The Cambodia Daily Khmer

សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ​ដោះលែង​តំណាង​សកម្មជន​ដីធ្លី​ពីរ​នាក់​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន

តំណាង​សកម្មជន​ដីធ្លី​ខេត្ត​កោះកុង លោកស្រី ផាវ ញ៉ើង និង​លោកស្រី សេង លីន បន្ទាប់ពី​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នៅ​ថ្ងៃទី​៦ ខែ​តុលា ឆ្នាំ​២០២៣។

សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ សម្រេច​ដោះលែង​តំណាង​សកម្មជន​ដីធ្លី​នៅ​ខេត្ត​កោះកុង ពីរ​រូប​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន បន្ទាប់ពី​ជាប់​ពន្ធនាគារ​ខេត្ត​នេះ​ជាង ៣​ខែ។

ការ​សម្រេច​នេះ បន្ទាប់ពី​សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ បាន​បើក​សវនាការ​លើ​បណ្តឹង​សុំ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ករណី​លោកស្រី ផាវ ញ៉ើង និង​លោកស្រី សេង លីន ដែល​ជា​សកម្មជន​ដីធ្លី និង​តំណាង​សហគមន៍​នៅ​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង នៅ​ថ្ងៃទី​៥ ខែ​តុលា ឆ្នាំ​២០២៣។

ក្រោយពី​បើក​សវនាការ សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ បាន​សម្រេច​ប្រកាស​សាលដីកា​នៅ​ថ្ងៃ​ដដែល​នេះ ដោយ​សម្រេច​ដោះលែង​លោកស្រី ផាវ ញ៉ើង និង​លោកស្រី សេង លីន ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន។

អំឡុង​សាលា​ឧទ្ធរណ៍​បើក​សវនាការ ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​ខេត្ត​កោះកុង ជាច្រើន​នាក់​ក៏​បាន​នាំគ្នា​ឡើង​ទៅ​ប្រមូលផ្ដុំ​ខាង​មុខ​តុលាការ ដោយ​លើក​បដា​ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​តំណាង​ពួកគេ​ទាំង ២​រូប​ផង​ដែរ។

ក្រុម​ប្រជាពលរដ្ឋ​ទាំងនោះ​បាន​សរសេរ​លើ​បដា​ថា ពួកគេ​ត្រូវការ​យុត្តិធម៌ ដូច្នេះ​ស្នើសុំ​ឲ្យ​តុលាការ​ដោះលែង​លោកស្រី ផាវ ញ៉ើង និង​លោកស្រី សេង លីន ឲ្យ​មាន​សេរីភាព​វិញ និង​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ដែល​បាន​រង​ទុក្ខ​វេទនា​ជា​យូរ​ឆ្នាំ​ណាស់​មក​ហើយ។

ក្រៅពី​ទាមទារ​ដោះស្រាយ និង​ដោះលែង​នោះ ពួកគេ​ក៏​បាន​សរសេរ​ដោយ​ភ្ជាប់​ទៅ​នឹង​ការ​ថ្លែង​របស់​លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​នា​ពេល​កន្លង​ថា សកម្មជន​ដីធ្លី​មិន​ត្រូវ​ជាប់​ពន្ធនាគារ​ដោយសារ​ការ​តវ៉ា​រឿង​ដីធ្លី​ឡើយ។

សកម្មជន​ដីធ្លី លោកស្រី ផាវ ញ៉ើង និង​លោកស្រី សេង លីន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ជាមួយ​តំណាង​របស់​ពួកគេ​ចំនួន ៧​រូប​ផ្សេង​ទៀត​កាលពី​ចុង​ខែ​មិថុនា ឆ្នាំ​២០២៣។ ការ​ចាប់​ខ្លួន​នេះ ធ្វើឡើង​អំឡុង​ពេល​ដែល​តំណាង​សហគមន៍​ដីធ្លី​ទាំង ៩​រូប​បាន​ទៅ​ដាក់​ញត្តិ​នៅ​ក្រសួង​យុត្តិធម៌ ដើម្បី​ស្នើសុំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ជួយ​អន្តរាគមន៍​ទៅ​តុលាការ​ខេត្ត​កោះកុង ឲ្យ​ទម្លាក់​បទ​ចោទប្រកាន់​លើ​សមាជិក​របស់​ពួកគេ​ចំនួន ៣០​រូប​ពាក់ព័ន្ធ​រឿង​វិវាទ​ដីធ្លី​ជាមួយ​ឧកញ៉ា ហេង ហ៊ុយ។

ក្នុង​ចំណោម​សកម្មជន​ដីធ្លី​ទាំង ៩​រូប តុលាការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ ៧​រូប​កាលពី​ចុង​ខែ​សីហា ឆ្នាំ​២០២៣ ខណៈ​លោកស្រី ផាវ ញ៉ើង និង​លោកស្រី សេង លីន មិន​ត្រូវ​បាន​ដោះលែង​ឡើយ ដោយ​តុលាការ​ខេត្ត​ព្រះសីហនុ ថា​អ្នក​ទាំង​ពីរ​ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង កាត់ទោស​រួច​ហើយ។

កាលពី​ថ្ងៃទី​០២ ខែ​សីហា ឆ្នាំ​២០២៣ តុលាការ​ខេត្ត​កោះកុង បាន​ផ្ដន្ទាទោស​សកម្មជន​លោកស្រី ផាវ ញ៉ើង និង​លោកស្រី សេង លីន ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ១​ឆ្នាំ និង​បង្គាប់​ឲ្យ​បង់​ប្រាក់​សំណង​ចំនួន ៤០​លាន​រៀល​ទៅ​ឲ្យ​ដើម​បណ្តឹង​រដ្ឋប្បវេណី ក្រោម​បទ​ចោទប្រកាន់ «ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ» ដែល​ប្ដឹង​ដោយ​ឧកញ៉ា ហេង ហ៊ុយ។

តុលាការ​ចោទប្រកាន់​លើ​តំណាង​សហគមន៍​ទាំង​ពីរ​នាក់​ពាក់ព័ន្ធ​នឹង​ការ​ប្រមូលផ្ដុំ​នៅ​មុខ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពី​ឆ្នាំ​២០១៩ ដើម្បី​ដាក់​ញត្តិ​ស្វែងរក​ដំណោះស្រាយ​សមស្រប​មួយ​ជុំវិញ​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​របស់​ពួកគេ។

ក្រុម​ពលរដ្ឋ​អះអាង​ថា ពួកគេ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ឧកញ៉ា ហេង ហ៊ុយ តាំងពី​ឆ្នាំ​២០០៧ មក​ម្ល៉េះ ដោយ​គិត​ដល់​បច្ចុប្បន្ន វិវាទ​ដីធ្លី​នេះ​មិនទាន់​មាន​ដំណោះស្រាយ​នៅឡើយ៕

© 2023, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version