ក្រុមសកម្មជនចលនាមាតាធម្មជាតិ ប្ដេជ្ញាតាមដានការកាត់ឆ្វៀលដីឧទ្យានជាតិនានាពីសំណាក់រដ្ឋាភិបាលឱ្យទៅក្រុមហ៊ុន វ័នម័រ (One More) របស់ឧកញ៉ា ជឹង សុគន្ធាវី ធ្វើជាកម្មសិទ្ធិបន្តទៀត ហើយពួកគេក៏នឹងប្ដេជ្ញានៅតែបន្តពហិការមិនទិញផលិតផលរបស់ក្រុមហ៊ុនឧកញ៉ារូបនេះដែរ បើរដ្ឋាភិបាលនៅតែមិនដកសិទ្ធិកាន់កាប់លើដីក្នុងតំបន់អភិរក្សពីក្រុមហ៊ុននានារបស់ឧកញ៉ា ជឹង សុគន្ធាវី ទេនោះ។
ក្រុមសកម្មជនចលនាមាតាធម្មជាតិ បានចេញវីដេអូប្រវែងជាង ៣នាទីកាលពីថ្ងៃទី១៥ វិច្ឆិកា នេះ ដោយលើកឡើងពីការតាមដានរបស់ខ្លួនជុំវិញការកាត់ឆ្វៀលដីក្នុងតំបន់ឧទ្យានជាតិនានា ជាពិសេសក្នុងឧទ្យានជាតិកែប ដែលរដ្ឋាភិបាលបានកាត់ឆ្វៀលឱ្យទៅជាកម្មសិទ្ធិរបស់ឧកញ៉ា ជឹង សុគន្ធាវី នាពេលកន្លងមក ដែលមានទំហំផ្ទៃដីសរុបដល់ទៅជិត ១ពាន់ហិកតារ (៩៦៩ហិកតារ) ទៅហើយនោះ។
ក្រុមសកម្មជនការពារបរិស្ថានខាងលើ លើកឡើងថា ក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះក្នុងឆ្នាំ២០២២ កន្លងទៅ រដ្ឋាភិបាលកម្ពុជាបានផ្តល់ដីក្នុងឧទ្យានជាតិដែលសម្បូរទៅដោយធនធានធម្មជាតិដល់ទៅ ៤កន្លែងខុសៗគ្នា ឱ្យទៅជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឯកជនរបស់ឧកញ៉ារូបនេះ ដើម្បីធ្វើការអភិវឌ្ឍ ដែលបញ្ហានេះបានធ្វើឱ្យធនធានធម្មជាតិរបស់ប្រទេសកម្ពុជាក្នុងតំបន់អភិរក្សទាំងនោះ រងនូវការបំផ្លាញយ៉ាងធ្ងន់ធ្ងរ។
ការអះអាងនេះ ធ្វើឡើងដើម្បីជំរុញឱ្យរដ្ឋាភិបាលកម្ពុជាដកហូតដីក្នុងតំបន់អភិរក្សដែលខ្លួនបានកាត់ឆ្វៀលឱ្យក្រុមហ៊ុនឧកញ៉ា ជឹង សុគន្ធាវី យកមកគ្រប់គ្រងវិញ ដើម្បីធានានិរន្តរភាពនៃធនធានធម្មជាតិរបស់ខ្មែរមិនត្រូវរងនូវការបំផ្លាញ។
ដីនៅក្នុងតំបន់ឧទ្យាននានា ត្រូវប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន កាត់ឆ្វៀលឱ្យក្រុមហ៊ុនឯកជនធ្វើជាកម្មសិទ្ធិជាបន្តបន្ទាប់។ ជាក់ស្តែង កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ហ៊ុន សែន បានកាត់ដីឧទ្យានជាតិកែបទំហំ ២៩ហិកតារស្ថិតក្នុងសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដើម្បីជួលទៅឱ្យក្រុមហ៊ុន វ័នម័រ (One More) របស់អ្នកឧកញ៉ា ជឹង សុគន្ធាវី សម្រាប់ប្រែក្លាយទីតាំងនោះទៅជាតំបន់ទេសចរណ៍ធម្មជាតិ។
ជាងនេះទៀត កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចេញអនុក្រឹត្យផ្តល់ដីឧទ្យានជាតិគិរីរម្យចំនួន ២២១ហិកតារ និង ៩៤អា ស្ថិតក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ឱ្យក្រុមហ៊ុន វ័នម័រ (One More) របស់អ្នកឧកញ៉ា ជឹង សុគន្ធាវី ធ្វើជាកម្មសិទ្ធិជារៀងរហូតផងដែរ។
ដោយឡែកកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ លោក ហ៊ុន សែន ក៏បានចេញអនុក្រឹត្យកាត់ដីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ទំហំ ៦៤៩ហិកតារ ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឃុំក្តុលសែនជ័យ និងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ឱ្យក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (One Fraternity Co, LTD) របស់អ្នកឧកញ៉ា ជឹង សុគន្ធាវី ធ្វើជាកម្មសិទ្ធិថែមទៀត។
