ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ដែលគេហៅថា កំពូលបុរសខ្លាំងនៅវិមានក្រឹមឡាំង ដែលជាអ្នកបញ្ជាទ័ពឈ្លានពានប្រទេសអ៊ុយក្រែន បានបញ្ជូនសារចំអកឱ្យលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក។ សាររបស់លោក ពូទីន ដែលចំអកឱ្យលោក បៃដិន ត្រូវបានសារព័ត៌មាន Financial World ចុះផ្សាយកាលពីថ្ងៃទី១៩ ខែតុលា។
លោក ពូទីន បានបញ្ជូនសារអញ្ជើញលោក ចូ បៃដិន ដោយស្នើឱ្យមេដឹកនាំសហរដ្ឋអាមេរិករូបនេះមកក្រុងមូស្គូ ដើម្បីជួបជុំអ្នកការទូត ហើយផឹកតែមួយប៉ាន់រួមគ្នា ដែលអ្នកសង្កេតការណ៍យល់ថាជាកាយវិការដ៏ល្អរបស់បុរសខ្លាំងនៅរុស្ស៊ី។
ការជួបជុំនេះ លោក ពូទីន ទំនងចង់បង្ហាញនូវរបៀបវារៈមួយដ៏សំខាន់របស់ក្រុងមូស្គូ ដែលចង់ឱ្យក្រុងវ៉ាស៊ីនតោន ដកអាវុធរបស់អាមេរិកចេញពីអ៊ុយក្រែន ហើយជាការលើកទឹកចិត្តទៅរកការចរចាសន្តិភាព និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
តែការសម្ដែងរបស់លោក ពូទីន ត្រូវបានគេដឹងថា នៅពេលលោកជួបជាមួយលោក ស៊ី ជីនពីង នៅវេទិកាស្ដីពីខួប ១០ឆ្នាំនៃគម្រោងអភិវឌ្ឍន៍ខ្សែក្រវាត់មួយផ្លូវមួយរបស់ចិន ហើយឆ្លៀតពេលនោះ លោក ពូទីន ក៏ផ្ដើមចំអកឲ្យសហរដ្ឋអាមេរិក ជាពិសេសលោក បៃដិន ដែលសម្រេចបញ្ជូនគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ ATACM ទៅឱ្យអ៊ុយក្រែន ហើយបើតាមដំណឹងមកថា មីស៊ីលនេះបានចូលដល់ទឹកដីអ៊ុយក្រែន ដោយស្ងាត់ៗ។
អ៊ុយក្រែន បានប្រើប្រាស់វានៅសមរភូមិ ដោយបាញ់ចំគោលដៅទៀតផង គឺបាញ់ចំមូលដ្ឋានទ័ពអាកាសរបស់រុស្ស៊ី ចំនួន ២កន្លែង ដែលបណ្ដាលឱ្យឆេះឧទ្ធម្ភាគចក្ររបស់រុស្ស៊ី យ៉ាងតិច ៦គ្រឿង។
សាររបស់លោក ពូទីន ដែលបញ្ជូនទៅឱ្យលោក បៃដិន បានរៀបរាប់ដោយចំអកថា បើរុស្ស៊ីចាញ់សង្គ្រាម ហេតុអ្វីបានជាអាមេរិកបញ្ជូនមីស៊ីល ATACM ទៅឱ្យអ៊ុយក្រែន។
លោកថា យកអាវុធនេះត្រឡប់ទៅវិញទៅ និងអាវុធផ្សេងៗទៀតយកវាទៅវិញទៅ ហើយផឹកតែជាមួយគ្នា វាល្អជាង។ តែយ៉ាងណា ប្រធានាធិបតីអ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី បានថ្លែងអរគុណសហរដ្ឋអាមេរិកដែលបានបញ្ជូនមីស៊ីល ATACM មកឱ្យអ៊ុយក្រែន ដែលធ្វើឱ្យទ័ពអ៊ុយក្រែនមានសមត្ថភាពក្នុងការការពារទឹកដីពីការឈ្លានពានរបស់រុស្ស៊ី។
