អត្ថបទដោយ៖ ហាស់ សាន
អ្នកវិភាគមើលឃើញផលវិបាកខុសគ្នាលើគម្រោងជីកព្រែកហ្វូណនតេជោ ដោយអ្នកខ្លះថាចុងបញ្ចប់ ខ្មែរចំណេញ អ្នកខ្លះថាចិនកើបផល ហើយរីឯខ្មែរកើបផេះ។
លោក ហាស់ សាន មានសេចក្តីរាយការណ៍ពិពណ៌នាលម្អិតក្នុងការពិនិត្យមើលថា តើមានអ្វីខ្លះពាក់ព័ន្ធនឹងព្រែកជីកហ្វូណន ដែលមហាជននៅតែមានមន្ទិលសង្ស័យនេះ។
ក្នុងរាជាណាចក្រទីពីរនៃរជ្ជកាលរាជវង្ស ព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងព្រះបាទ នរោត្តម សីហមុនី លោក ហ៊ុន សែន ដែលជាវង្សនាថ ឬប្រមុខចម្បងនៃត្រកូល ហ៊ុន បានប្រើពាក្យតេជោ ដែលមានន័យថា អំណាចនៃធាតុភ្លើង ជាគោរមងារ។
កាលពីសម័យព្រេងនាយ ខ្មែរប្រើពាក្យ តេជោ ក្លាយមកពីតេជៈ នាំមុខឈ្មោះអ្វីមួយ ដូចជា តេជោ ដំឌិន, តេជោ មាស, តេជោ យ៉ត រហូតដល់ តេជោ ហ៊ុន សែន ជាដើម។ល។
ក្នុងគម្រោងស្ថាបនាព្រែកជីកកាត់ខេត្តបួន មានខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ប្រវែង ១៨០គីឡូម៉ែត្រ លោក ហ៊ុន សែន បានយកពាក្យ តេជោ ដាក់ភ្ជាប់ពីក្រោយ ហ្វូណន សម្គាល់ថាជាព្រែកជីកកកើតឡើងក្នុងសម័យលោកគ្រប់គ្រងកាន់កាប់នគរខ្មែរ ទោះជាការរៀបពាក្យ ហៅឈ្មោះ មិនរៀងតាមលំដាប់ពាក្យក្នុងភាសាខ្មែរក៏ដោយ។
លំដាប់ពាក្យ ឬវាក្យសម ភាសាអង់គ្លេសហៅថា syntax ឬ syntactic គេគួរសរសេរថា តេជោហ្វូណន បើមិនដូច្នោះទេ គេគួរតែសរសេរថា ហ្វូណនតេជៈ ពីព្រោះពាក្យ តេជ (តេជៈ/តេជះ) បើប្រើជាពាក្យសមាស ជ ក្លាយទៅជា ជោ៖ ឧទាហរណ៍ តេជោកសិណ, តេជោជ័យ, តេជោធាតុ, តេជោពល។ល។ នេះបើយោងតាមវចនានុក្រមភាសាខ្មែរចងក្រងដោយសម្តេចសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យឆ្នាំ១៩៦៧។
ព្រែកជីកហ្វូណន ដែលគ្រោងនឹងស្ថាបនាឲ្យរួចរាល់ជាស្ថាពរនាឆ្នាំ២០២៨ នឹងក្លាយជាព្រែកជីកទី១១ លើសកលលោកសម្រាប់កប៉ាល់ឆ្លងកាត់។
