អតីតមេដឹកនាំបក្សប្រឆាំងដែលកំពុងនិរទេសខ្លួនឯងនៅក្រៅស្រុកលោក សម រង្ស៊ី លើកឡើងថា គណបក្សសង្គ្រោះជាតិដែលលោក កឹម សុខា និងរូបលោកផ្ទាល់បានបង្កើតឡើងកាលពីឆ្នាំ២០១២ គឺជាគណបក្សមុនគេបង្អស់ដែលបានបង្រួបបង្រួមកម្លាំងប្រជាធិបតេយ្យខ្មែរ ក្នុងគោលបំណងបញ្ចប់របបផ្ដាច់ការ។ លោកបញ្ជាក់ថា គណបក្សសង្គ្រោះជាតិក៏នឹងវិលមកវិញម្តងទៀតដែរ។
អតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៣ ធ្នូ នេះថា អ្វីដែលមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ភ័យខ្លាចជាងគេបំផុតនោះ គឺកម្លាំងប្រជាធិបតេយ្យខ្មែររួបរួមគ្នាឡើងវិញជាធ្លុងមួយ ដោយមានប្រធានអតីតគណបក្សសង្គ្រោះជាតិលោក កឹម សុខា និងរូបលោកផ្ទាល់ សម រង្ស៊ី ចាប់ដៃគ្នាជ្រោងឡើងលើជានិមិត្តរូបនៃការបង្រួបបង្រួមអ្នកប្រជាធិបតេយ្យ។
លោក សម រង្ស៊ី លើកឡើងថា លោក ហ៊ុន សែន នៅតែភ័យខ្លាចគណបក្សសង្គ្រោះជាតិដដែលសព្វថ្ងៃនេះ ពីព្រោះគាត់ដឹងយ៉ាងច្បាស់ថា គាត់បានរំលាយបក្សប្រឆាំងដ៏ធំនេះតែនៅលើក្រដាសប៉ុណ្ណោះ ប៉ុន្តែការពិត គណបក្សសង្គ្រោះជាតិនៅតែជាតំណាងនៃសេចក្តីសង្ឃឹមរបស់ប្រជារាស្ត្រខ្មែរដដែល ដែលចង់ឲ្យមានការផ្លាស់ប្ដូរតាមបែបបទប្រជាធិបតេយ្យពិតប្រាកដ។
អតីតមេដឹកនាំបក្សប្រឆាំងរូបនេះបញ្ជាក់ថា ដោយសារតែលោក ហ៊ុន សែន ខ្លាចគណបក្សសង្គ្រោះជាតិបែបនេះហើយ ទើបគាត់នៅតែក្តោបក្តាប់អំណាចផ្ដាច់ការក្នុងកណ្ដាប់ដៃគាត់ដដែល តាមរយៈនៃការទាញខ្សែពីក្រោយខ្នងកូនប្រុសរបស់គាត់ គឺលោក ហ៊ុន ម៉ាណែត ឱ្យញាក់តាមការបញ្ជារបស់គាត់រហូតមក បើទោះបីជាគាត់ប្រកាសចុះពីតំណែងជានាយករដ្ឋមន្ត្រីហើយក៏ដោយ។
លោក សម រង្ស៊ី គូសបញ្ជាក់ថា ការបន្តក្រាញអំណាចមិនហ៊ានប្រគល់ឱ្យកូនគាត់ទាំងស្រុងបែបនេះ ដោយសារតែលោក ហ៊ុន សែន ដឹងយ៉ាងច្បាស់ថា កូនប្រុសរបស់គាត់លោក ហ៊ុន ម៉ាណែត ដែលត្រូវបានគាត់លើកបន្តុបឱ្យដឹកនាំប្រទេសខ្មែរនៅពេលនេះ គ្មានចេះអ្វី ហើយគ្មានបទពិសោធន៍អ្វីទាំងអស់ក្នុងការដឹកនាំប្រទេសជាតិ។
ការអះអាងនេះ ធ្វើឡើងផ្ទុយពីការមើលឃើញរបស់មជ្ឈដ្ឋាននានាដែលតែងតែអះអាងថា គណបក្សសង្គ្រោះជាតិទំនងជាមិនអាចរស់ឡើងវិញបានទេ ក្រោយការរំលាយអស់រយៈពេលជាង ៦ឆ្នាំមកនេះ។
អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិកលោក ប៉ុន សៅរី ធ្លាប់លើកឡើងកាលពីពេលថ្មីៗនេះថា គណបក្សសង្គ្រោះជាតិអាចដំណើរការឡើងវិញបានឬអត់ គឺអាស្រ័យទៅលើប្រជាពលរដ្ឋ និងសកម្មជននៅមូលដ្ឋានរបស់បក្សនេះទាំងស្រុង ព្រោះថាប្រសិនបើពួកគេមិនខិតខំធ្វើសកម្មភាពឱ្យបក្សរបស់ខ្លួនងើបឡើងវិញសាជាថ្មីទេ គ្មាននរណាម្នាក់អាចជួយពួកគេបានឡើយ។