លោក ហ្សេឡេនស្គី អះអាងថា មីស៊ីលដ៏ទំនើបនេះគឺជាអាវុធដ៏ស័ក្តិសិទ្ធិអាចធ្វើឱ្យកងទ័ពរបស់អ្នកឈ្លានពានបាក់ទឹកចិត្ត ព្រោះគ្រាន់តែ ចាប់ផ្ដើមប្រើវាភ្លាម គឺបាញ់ចំគោលដៅបានយ៉ាងល្អ។ លោក ហ្សេឡេនស្គី អះអាងថា សហគមន៍អន្តរជាតិនៅតែបន្តជួយអ៊ុយក្រែន រហូតអ្នកឈ្លានពានបញ្ចប់សង្គ្រាម។
មីស៊ីល ATACM ជាមីស៊ីលដែលអាចបាញ់បានចម្ងាយរហូតដល់ទៅ ៣២០គីឡូម៉ែត្រ។ វាអាចបំពាក់ដោយគ្រាប់បែកចង្កោមទៀតផង។
គ្រាប់មីស៊ីលដែលបញ្ជូនទៅឱ្យអ៊ុយក្រែន វាអាចបាញ់ចេញពីកាណុងនៃប្រព័ន្ធកាំភ្លើងធំរ៉ុក្កែត HIMARS ដែលអាវុធនេះហើយបានវាយឱ្យទ័ពរុស្ស៊ីបាក់ទ័ពកាលពីខែតុលា ឆ្នាំ២០២២ នៅសមរភូមិភាគខាងត្បូង និងភាគឥសានប្រទេសអ៊ុយក្រែន។ រ៉ុក្កែត HIMARS ជាអាវុធដែលបំពាក់ដោយប្រព័ន្ធ GPS។
បច្ចុប្បន្ន អ៊ុយក្រែនមានមីស៊ីលរយៈចម្ងាយឆ្ងាយមាន ៣ប្រភេទ គឺគ្រាប់មីស៊ីល ATACM របស់អាមេរិក គ្រាប់មីស៊ីល Storm Shadow របស់អង់គ្លេស និងគ្រាប់មីស៊ីល SCALP EG របស់បារាំង តែមីស៊ីលរបស់អង់គ្លេស និងបារាំង ជាមីស៊ីលដែលបាញ់ចេញពីយន្តហោះចម្បាំង។
នៅមុនការបញ្ជូនមីស៊ីលទាំង ៣ប្រភេទនេះ ក្រុងមូស្គូតែងតែព្រមានអាមេរិក អង់គ្លេស បារាំង និងក្រុមណាតូ តែទីបំផុត ក្រុមប្រទេសណាតូនៅតែបញ្ជូនអាវុធទំនើបៗទៅឱ្យអ៊ុយក្រែន។
លោក ពូទីន ថ្លែងចំអកថា ទោះបីអាមេរិក និងសម្ព័ន្ធមិត្តបញ្ជូនអាវុធទំនើបៗជាច្រើនទៀតជួយអ៊ុយក្រែន ក៏ត្រឹមតែធ្វើឱ្យអ៊ុយក្រែននៅសល់តែផេះប៉ុណ្ណោះ។ លោកថា លោកចង់ប្រាប់លោក បៃដិន ថា ដោយសារតែអ៊ុយក្រែនមានអាវុធរបស់ពួកណាតូនេះហើយ ដែលអ៊ុយក្រែនមិនធ្វើដំណើរទៅរកតុចរចា។
រហូតមកទល់ពេលនេះ លោក បៃដិន មិនមានប្រតិកម្មនឹងសារចំអករបស់លោក ពូទីន នៅឡើយទេ ប៉ុន្តែកន្លងមក លោក បៃដិន តែងតែវាយប្រហារលោក ពូទីន ថា លែងសមជាមេដឹកនាំស្របច្បាប់របស់រុស្ស៊ីទៀតហើយ ក៏ព្រោះតែតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ចេញដីកាចាប់ខ្លួនពីបទឧក្រិដ្ឋកម្មសង្គ្រាមទៅលើប្រជាជនអ៊ុយក្រែន។
កាលពីពេលថ្មីៗនេះ សភាអឺរ៉ុបបានចេញដំណោះស្រាយ ដោយអំពាវនាវសុំឱ្យប្រទេសទាំងអស់ផ្ដាច់ការទាក់ទងនឹងលោក ពូទីន ព្រោះបុរសខ្លាំងរូបនេះជាប់ពិរុទ្ធភាពនៃបទល្មើសឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្រោមដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិដែលមានមូលដ្ឋាននៅប្រទេសហុឡង់ដ៍៕
© 2023, ឌឹ ខេមបូឌា ដេលី. All rights reserved.