តាមគម្រោងផែនការ ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ (China Bridge and Road Corp=CBRC) ដែលជាសហគ្រាសរដ្ឋចិន នឹងជីកព្រែកភ្ជាប់ទឹកសាបពីទន្លេបាសាក់ ខេត្តកណ្តាល ទៅទឹកប្រៃនៅខេត្តកែប មានទទឹងប្រវែងពី ១០០ម៉ែត្រ ក្បាលទឹកខាងលើ (ពីទន្លេ) រួមស្ដួចខាងក្រោមទៅកាន់សមុទ្រត្រឹម ៨០ម៉ែត្រ។ ជម្រៅទឹកប្រវែង ៥ម៉ែត្រ ៤០សង់ទីម៉ែត្រ (ឬ ៤តឹក) មានសន្ទះបិទបើកទឹកចំនួន៣ ស្ពានឆ្លងកាត់ចំនួន ១១ស្ពាន លើកទំនប់សងខាង សង់ថ្នល់ទំនើបឲ្យរថយន្តបើកបរទៅមកសងខាង សង់ចិញ្ចើមថ្នល់ថ្មើរជើងចម្ងាយ ២០៨គីឡូម៉ែត្រ សម្រាប់មនុស្សធ្វើដំណើរ។ ប្រជាពលរដ្ឋខ្មែររស់នៅតំបន់តាមព្រែកជីកនេះ មានចំនួន ១លាន ៥សែននាក់។
តាមកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល និងក្រុមហ៊ុនរដ្ឋចិន ព្រែកជីកហ្វូណន ស្ថាបនាតាមបែបផែន Build-Operate-Transfer (BOT) ដែលមានន័យថា សង់ហើយ ម្ចាស់ទុនគ្រប់គ្រងកាន់កាប់ចាត់ចែង (ធ្វើប្រតិបត្តិការ) ប្រមូលចំណូល រួចផ្ទេរឲ្យម្ចាស់ប្រទេស គឺខ្មែរ។ ក្រុមហ៊ុនចិន ប្រើកម្មករ/ពលករខ្មែរប្រមាណ ១ម៉ឺននាក់រួមគ្នានឹងវិស្វករចិន។ ក្រុមហ៊ុនចិន នឹងប្រមូលផលចំណូលរយៈពេល ៥០ឆ្នាំ មុននឹងផ្ទេរឲ្យខ្មែរគ្រប់គ្រង កាន់កាប់ ចាត់ចែងដោយខ្លួនឯង។
ក្រុមហ៊ុនចិន គ្រោងនឹងយកពន្ធប្រើប្រាស់ថ្នល់ពីរថយន្តធុនតូចតម្លៃ ១២ដុល្លារ (ឬ ៤ម៉ឺន ៨ពាន់រៀល) រថយន្តធុនធំ កុងវ័រដឹកទំនិញតម្លៃ ៦០ដុល្លារ (ឬ ២៤ម៉ឺនរៀល)។
អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន បច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា ប្រធានក្រុមប្រឹក្សាព្រះរាជបល្ល័ង្ក និងប្រមុខរដ្ឋស្តីទី បានពោលប្រាប់ពលរដ្ឋខ្មែរថា លោកនឹងសាងសង់ព្រែកជីកហ្វូណនឲ្យខាងតែបានដាច់ខាត ទោះជាអ្នកណាថាយ៉ាងណាក៏ដោយ។ ចំណែកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាកូនវិញ ក៏បានសម្ដែងទស្សនៈដូចឪពុកដែរ គឺត្រូវដកដង្ហើមតាមច្រមុះខ្លួនឯង មិនត្រូវពឹងច្រមុះគេដកដង្ហើមទេ។