លើសពីនេះ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានសម្រេចកាត់ផ្ទៃដីចំនួន ៧០ហិកតារ ស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមា សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ឱ្យទៅក្រុមហ៊ុន One Prosperity ដែលជាក្រុមហ៊ុនជាប់ខ្សែស្រឡាយជាមួយនឹងអ្នកស្រី ជឹង សុភាព ហៅយាយភូ យកទៅវិនិយោគជាតំបន់អេកូទេសចរណ៍ផងដែរ។
អ្នកឧកញ៉ា ជឹង សុគន្ធាវី គឺជាកូនស្រីរបស់ឧកញ៉ា ជឹង សុភាព ដែលជាអនុប្រធានកាកបាទក្រហមកម្ពុជា ដែលត្រូវជាភរិយារបស់លោក ឡាវ ម៉េងឃីន ជាសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា ក្នុងពេលបច្ចុប្បន្ននេះ ហើយអ្នកស្រី ជឹង សុភាព ក៏ជាមិត្តជិតស្និទ្ធបំផុតរបស់អ្នកស្រី ប៊ុន រ៉ានី ដែលជាភរិយារបស់លោក ហ៊ុន សែន ផងដែរ។
ទាក់ទិននឹងការបែងចែកដីរដ្ឋឱ្យបុគ្គលឯកជន និងក្រុមហ៊ុនឯកជននេះ ឧកញ៉ាដែលជាមនុស្សជិតស្និទ្ធនឹងអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាច្រើននាក់ រួមទាំងសាច់ញាតិ និងកូនបង្កើតរបស់គាត់ផង បានទទួលដីរដ្ឋជាច្រើនរយហិកតារធ្វើជាកម្មសិទ្ធិ ដូចជា ឧកញ៉ា ពុង ឃាវសែ ឧកញ៉ា ជឹង សុភាព ឧកញ៉ា ជឹង សុគន្ធាវី ឧកញ៉ា ទ្រី ភាព និងឧកញ៉ា លី យ៉ុងផាត់ ជាដើម សុទ្ធតែមានចំណែកទទួលបានដីទាំងនោះ។
ជាងនេះទៀត អ្នកស្រី ហ៊ុន ម៉ាណា និងអ្នកស្រី ហ៊ុន ម៉ាលី ដែលត្រូវជាកូនស្រីបង្កើតរបស់លោក ហ៊ុន សែន ក៏ទទួលបានដីរដ្ឋរាប់រយហិកតារពីការកាត់ឆ្វៀលនេះផងដែរ។
អង្គការ Client Earth បានបង្ហាញរបាយការណ៍របស់ខ្លួនកាលពីពេលកន្លងទៅថា ជាង ៤០% នៃផ្ទៃដីរបស់កម្ពុជា ឬប្រហែល ៧,៥លានហិកតារ ត្រូវបានបែងចែកជាតំបន់ការពារធម្មជាតិ ប៉ុន្តែភាគច្រើននៃតំបន់ទាំងនេះ ត្រូវបានការពារតែឈ្មោះប៉ុណ្ណោះ ព្រោះរដ្ឋាភិបាលបានកាត់ឆ្វៀលដីក្នុងតំបន់អភិរក្សទាំងនោះឱ្យក្រុមហ៊ុនឯកជនធ្វើជាកម្មសិទ្ធិជាបន្តបន្ទាប់រហូតមក។
កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ អតីតព្រះមហាក្សត្រខ្មែរសម្តេចព្រះ នរោត្តម សីហនុ បានឡាយព្រះហស្តលេខាលើព្រះរាជ្យក្រឹត្យមួយ សម្រេចបង្កើតឧទ្យានជាតិកែប លើទំហំផ្ទៃដី ៥ពាន់ហិកតារ (៥០០០ហិកតារ) ប៉ុន្តែនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១០ មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន បានចេញអនុក្រឹត្យមួយសម្រេចកែប្រែឧទ្យានជាតិនេះមកនៅត្រឹមតែ ១១៥២ហិកតារវិញ។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ លោក ហ៊ុន សែន បានចេញអនុក្រឹត្យមួយទៀតដោយសម្រេចពង្រីកឧទ្យានជាតិកែបពីទំហំ ១១៥២ហិកតារ ទៅជា ១២៣០ហិកតារវិញ ខណៈឧទ្យាននេះបានរងនូវការកាត់ឆ្វៀលជាបន្តបន្ទាប់៕