល់ទៅឱ្យក្រុមហ៊ុនចម្ការកៅស៊ូរបស់លោក លី ភួនរ៉ាត់ ដែលជាកូនបង្កើតរបស់ឧកញ៉ា លី យ៉ុងផាត់ រហស្សនាមស្តេចកោះកុង បន្ទាប់ពីដីឧទ្យាននេះត្រូវបានកាត់ទៅឱ្យក្រុមហ៊ុនចិន UDG និងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់ឧកញ៉ា គិត ម៉េង អស់រាប់ម៉ឺនហិកតារកន្លងមក។
មេដឹកនាំខ្មែរដែលជាប់ឈ្មោះជាមេឧក្រិដ្ឋជនព្រៃឈើនៅកម្ពុជាលោក ហ៊ុន សែន បានចេញអនុក្រឹត្យមួយកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ដើម្បីកាត់ដីចំនួន ៦២៣៤ហិកតារ ស្ថិតក្នុងឧទ្យានជាតិបុទុមសាគរ ខេត្តកោះកុង ឱ្យទៅក្រុមហ៊ុនឯកជនឈ្មោះ កោះកុង រ៉ាប់ប៊ើរ ភ្លែនថេសិន (Koh Kong Rubber Plantation) របស់កូនបង្កើតឧកញ៉ា លី យ៉ុងផាត់ គឺលោក លី ភួនរ៉ាត់ ដើម្បីធ្វើការវិនិយោគ។
មេដឹកនាំបក្សកាន់អំណាចដែលកំពុងត្រៀមកាត់ដីរដ្ឋជាង ១លានហិកតារឱ្យក្រុមហ៊ុនឯកជន លោក ហ៊ុន សែន បញ្ជាក់ក្នុងអនុក្រឹត្យខាងលើថា ការកាត់ដីព្រៃនៃឧទ្យានជាតិបុទុមសាគរជាង ៦ពាន់ហិកតារនេះ ធ្វើឡើងតាមការស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ហើយក្រសួងបរិស្ថានក៏ត្រូវសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់ចែងលើដីដែលបានធ្វើអនុបយោគឱ្យក្រុមហ៊ុនឯកជននេះផងដែរ។
ការចេញអនុក្រឹត្យកាត់ដីព្រៃឧទ្យានជាតិបុទុមសាគរនេះ ធ្វើឡើងស្របពេលដែលគេរកឃើញថា ឧទ្យានជាតិមួយនេះកំពុងរងនូវការកាប់បំផ្លាញព្រៃឈើអស់រលីង បន្ទាប់ពីរដ្ឋាភិបាលបានកាត់ឱ្យទៅក្រុមហ៊ុនឯកជនសព្វថ្ងៃនេះ។
កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ អង្គការចលនាមាតាធម្មជាតិ បានទម្លាយរូបថតជាច្រើនសន្លឹកដែលបង្ហាញពីទិដ្ឋភាពនៅទីតាំងឧទ្យានជាតិបុទុមសាគរ ស្ថិតនៅភូមិថ្មស និងភូមិចម្លងគោ ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង ដែលបានបង្ហាញឱ្យឃើញពីការបាត់បង់ព្រៃឈើដោយសារតែរងនូវការកាប់បំផ្លាញ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានកាត់ដីនៅតំបន់ឧទ្យាននោះឱ្យទៅក្រុមហ៊ុនចិន UDG និងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់ឧកញ៉ា គិត ម៉េង នាពេលកន្លងមក។