មន្ត្រីរាជរដ្ឋាភិបាលអះអាងថា ព្រែកជីកហ្វូណន នឹងកាត់បន្ថយចំណាយប្រមាណ ៣០% ក្នុងការដឹកទំនិញចេញចូលតាមកប៉ាល់។
តាមធម្មតា កប៉ាល់ធំៗដឹកទំនិញចេញចូលស្រុកខ្មែរមកពី ឬទៅបរទេស ធ្វើឡើងតាមផ្លូវទន្លេកាត់តាមច្រកដែនដីសណ្ដទន្លេមេគង្គ តាមផែកៃម៉ិប និងផែព្រៃនគរ ឬហូជីមិញ ឡើងមករាជធានីភ្នំពេញ។ បើមិនដូច្នោះទេ កប៉ាល់ទំនិញធំៗចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ទើបផ្ទេរទំនិញដឹកទៅចែកចាយបន្ត។
នៅឆ្នាំ១៩៩៤ រដ្ឋការយៀកណាម មិនសប្បាយចិត្តនឹងរាជរដ្ឋាភិបាល ក៏បិទច្រក ឃាំងទុកកប៉ាល់មិនឲ្យចេញចូល ដែលធ្វើឲ្យទំនិញឡើងថ្លៃ។ តាមការផ្សាយក្នុងសារព័ត៌មានបរទេសដូចជា NIKKEI Asia, Asia Times ជាដើម គេសរសេរថា ប្រទេសយៀកណាម នឹងបាត់ចំណូលពីកប៉ាល់ដឹកជញ្ជូនឆ្លងកាត់ដែនទឹករបស់ខ្លួនប្រមាណជា ៧០% ដោយសារតែចិន ជីកព្រែកកាត់ក្នុងប្រទេសកម្ពុជានោះ។
លោក យ៉េន សំណាង អ្នកវិភាគផ្នែកកិច្ចការបរទេសនៃសាកលវិទ្យាល័យប្រទេសកម្ពុជា សរសេរផ្សាយក្នុងព្រឹត្តិបត្រ Eurasia Review ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ថា ពាណិជ្ជករដឹកជញ្ជូនតាមកប៉ាល់ឆ្លងព្រែកជីកហ្វូណន ក្នុងមួយកុងតឺន័រទំហំជាង ៣២ម៣ ចំណេញ ១៧០ដុល្លារ កុងតឺន័រទំហំ ៦៧ម៣ ចំណេញ ២២៣ដុល្លារ។
លោកបញ្ជាក់ថា កប៉ាល់ទំនិញដែលអាចឆ្លងកាត់ព្រែកជីកហ្វូណនមានតែកប៉ាល់ធុនតូច ដឹកទម្ងន់ត្រឹមតែ ៣ពាន់តោនប៉ុណ្ណោះ ដូច្នេះទំនិញតាមកប៉ាល់ធុនធំៗ ត្រូវផ្ទេរទៅកប៉ាល់តូចៗ ដើម្បីដឹកឆ្លងព្រែកជីកចូលទៅក្រុងភ្នំពេញ។ កុងតឺន័រ (container) ចំណុះ ៣២ម៣ អាចផ្ទុកទំនិញទម្ងន់ ២ម៉ឺន ៥ពាន់គីឡូក្រាម ឬ ២៥តោន ចំណែកឯកុងតឺន័រចំណុះ ៦៧ម៣ អាចផ្ទុកទំនិញទម្ងន់ ២ម៉ឺន ៦ពាន់គីឡូក្រាម ឬ ២៦តោន។ រីឯកប៉ាល់ដឹកចំណុះពី ១ម៉ឺនឡើងទៅ ១០ម៉ឺនតោន មិនអាចចេញចូលតាមព្រែកជីកហ្វូណនបានឡើយ។
