មន្ត្រីសង្គមស៊ីវិលទទួលបន្ទុកសិទ្ធិមនុស្ស អំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធងាកទៅដោះស្រាយវិវាទការងារនៃក្រុមហ៊ុនណាហ្គាវើលដ៍ ដើម្បីកុំឱ្យបញ្ហានេះក្លាយជាជំងឺរ៉ាំរ៉ៃសម្រាប់ប្រទេសកម្ពុជា និងរដ្ឋាភិបាលអាណត្តិថ្មីដែលនឹងកើតឡើងនាពេលដ៏ខ្លីខាងមុខនេះ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (adhoc) លោក ស៊ឹង សែនករុណា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១ សីហា នេះថា ការបណ្តែតបណ្តោយឱ្យសង្គមដែលស្ថិតក្រោមការដឹកនាំរបស់ខ្លួនមានបញ្ហាបន្តកន្ទុយគ្នា មិនមែនជារឿងល្អសម្រាប់គណបក្សឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាលនោះទេ ព្រោះថាជំងឺសង្គមទាំងនោះនឹងក្លាយជាវិបត្តិធ្ងន់ធ្ងរសម្រាប់ប្រទេសកម្ពុជាទៅថ្ងៃក្រោយ ខណៈប្រជាពលរដ្ឋក៏នឹងត្រូវរងនូវឥទ្ធិពលដ៏អាក្រក់ពីវិបត្តិសង្គមទាំងនេះផងដែរ។
លោក ស៊ឹង សែនករុណា លើកឡើងថា វិវាទការងារនៃក្រុមណាហ្គាវើលដ៍នេះ បានធ្វើឱ្យកម្មករនិយោជិតជាង ១ពាន់នាក់រងនូវភាពអយុត្តិធម៌ ដែលបានអូសបន្លាយអស់រយៈពេលជិត ២ឆ្នាំមកហើយ ដូច្នេះឥទ្ធិពលដ៏អាក្រក់នៃជម្លោះនេះ នឹងក្លាយជាគំរូដ៏អាក្រក់មួយនៅកម្ពុជាសម្រាប់ថៅកែក្រុមហ៊ុនដែលមានចេតនាកេងប្រវ័ញ្ចញើសឈាមកម្លាំងកម្មករដទៃទៀតយកតម្រាប់តាម ដែលជាមូលហេតុធ្វើឱ្យខូចកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាយ៉ាងធ្ងន់ធ្ងរនៅលើឆាកអន្តរជាតិ។
មន្ត្រីសង្គមស៊ីវិលរូបនេះបញ្ជាក់ថា ការគេចវេះមិនដោះស្រាយដោយទុកឱ្យបញ្ហាអូសបន្លាយបែបនេះ មិនមែនជារឿងល្អឡើយសម្រាប់កេរ្តិ៍ឈ្មោះរបស់កម្ពុជា ព្រោះថាបើមិនចង់ឱ្យកម្ពុជាមានកេរ្តិ៍ឈ្មោះអាក្រក់ទាក់ទិននឹងការរំលោភសិទ្ធិការងារពីថៅកែក្រុមហ៊ុន ឬថៅកែរោងចក្រទេ គ្មានវិធីណាល្អជាងយកបញ្ហាទាំងនោះមកដាក់លើតុ ហើយជជែកវែកញែកដើម្បីដោះស្រាយបញ្ចប់វិបត្តិទាំងនោះឡើយ។
កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ ប្រមាណ ២០នាក់ បានបន្តធ្វើកូដកម្មក្រោមតំណក់ទឹកភ្លៀងនៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍២ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្នុងគោលបំណងទាមទារឲ្យថៅកែក្រុមហ៊ុនដោះស្រាយឲ្យពួកគេបានចូលធ្វើការងារវិញ និងស្នើសុំឲ្យតុលាការដោះលែងកញ្ញា ឈឹម ស៊ីថរ និងទម្លាក់ចោលបទចោទប្រកាន់មកលើសមាជិកសហជីពរបស់ពួកគេផងដែរ។
ក្រុមកូដករទាំងនោះចេញតវ៉ាដោយមានកាន់បដាដែលសរសេរពាក្យថា “មានលុយសង់ណាហ្គា៣ យកលេសកូវីដ ដើម្បីរំលាយសហជីព” “មានលុយសង់ណាហ្គា៣ តែគ្មានលទ្ធភាពរក្សាបុគ្គលិក ក្នុងចេតនាពិតចង់រំលាយសហជីព LRSU” និងពាក្យថា “យកលេសកូវីដ ដើម្បីរំលាយសហជីព” ជាដើម ខណៈសន្តិសុខរបស់ក្រុមហ៊ុនជាង ១០នាក់ បានឈរជាជួរ និងដាក់បារ៉ាស់បិទនៅខាងមុខក្រុមហ៊ុននៅអំឡុងពេលនោះផងដែរ។
កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ កន្លងទៅ ក្រុមហ៊ុនណាហ្គាវើលដ៍បានប្រកាសបញ្ឈប់កម្មករនិយោជិតជាង ១ពាន់នាក់ ក្រោមមូលហេតុជួបវិបត្តិហិរញ្ញវត្ថុដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ប៉ុន្តែកម្មករនិយោជិតទាំងនោះអះអាងថា ការលើកឡើងនេះគ្រាន់តែជាលេសរបស់ក្រុមហ៊ុនក្នុងចេតនាចង់រំលាយក្រុមសហជីពដែលតែងតែជួយការពារសិទ្ធិកម្មករកន្លងមកប៉ុណ្ណោះ។
បន្ទាប់ពីក្រុមហ៊ុនបញ្ឈប់កម្មករដោយរំលោភបំពានច្បាប់ការងារ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ជាង ១៣០០នាក់ នាំគ្នាធ្វើកូដកម្មដោយសន្តិវិធីនៅមុខក្រុមហ៊ុនល្បែងស៊ីសងនេះ ដើម្បីទាមទារឱ្យក្រុមហ៊ុនទទួលយកបុគ្គលិកទាំង ៣៦៥នាក់ ដែលក្រុមហ៊ុនបានបញ្ឈប់ ឱ្យចូលបម្រើការងារវិញ ប៉ុន្តែត្រូវអាជ្ញាធរចោទថា ពួកគេបានធ្វើចលនាបដិវត្តពណ៌ដែលមានការរៀបចំ និងបណ្តុះបណ្តាលដោយពួកបរទេស។
ចាប់តាំងពីថ្ងៃចាប់ផ្តើមធ្វើកូដកម្មនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ពេលនេះមានរយៈពេលជិត ២ឆ្នាំហើយ ប៉ុន្តែវិវាទនេះនៅតែគ្មានដំណោះស្រាយដដែល ខណៈប្រធានសហជីពកញ្ញា ឈឹម ស៊ីថរ ក៏ត្រូវបានសមត្ថកិច្ចក្រុងភ្នំពេញចាប់ខ្លួនសាជាថ្មីម្តងទៀតកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ និងក្រុមកូដករមួយចំនួនផ្សេងទៀតកំពុងរងនូវបណ្តឹងនានាតាមផ្លូវតុលាការ ខណៈលោក ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រី បែរជាចោទថា ពួកគេស៊ីឈ្នួលធ្វើបាតុកម្មទៅវិញ៕