មន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក សម្ដែងការខកចិត្តក្រោយរងនូវបណ្តឹងទារសំណងជំងឺចិត្ត ៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិកដោយគណបក្សប្រជាជនកម្ពុជា។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក ត្អូញត្អែរថា លោកបានធ្វើការងារក្នុងអង្គការក្រៅរដ្ឋាភិបាលជាង ២០ឆ្នាំមកហើយ ទោះជាជួបឧបសគ្គយ៉ាងណា ក៏លោកនៅតែអាចទទួលយកបាន ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយបំផុតនោះ គឺលោកបានរងនូវបណ្តឹងដ៏ធំមួយពីគណបក្សប្រជាជនកម្ពុជា ដែលប្តឹងទារសំណងជំងឺចិត្តពីរូបលោករហូតដល់ ៥០ម៉ឺនដុល្លារ ដែលជាការទាមទារមួយធ្វើឱ្យរូបលោកពិបាកទទួលយកបំផុត។
អនុប្រធានសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ដែលហៅកាត់ថា “សមាគមអាដហុក” លោក ស៊ឹង សែនករុណា សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៤ មីនា នេះថា រយៈពេលជាង ២០ឆ្នាំក្នុងការងារលើវិស័យសង្គមស៊ីវិល លំបាកវេទនាយ៉ាងណាក៏លោកធ្លាប់ឆ្លងកាត់ដែរ មានពេលខ្លះដើរកាត់ទឹកកាត់ភក់ កាត់ព្រៃព្រឹក្សាពេញមួយថ្ងៃទៅកន្លែងកើតហេតុ ក៏លោកមិនខ្លាចនឿយហត់ ឬគ្រោះថ្នាក់អ្វីដែរ ហើយបើរាប់ជាករណីវិញ ស្ទើររាប់ពាន់ករណីទៅហើយដែលលោកបានចុះជួប និងប្រមូលព័ត៌មានពីជនរងគ្រោះ អ្នកពាក់ព័ន្ធផ្សេងៗ រួមទាំងខាងក្រុមហ៊ុន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទូទាំងប្រទេសដោយគ្មានលម្អៀង។
លោក ស៊ឹង សែនករុណា រៀបរាប់ថា លោកមិនដែលចាត់ទុកភាគីណាមួយជាសត្រូវរបស់លោកទេ ព្រោះលោកតែងតែប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈរបស់ខ្លួនយ៉ាងត្រឹមត្រូវជាទីបំផុត ដូច្នេះហើយទើបលោកត្រូវបានព្រះសង្ឃ ពលរដ្ឋខ្មែរ យុវជន សង្គមស៊ីវិល សហជីព អ្នកនយោបាយ និងជាពិសេសខាងសារព័ត៌មានមួយចំនួន ពេញចិត្តនឹងសហការ គោរពរាប់អានលោកដោយមិនប្រកាន់និន្នាការអ្វីឡើយ ប៉ុន្តែគួរឱ្យស្តាយ ទោះជាលោកប្រឹងលះបង់ដើម្បីសង្គមជាតិយ៉ាងណាក៏ដោយ តែលោកបែរជាត្រូវរងនូវការប្តឹងផ្តល់ដ៏សែនធ្ងន់ដែលមិនអាចទទួលយកបាននៅពេលនេះទៅវិញ។
លោកបន្ថែមថា តើអ្នកធ្វើកិច្ចការសង្គមដូចរូបលោកមានលុយ ៥០ម៉ឺនដុល្លារអាមេរិកមកពីណាសម្រាប់សងដើមបណ្ដឹង បើសព្វថ្ងៃនេះលោកមានលទ្ធភាពរស់មួយខែទល់មួយខែមិនចង់ជាប់ផងនោះ តើឱ្យលោកទៅរកប្រាក់មកពីណាសងគេទៅ ហើយការប្តឹងផ្តល់នេះទៀតសោត ពលរដ្ឋខ្មែរទូទៅប្រាកដជាដឹងច្បាស់គ្រប់ៗគ្នាហើយថា ឲ្យតែគេប្តឹង ១០០% គឺដឹងតែគេឈ្នះហើយ។
មន្ត្រីជាន់ខ្ពស់សង្គមស៊ីវិលរូបនេះបញ្ជាក់ថា អ្នកធ្វើការងារដូចលោកគួរតែត្រូវបានជួយលើកទឹកចិត្តដើម្បីជួយជនរងគ្រោះ មិនមែនប្តឹងធ្វើទុក្ខបុកម្នេញបន្ទច់បង្អាក់ទឹកចិត្តបែបនេះទេ ព្រោះថាកិច្ចការមួយចំនួនចាំបាច់ណាស់ត្រូវមានវត្តមានអ្នកដែលធ្វើការងារដូចជាលោកចុះទៅជួយពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីរួមចំណែកដោះស្រាយបញ្ហាដែលកំពុងតែកើតមានក្នុងសង្គមមួយនេះ។
កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ គណបក្សប្រជាជនកម្ពុជាបានដាក់ពាក្យប្តឹងលោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ឱ្យសងជំងឺចិត្ត ២ពាន់លានរៀល (២ ០០០ ០០០ ០០០រៀល) ក្រោមហេតុផលថា លោក ស៊ឹង សែនករុណា បានបញ្ចេញមតិជុំវិញការប្តឹងផ្តល់រវាងគណបក្សប្រជាជនកម្ពុជា និងអនុប្រធានបក្សភ្លើងទៀន លោក សុន ឆ័យ ដែលចុះផ្សាយដោយសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី២ ខែកុម្ភៈ កន្លងទៅនោះ បានធ្វើឱ្យខូចកិត្តិយសរបស់គណបក្សប្រជាជនកម្ពុជា ប៉ុន្តែគណបក្សនេះមិនបានបញ្ជាក់ថា បានខូចខាតអ្វីខ្លះ ឬខូចខាតបែបណានោះទេ។