ចំពោះពលរដ្ឋខ្មែរមួយចំនួន រួមទាំងលោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត និងមន្ត្រីរាជរដ្ឋាភិបាលផង បើនិយាយអំពីការស្វែងរកផលចំណេញសម្រាប់សេដ្ឋកិច្ចជាតិ ការជីកព្រែកដើម្បីដឹកទំនិញកាត់បន្ថយការចំណាយច្រើន ពិតជាគំនិតល្អក្នុងផែនការសេដ្ឋកិច្ចហើយ។ ពលរដ្ឋខ្មែរយល់ឃើញថា ការប្ដេជ្ញាជីកព្រែកហ្វូណន ធ្វើឲ្យខ្មែរមានអធិបតេយ្យជាតិ ឯករាជភាព បូរណភាពទឹកដីពេញលេញ ពោលគឺមិនពឹងលើប្រទេសយៀកណាម តទៅទៀត។
មានពលរដ្ឋខ្មែរខ្លះថា លោក ហ៊ុន សែន ចង់រើបម្រះខ្លួនពីនឹមយៀកណាម ប៉ុន្តែអ្នកវិភាគបរទេសអំពីសភាពការណ៍នៅប្រទេសកម្ពុជា ទាំងខាងនយោបាយ ទាំងខាងយោធា ទាំងខាងសេដ្ឋកិច្ច ពុំទាន់ឃើញមាននរណាម្នាក់វិភាគឃើញថា ប្រទេសកម្ពុជានឹងទទួលបានផលផ្លែផ្កាដូចការគិតនោះឡើយ។ គេមើលឃើញមូលហេតុផ្សេង រឿងផ្សេងទៅវិញ។
ឧទាហរណ៍ដូចជាការស្ថាបនារោងចក្រចម្រាញ់ប្រេងកាតនៅខេត្តព្រះសីហនុ ដែលខ្ចីបុលចិន ចំនួនជិត ១៧០០លានដុល្លារនៅឆ្នាំ២០១៣ ដោយសង្ឃឹមបូមប្រេងកាតពីអណ្ដូងប្រេងក្នុងដែនសមុទ្រខ្មែរ។ អ្នកឯកទេសខាងប្រេងឥន្ធនៈពីប្រទេសដាណឺម៉ាក លោក Tommy Christensen និយាយថា មុននឹងសង់រោងចក្រចម្រាញ់ប្រេងកាត គេត្រូវបូកបញ្ចូលផលិតផលសរុបពីអណ្ដូងប្រេងទាំងប៉ុន្មានដែលត្រូវចម្រាញ់នោះឲ្យដឹងបរិមាណច្បាស់លាស់ជាមុនសិន បើពុំនោះទេ សេដ្ឋកិច្ចជាតិនោះមិនដើរទៅមុខទេ។ នេះមានន័យប្រហែលនឹងភាសិតខ្មែរដែលថា ដោះគោ មុនដាក់រទេះ ដូច្នោះដែរ។
គម្រោងសង់រោងចក្រចម្រាញ់ប្រេងកាត រាជរដ្ឋាភិបាលខ្ចីទុនពីធនាគារអាហរ័ណ-នីហរ័ណចិន (Import-Export Bank of China) សហការរវាងក្រុមហ៊ុនប្រេងឥន្ធនៈចិន Sinopec និងក្រុមហ៊ុនប្រេងឥន្ធនៈគីមីកម្ពុជា (Cambodian Petrochemical Co. (CPC)) ដែលមានលោក ហាន់ ឃៀង ជាប្រធានចុះកិច្ចព្រមព្រៀងជាមួយអនុប្រធានក្រុមហ៊ុនចិន Sinopec ឆាយ ហ្ស៊ីយូ (Cai Xiyou)។
ក្រៅតែពីខ្មែរមើលឃើញផលប្រយោជន៍សេដ្ឋកិច្ចជាតិទៅអនាគតដែលបានពីព្រែកជីកហ្វូណន ៥០ឆ្នាំក្រោយមក តើចិនកើបផលបានអ្វីខ្លះរយៈពេលគេគ្រប់គ្រង កាន់កាប់ ចាត់ចែងផ្លូវនាវាចរណ៍តាមព្រែកជីកនេះ?