អង្គការចលនាមាតាធម្មជាតិកម្ពុជា បានស្នើឱ្យប្រមុខរាជរដ្ឋាភិបាលលោក ហ៊ុន សែន បញ្ឈប់ការលក់ឧទ្យានជាតិបុទុមសាគរក្នុងខេត្តកោះកុង ទៅឱ្យក្រុមហ៊ុនឯកជនបន្តទៀត ព្រោះថាឧទ្យានជាតិបុទុមសាគរ ដែលជាកេរដំណែលរបស់សម្តេចព្រះបាទ នរោត្តម សីហនុ បន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយ ពេលនេះត្រូវបានបំផ្លាញធនធានធម្មជាតិទាំងស្រុងដោយក្រុមហ៊ុនចិន UDG និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប របស់ឧកញ៉ា គិត ម៉េង ព្រមទាំងក្រុមហ៊ុនឯកជនជាច្រើនផ្សេងទៀតនៅពេលនេះ។
ក្រុមហ៊ុន Union Development Group (UDG) ទទួលបានដីសម្បទានចំនួន ៣ម៉ឺន ៦ពាន់ហិកតារកាលពីឆ្នាំ២០០៨ សម្រាប់ជួលរយៈពេល ៩៩ឆ្នាំនៅខេត្តកោះកុង ដើម្បីអភិវឌ្ឍមណ្ឌលកម្សាន្តទេសចរណ៍ធម្មជាតិ «តារាសាគរ» ក្នុងទំហំទឹកប្រាក់ ៣៨០០លានដុល្លារអាមេរិក ដែលក្នុងនោះក៏មានការសាងសង់ព្រលានយន្តហោះដ៏ធំជាងគេបំផុតនៅកម្ពុជា និងកំពង់ផែទឹកជ្រៅ ដែលអាចបម្រើដល់ការសំចតនាវាចម្បាំងផងដែរ។
ជាងនេះទៀត កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ លោក ហ៊ុន សែន ក៏បានចេញអនុក្រឹត្យកាត់ផ្ទៃដីទំហំជាង ១៦០ហិកតារក្នុងឧទ្យានជាតិបុទុមសាគរនេះដែរ ក្រោមលក្ខខណ្ឌជួលឱ្យក្រុមហ៊ុន រ៉ូយាល់គ្រុប ដើម្បីធ្វើការអភិវឌ្ឍរោងចក្រអគ្គិសនីដុតធ្យូងថ្មរបស់ឧកញ៉ា គិត ម៉េង។
កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ បានចេញអនុក្រឹត្យបង្កើតតំបន់ឧទ្យានជាតិបុទុមសាគរ មានផ្ទៃដី ១៨ម៉ឺន ៣៤០៨ហិកតារ ទុកជាតំបន់ធម្មជាតិ និងជាដែនជម្រកសត្វព្រៃ និងមច្ឆជាតិគ្រប់ប្រភេទ ដែលស្ថិតនៅស្រុកបុទុមសាគរ ខេត្តកោះកុង ប៉ុន្តែឧទ្យានជាតិមួយនេះត្រូវបានលោកនាយករដ្ឋមន្ត្រីកាត់ឆ្វៀលឱ្យទៅក្រុមហ៊ុនឯកជនជាបន្តបន្ទាប់រហូតមក ដែលជាហេតុធ្វើឱ្យធនធានធម្មជាតិនៅតំបន់នោះរងនូវការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។
ទាក់ទិននឹងការសម្បទានដីរដ្ឋឱ្យបុគ្គលឯកជន និងក្រុមហ៊ុនឯកជន កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យមួយដោយកំណត់ដីសាធារណៈរបស់រដ្ឋជិត ១លានហិកតារនៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តចំនួន១៥ ដូចជាខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងខេត្តព្រះវិហារ ជាដើម ដើម្បីត្រៀមធ្វើអនុបយោគ និងបែងចែកជាកម្មសិទ្ធិឱ្យទៅក្រុមហ៊ុនឯកជននានាដើម្បីធ្វើការអភិវឌ្ឍ ខណៈខេត្តដែលមិនជាប់ក្នុងអនុក្រឹត្យនេះ ក៏ត្រូវរងនូវការបែងចែកឱ្យទៅក្រុមហ៊ុនឯកជនកាន់កាប់ធ្វើជាកម្មសិទ្ធិជាបន្តបន្ទាប់ផងដែរ៕