ទាក់ទិននឹងបញ្ហានេះ ក្រុមតស៊ូមតិកម្ពុជាក៏បានចេញសេចក្តីថ្លែងការណ៍មួយដែរកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ថា បណ្តឹងរបស់គណបក្សប្រជាជនកម្ពុជាដែលប្តឹងមន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មិនបានបញ្ជាក់ពីទ្រព្យសម្បត្តិរបស់គណបក្សដែលរងការខូចខាត ឬការខាតបង់កេរ្តិ៍ឈ្មោះដែលជាភស្តុតាង អាចយកជាមូលដ្ឋានឱ្យសមនឹងគណបក្សនេះប្តឹងទាមទារសំណងជំងឺចិត្តរហូតដល់កន្លះលានដុល្លារអាមេរិកនោះទេ។
ក្រុមតស៊ូមតិនៅប្រទេសកម្ពុជា លើកឡើងថា ផ្អែកតាមច្បាប់ប្រទេសកម្ពុជា មុននឹងប្តឹងលោក ស៊ឹង សែនករុណា គណបក្សប្រជាជនកម្ពុជាត្រូវសរសេរលិខិតទៅសារព័ត៌មាន The Cambodia Daily ជាមុនសិន ដើម្បីទាមទារឱ្យមានការកែតម្រូវខ្លឹមសារអត្ថបទក្នុងរយៈពេល ៧ថ្ងៃ ប៉ុន្តែក្នុងករណីសារព័ត៌មាន The Cambodia Daily មិនព្រមកែតម្រូវ នោះគណបក្សប្រជាជនកម្ពុជាមានសិទ្ធិប្ដឹងទៅតុលាការ អនុវត្តច្បាប់ស្ដីពីរបបសារព័ត៌មាន មិនមែនប្តឹងលោក ស៊ឹង សែនករុណា ទាំងទទឹងទិសបែបនេះទេ។
ក្រុមអ្នកតស៊ូមតិបញ្ជាក់ថា ទង្វើគណបក្សប្រជាជនកម្ពុជាបែបនេះ គ្រាន់តែជាល្បិចគំរាមកំហែង បំភិតបំភ័យប្រជាពលរដ្ឋ ដើម្បីឱ្យគណបក្សប្រជាជនកម្ពុជាបន្តគ្រប់គ្រងអំណាចតទៅទៀតប៉ុណ្ណោះ ហើយយុទ្ធសាស្ត្រនៃការប្ដឹងទាមទារសំណងជំងឺចិត្តជាទឹកប្រាក់សន្ធឹកសន្ធាប់ និងការរឹបអូសយកទ្រព្យសម្បត្តិបែបនេះ ក៏ជាយុទ្ធសាស្ត្របង្ក្រាបសំឡេងប្រឆាំងចំពោះការដឹកនាំមិនត្រឹមត្រូវនៃបក្សកាន់អំណាចផងដែរ។
មាត្រា១០ នៃច្បាប់ស្ដីពីរបបសារព័ត៌មានក្នុងប្រទេសកម្ពុជា ចែងថា មនុស្សគ្រប់រូបមានសិទ្ធិទាមទារឱ្យមានការកែតម្រូវ និងការឆ្លើយតបពីអ្នកផ្សាយព័ត៌មាន នៅពេលដែលពួកគេយល់ថា សេចក្ដីថ្លែងការណ៍ ឬសេចក្តីរាយការណ៍ណាមួយមិនត្រឹមត្រូវ ហើយអ្នកផ្សាយព័ត៌មានត្រូវឆ្លើយតប បកស្រាយពន្យល់ ឬកែតម្រូវអំពីហេតុផលដែលផ្សាយនោះ។ អ្នកផ្សាយព័ត៌មាន ត្រូវឆ្លើយតបក្នុងរយៈពេល ៧ថ្ងៃ។
ទាក់ទិននឹងបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍លើកឡើងថា ការប្តឹងផ្តល់លោក ស៊ឹង សែនករុណា នៅពេលនេះ គឺជាចេតនាបំបិទសកម្មភាពរបស់លោកដែលតែងតែជួយពលរដ្ឋរងគ្រោះពីការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរកន្លងមកប៉ុណ្ណោះ ប៉ុន្តែគណបក្សប្រជាជនកម្ពុជាប្រើរូបភាពបណ្តឹងបរិហារកេរ្តិ៍ ជាលេសដោយសំអាងថា តុលាការក្នុងប្រទេសនេះគឺរង់ចាំតែអនុវត្តតាមបញ្ជារបស់ខ្លួនប៉ុណ្ណោះ ទោះជាគណបក្សនេះប្តឹងនរណាម្នាក់ដោយគ្មានភស្តុតាងស្របតាមមូលដ្ឋានច្បាប់ក៏ដោយ។
អង្គការគម្រោងយុត្តិធម៌ពិភពលោក កាលពីចុងខែតុលា ឆ្នាំ២០២៣ បានដាក់ប្រទេសកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខរៀងទី១៤១ ក្នុងចំណោម ១៤២ប្រទេស ដែលមាននីតិរដ្ឋទាបបំផុត ដោយសារតែគេរកឃើញថា ការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជាគ្មានតម្លាភាព មានការគំរាមកំហែងសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ និងការមិនធានាបាននូវប្រព័ន្ធយុត្តិធម៌របស់ខ្លួន ជាដើម៕