តាមការចុះផ្សាយក្នុងវេបសាយ eezyimport ដែលស្រង់សេចក្តីរាយការណ៍ពីសារព័ត៌មាន Markets Insider ក្រុមហ៊ុនដឹកជញ្ជូនទំនិញតាមកប៉ាល់សមុទ្រ (cargo/freight/containerships) ចំណាយសរុបជាង ២៣៥លានដុល្លារក្នុងឆ្នាំ២០២៣ គ្រាន់តែឆ្លងកាត់តាមព្រែកជីកនានា មានដូចជា ព្រែកជីកប៉ាណាម៉ា អាមេរិកកណ្តាល ព្រែកជីកស៊ុយអេ អេហ្ស៊ីប ព្រែកជីកឃីល ភ្ជាប់សមុទ្រខាងជើង និងសមុទ្របាល់ទិក ជាដើម។
ទាក់ទងរឿងបច្ចេកទេសក្នុងការស្ថាបនាព្រែកជីកហ្វូណនវិញ យើងបានព្យាយាមស្រាវជ្រាវស្វែងយល់ថា តើកប៉ាល់ទំនិញតាមសមុទ្រ (Ocean Freight Liner/Cargo/Containership) ប្រភេទណាដែលអាចឆ្លងកាត់តាមព្រែកជីកនេះបាន? តើបរិមាណនាវាចរណ៍ដឹកទំនិញមានកម្រិតណា ហើយថាហេតុអ្វីប្រទេសមួយចំនួនមិនជឿថា ព្រែកជីកនេះបម្រើប្រយោជន៍សេដ្ឋកិច្ចដ៏សន្ធឹកសន្ធាប់ដូចការថ្លែងអះអាងនោះ?
ពលរដ្ឋខ្មែរមិនដឹងថា ចិននឹងយកថ្លៃប្រើប្រាស់ព្រែកជីកហ្វូណនពីកប៉ាល់មួយចំនួនប៉ុន្មានទេ ប៉ុន្តែបច្ចុប្បន្ននេះ តម្លៃប្រើប្រាស់ព្រែកជីកដឹកទំនិញឆ្លងកាត់មានពី ១សែនទៅ ៥ ឬ ៦សែនដុល្លារតាមទំហំកប៉ាល់នីមួយៗ។ បើឧបមាថា អាជ្ញាធរចិនគ្រប់គ្រងព្រែកជីកហ្វូណនយកថ្លៃពន្ធពីកប៉ាល់ទំនិញមួយជាមធ្យមប្រមាណ ២សែន ៥ម៉ឺនដុល្លារ បើមានកប៉ាល់ ៥ឆ្លងកាត់ព្រែកជីកក្នុងមួយអាទិត្យ ក្នុង ៥២អាទិត្យ (ឬមួយឆ្នាំ) នឹងបានចំណូល ៦៥លានដុល្លារ ហើយក្នុង ៥០ឆ្នាំ ចិននឹងកើបធនធានពីព្រែកជីកស្រុកខ្មែរចំនួន ៣២៥០លានដុល្លារ។
តាមការអធិប្បាយពន្យល់អំពីវិស្វកម្មក្នុងការជីកព្រែកពីវិស្វករសំណង់ព្រែកជីកអាមេរិកាំងក្នុងវេបសាយ practical.engineering ព្រែកជីកលាតសន្ធឹងលើផ្ទៃដីរាប ស្ថាបនាបានងាយស្រួលជាងព្រែកជីកលាតសន្ធឹងពីដីខ្ពស់មកដីទំនាប ឬពីដីទំនាបទៅដីខ្ពស់។