គណបក្សសង្គ្រោះជាតិ ត្រូវបានបង្កើតឡើងដោយការច្របាច់បញ្ចូលគ្នារវាងគណបក្សសិទ្ធិមនុស្ស របស់លោក កឹម សុខា និងគណបក្ស សម រង្ស៊ី របស់លោក សម រង្ស៊ី កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ នៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
គិតចាប់ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិគឺមានអាយុជាង ៥ឆ្នាំ ប៉ុន្តែត្រូវតុលាការកំពូលបានប្រកាសរំលាយទាំងអយុត្តិធម៌ ពីបទក្បត់ជាតិ តាមប្រសាសន៍លោក ហ៊ុន សែន និងបានហាមឃាត់សិទ្ធិនយោបាយមន្ត្រីជាន់ខ្ពស់បក្សនេះចំនួន ១១៨រូបផងដែរ។
យ៉ាងណាក៏ដោយ អស់រយៈពេល ៦ឆ្នាំបន្ទាប់ពីបក្សប្រឆាំងដ៏ធំមួយនេះត្រូវបានរំលាយ ត្រូវគេមើលឃើញថា មន្ត្រីជាន់ខ្ពស់មួយចំនួនរបស់បក្សនេះបានបែកបាក់សាមគ្គីគ្នាធ្ងន់ធ្ងរ ក្នុងនោះមានអ្នកខ្លះបានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ខណៈអ្នកខ្លះទៀតបានទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ចំណែកអ្នកខ្លះទៀត ក៏បានចេញទៅបើកគណបក្សនយោបាយដោយខ្លួនឯងដែរ ក្រោយរួចផុតពីបំរាមនយោបាយដែលពួកគេបានស្នើសុំនោះ។
អំឡុងពេលដែលមន្ត្រីជាន់ខ្ពស់បក្សនេះកំពុងបែកបាក់ចែកផ្លូវគ្នារស់រៀងៗខ្លួន អតីតប្រធានបក្សនេះគឺលោក សម រង្ស៊ី ដែលបាននិរទេសខ្លួនឯងមករស់នៅក្រៅស្រុក ក៏ត្រូវតុលាការក្រុងភ្នំពេញកាត់ទោសពីបទចោទផ្សេងៗជាច្រើនករណី និងហាមឃាត់មិនឱ្យរូបលោកវិលចូលទីលាននយោបាយរបស់ប្រទេសកម្ពុជាវិញថែមទៀតរហូតដល់សព្វថ្ងៃនេះ។
ដោយឡែកប្រធានអតីតគណបក្សសង្គ្រោះជាតិលោក កឹម សុខា ដែលនៅក្នុងស្រុក ក៏ត្រូវតុលាការចោទប្រកាន់ពីបទក្បត់ជាតិ ត្រូវបានកាត់ទោសឱ្យជាប់គុកក្នុងផ្ទះរយៈពេល ២៧ឆ្នាំផងដែរកាលពីអំឡុងខែមីនា ឆ្នាំ២០២៣ កន្លងទៅ ក្នុងនោះ តុលាការបានហាមមិនឱ្យលោកជួបនរណាទាំងអស់ ក្រៅតែពីសាច់ញាតិខ្លួនឯង។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ក្រុមអ្នកតស៊ូមតិកម្ពុជាដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី បានចេញសេចក្តីប្រកាសព័ត៌មានមួយទៅកាន់រដ្ឋាភិបាលកម្ពុជា ដោយទាមទារឱ្យលោក ហ៊ុន ម៉ាណែត ផ្តល់នីតិសម្បទាដល់គណបក្សសង្គ្រោះជាតិ និងផ្តល់សិទ្ធិសេរីភាពដល់លោក កឹម សុខា និងលោក សម រង្ស៊ី ឡើងវិញ ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាឱ្យប្រសើរជាងមុនសម្រាប់អាណត្តិទី៧ នេះ។
មាត្រា១ នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រទេសកម្ពុជាប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស ខណៈមាត្រា៣១ ស្ដីពីសិទ្ធិ និងករណីយកិច្ចរបស់ប្រជាពលរដ្ឋ ចែងថា ប្រទេសកម្ពុជាទទួលស្គាល់ និងគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងសេចក្តីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស ជាដើម៕