ព្រែកជីកស៊ុយអេ នៅប្រទេសអេហ្ស៊ីប មិនប្រើទ្វារទឹកបិទបើកទេ ពីព្រោះវាភ្ជាប់ផ្ទៃទឹកពីរដែលមានកម្ពស់ស្មើគ្នា។ ព្រែកជីកដទៃទៀត ដូចជាព្រែកជីកប៉ាណាម៉ា ជាដើម ត្រូវមានទ្វារទឹកបិទបើកឲ្យផ្ទៃទឹកឡើងកម្ពស់ស្មើគ្នា ពីព្រោះព្រែកជីកនេះត្រូវភ្ជាប់ទឹកសមុទ្រពីទីទាបម្ខាងទៅទីទាបម្ខាងទៀត ឆ្លងកាត់ផ្ទៃដីខ្ពស់ដែលមានប្រភពទឹកពីទន្លេ បឹង ឬស្ទឹង។ ព្រែកជីកមានសន្ទះទ្វារទឹក គេត្រូវគិតអំពីរដូវប្រាំង ឬភាពរាំងស្ងួត ថាតើត្រូវមានប្រភពទឹកពីទីណាដើម្បីបញ្ចូលទឹក ពីព្រោះទឹកសមុទ្រមិនអាចហូរបញ្ច្រាសចូលទន្លេ ពីទីទាបទៅទីខ្ពស់បានឡើយ។ អ្នកបច្ចេកទេសត្រួតពិនិត្យកម្ពស់ទឹកឲ្យត្រឹមត្រូវគ្រប់ពេលវេលា។
ពលរដ្ឋខ្មែរដែលរស់ក្បែរប្រភពទឹកទន្លេ ស្ទឹង បឹងបួ ក៏នឹងត្រូវជម្លៀសចេញខ្លះដែរ ពីព្រោះគេត្រូវការប្រភពទឹកបំពេញព្រែកជីកឲ្យកម្ពស់នៅនឹង មិនស្រកស្រុតសម្រាប់កប៉ាល់ ឬសាឡាងចេញចូល។
ព្រែកជីកប៉ាណាម៉ា ប្រើពេល ១០ឆ្នាំទើបស្ថាបនារួចជាស្ថាពរ។ ព្រែកជីកប៉ាណាម៉ា ផ្តើមគំនិតកសាងឡើងដោយប្រទេសបារាំង នាឆ្នាំ១៨៨១ ប៉ុន្តែមិនបានជោគជ័យក៏ឈប់កណ្តាលទីនាឆ្នាំ១៨៩០។ សហរដ្ឋអាមេរិក បន្តជីកព្រែកប៉ាណាម៉ា បន្តនាឆ្នាំ១៩០៤ ហើយរួចរាល់ជាស្ថាពរប្រើប្រាស់បាននាឆ្នាំ១៩១៤។
ប្រទេសចិន ចង់ស្ថាបនាព្រែកជីកមួយទៀតនៅខាងលើព្រែកជីកប៉ាណាម៉ា ក្នុងប្រទេសមួយនាតំបន់អាមេរិកកណ្តាល។ តាមកាសែតអង់គ្លេស The Guardian ផ្សាយថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នេះ ចិនបានចរចាជាមួយរដ្ឋាភិបាលប្រទេសនីការ៉ាហ្គា (Nicaragua) ដឹកនាំដោយប្រធានាធិបតីផ្ដាច់ការម៉ាក្សីសនិយម Daniel Ortega ដោយឲ្យក្រុមហ៊ុនមួយមានទីតាំងនៅក្រុងហុងកុង ឈ្មោះ HK Nicaragua Canal Development Investment Company ចេញឈរឈ្មោះប្រើទុន ៥០ពាន់លានដុល្លារ ចុះកិច្ចសន្យា ៥០ឆ្នាំកាលពីឆ្នាំ២០១៤។ ព្រែកជីកប្រវែង ២៧៨គីឡូម៉ែត្រភ្ជាប់មហាសមុទ្រអាត្លង់ទិច និងមហាសមុទ្រប៉ាស៊ីហ្វិក ត្រូវជីកពុះកាត់បឹងនីការ៉ាហ្គា ដែលជាបឹងធំជាងគេនៅអាមេរិកកណ្តាលជាពីរផ្នែក ហើយជម្លៀសជនជាតិសហគមន៍រ៉ាម៉ា និងក្រេអូល ប្រមាណ ១សែន ២ម៉ឺននាក់ចេញពីដីកំណើត។
លោក Ortega អះអាងថា គម្រោងព្រែកជីកនីការ៉ាហ្គា នៃក្រុមហ៊ុនចិន HK Nicaragua Canal Development Investment Company របស់ថៅកែ វ៉ាង យីង (Wang Jing) នឹងឲ្យប្រយោជន៍ច្រើនដល់ប្រទេសនោះ។ ផ្ទុយទៅវិញ គម្រោងនោះនៅទ្រឹងធ្វើមិនចេញរហូតដល់ពេលនេះអស់រយៈពេល ១០ឆ្នាំហើយ ព្រោះតែប្រជាពលរដ្ឋធ្វើបាតុកម្មតវ៉ាប្រឆាំងមិនឲ្យជីកព្រែកនោះ។
នៅប្រទេសកម្ពុជាវិញ ដើម្បីការងាយស្រួលផ្ទេរទំនិញពីកំពង់ផែតាមឆ្នេរសមុទ្រខ្មែរត្រង់ច្រកព្រែកជីកហ្វូណននៅកែប ចិនសង់កំពង់ផែសមុទ្រទឹកជ្រៅមួយទៀតនៅក្នុងខេត្តកំពត ដោយចូលហ៊ុននឹងស្តេចគ្រញូង ឧកញ៉ា ទ្រី ភាព។
សារព័ត៌មាន The Maritime Executive ផ្សាយកាលពីពីរឆ្នាំមុន (ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២) ថា សំណង់កំពង់ផែទឹកជ្រៅនៅកំពត នឹងបើកប្រើប្រាស់នៅឆ្នាំ២០២៥ សង់ដោយក្រុមហ៊ុនចិន សំណង់សៀងហៃ រួមនឹងក្រុមហ៊ុនវិស្វកម្មកំពង់ផែចិន China Harbor Engineering (CHEC) ដោយប្រើថវិកា ១៥០០លានដុល្លារ ឧបត្ថម្ភដោយក្រុមហ៊ុនរដ្ឋចិន Guangxi Beibu Gulf International Port Group។ ស្តេចគ្រញូង ឧកញ៉ា ទ្រី ភាព ដាក់ទុនចូលហ៊ុន ៣០០លានដុល្លារ។ កំពង់ផែកំពតមានជម្រៅទឹកជាង ១៥ម៉ែត្រ អាចឲ្យនាវាដឹកទំនិញធំៗទម្ងន់ ១សែនតោនចេញចូល និងផ្ទុកទំនិញចំណុះ ៣សែនតោនចតបាន។
តាមសេចក្តីរាយការណ៍ពី Marine Tracker កំពង់ផែសមុទ្រខេត្តព្រះសីហនុ ទទួលកប៉ាល់ដឹកទំនិញប្រមាណ ១០គ្រឿងដើមសប្តាហ៍ខែឧសភា នេះ។ កំពង់ផែក្រុងព្រះសីហនុ បានចំណូល ១៣០លានដុល្លារក្នុងឆ្នាំ២០២៣ រីឯកំពង់ផែទឹកសាបក្រុងភ្នំពេញ រកបានចំណូលតែជិត ១១លានដុល្លារប៉ុណ្ណោះ។ នៅត្រង់ម្តុំៗគ្នាតាមឆ្នេរសមុទ្រខ្មែរ មានការដ្ឋានសំណង់តារាងយន្តហោះ និងកំពង់ផែទំនើបតារាសាគរ ខេត្តកោះកុង មូលដ្ឋាននាវាចរណ៍រាម ខេត្តព្រះសីហនុ។ ទីតាំងទាំងអស់នេះស្ថិតនៅមិនឆ្ងាយប៉ុន្មានឡើយពីបញ្ជាការដ្ឋានមូលដ្ឋានកងនាវាចរណ៍ទី៥ អានថូយ (An Thoi) លើកោះត្រល់ ឬភូគួក ក្នុងឈូងសមុទ្រថៃ ដែលមានភារកិច្ចល្បាត និងការពារដែនសមុទ្រពីខេត្តកាម៉ៅ ដល់ខេត្តគៀនយ៉ាង។ គេសង្កេតឃើញនាវាចម្បាំងអាមេរិកាំងក៏ចូលសម្រាកញឹកញាប់ដែរ ដូចជាកាលពីឆ្នាំទៅមិញ នាវាចម្បាំងធុនធំ ៣គ្រឿងមាននាវាផ្ទុកយន្តហោះ USS Ronald Reagan អមដោយនាវាផ្ទុកមីស៊ីល USS Antietam និង USS Robert Smalls បានចូលសំចតនៅផែសមុទ្រដាណាង ខាងលើផែមូលដ្ឋាននាវាចរណ៍ច្រកសមុទ្រកាំរ៉ាញ់។
ដទៃពីផលប្រយោជន៍សេដ្ឋកិច្ចនៃព្រែកជីកហ្វូណន អ្នកតាមដានការពង្រីកឥទ្ធិពលចិន ដែលពួកកុម្មុយនីស្តនិយមហៅថា អនុត្តរភាពនិយម ពីបស្ចិមប្រទេសគេតែងតែនិយាយអំពីកិច្ចការទូតហុចលុយ money diplomacy អ្នកដឹកនាំខ្មែររីករាយណាស់នឹងជំនួយឥតសំណង grants ជំនួយជាបំណុលគ្មានការប្រាក់ ឬមានការប្រាក់តិចតួច low/no-interest loans ហើយនិងគម្រោងសង់-គ្រប់គ្រង-ផ្ទេរ BOT ពីសាធារណរដ្ឋប្រជាមានិតចិន មានអាកាសយានដ្ឋាន ទំនប់វារីអគ្គិសនី ជាដើម ដោយធ្វើសម្បទានត្រឡប់ទៅចិន វិញជាការជីកកាយរ៉ែមាស លោហធាតុផ្សេងៗ និងដីធ្វើកសិឧស្សាហកម្ម។
កាលពីខែមេសា កន្លងទៅ ក្នុងឆ្នាំ២០២៤ នេះ លោក ហ៊ុន សែន ធ្លាប់មានប្រតិកម្មទៅនឹងការអធិប្បាយលើគម្រោងព្រែកជីកហ្វូណន ដោយលើកហេតុផល ៦ប្រការមកបកស្រាយថា៖
ប្រការទី១៖ តើកម្ពុជាត្រូវការកងទ័ពចិន មកធ្វើអ្វី និងដើម្បីអ្វី? ចំណុចនេះ លោកត្រូវឆ្លើយដោយខ្លួនឯង។
កាសែតអាមេរិកាំង The Wall Street Journal ផ្សាយថា រាជរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន បានអនុញ្ញាតឲ្យតាំងផ្កាយរណបសម្រាប់ត្រួតពិនិត្យសកម្មភាពនាវាចរណ៍តាមសមុទ្រចិនខាងត្បូងនៅមូលដ្ឋានទ័ពជើងទឹករាម។ កិច្ចសន្យាសម្ងាត់អំពីបេសកកម្មនៅក្នុងបរិវេណមូលដ្ឋានកងនាវាចរណ៍ខេមរភូមិន្ទរាម មានរយៈពេល ៣០ឆ្នាំ ហើយអាចបន្តបានទៅមុខទៀត អនុញ្ញាតឲ្យបុគ្គលិកកងទ័ពចិន ស្នាក់នៅប្រចាំការ និងអាចស្តុកអាវុធក្នុងឃ្លាំង។ ប្រភពច្បាស់ការណ៍ឲ្យដឹងថា បុគ្គលិកយោធាទាំងនោះសុទ្ធសឹងតែជានាយទាហាន នាយទាហានរងនៃកងទ័ពរំដោះប្រជាជនចិនជើងគោក/ជើងទឹក (PLAN) មានសិទ្ធិកាន់អាវុធ មានកាន់លិខិតឆ្លងដែនខ្មែរ ហើយបិទសិទ្ធិពលរដ្ឋខ្មែរមិនឲ្យចេញចូលទីតាំងមូលដ្ឋាននោះជាដាច់ខាត៕
សូមចុចអាន និងទស្សនាវីដេអូ ភាគ២
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.
