25.9 C
Phnom Penh

សេចក្តី​រាយការណ៍​ស៊ីជម្រៅ​ស្តីអំពី ផល​ខាត និង​ផល​ចំណេញ​ពី​ព្រែកជីក​ហ្វូណន​តេជោ (ភាគ​២)

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អត្ថបទ​ដោយ៖ ហាស់ សាន

តើ​ព្រែកជីក​ហ្វូណន នឹង​នាំ​ផល​ប្រយោជន៍​មក​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ម្ចាស់​ប្រទេស​ដូច​ការ​ពោល​អះអាង​ពី​អ្នក​នយោបាយ​ជំពាក់​បំណុល​ចិន​វ័ណ្ឌក​នោះ​មែន​ឬ​យ៉ាងណា? តើ​ចិន មើល​ឃើញ​តែ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​តែ​ម្យ៉ាង​គត់ ឬ​ក៏​លើស​ពី​ហ្នឹង?

ត​ទៅ​នេះ​ជា​ភាគ​ទី​២ នៃ​សេចក្តី​រាយការណ៍​ពិពណ៌នា​លម្អិត​ដោយ​លោក ហាស់ សាន អំពី​រឿង​ព្រែកជីក​ហ្វូណន៖

ពីរ​ឆ្នាំ​មុន យើង​បាន​ផ្សាយ​អំពី​វិទ្យាស្ថាន​អឺរ៉ុប​កណ្តាល​ផ្នែក​កិច្ចការ​អាស៊ី (Central European Institute for Asian Studies=CEIAS) នៅ​ពាក់កណ្តាល​ខែ​មិថុនា ឆ្នាំ​២០២២ ផ្សាយ​អត្ថបទ​សរសេរ​បន្ថែម​ដោយ​អ្នក​ស្រាវជ្រាវ ៣​នាក់​អំពី​សកម្មភាព​ក្រុមហ៊ុន និង​យោធា​ចិន នៅ​តំបន់​មាត់សមុទ្រ​ភាគ​និរតី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​លោក Alfred Gerstl, Takashi Hosoda និង​អ្នកស្រី Erin Marie Parsons។

នៅ​ក្នុង​ខេត្ត​កោះកុង ក្រុមហ៊ុន​ចិន Tianjin Union Development Group អភិវឌ្ឍ​ទីក្រុង​ចិន តារាសាគរ អាកាសយានដ្ឋាន​អន្តរជាតិ មាន​ផ្លូវ​យន្តហោះ​ចុះ​ឡើង​ប្រវែង ៣៩០០​ម៉ែត្រ ឬ​ជិត ៤​គីឡូម៉ែត្រ​សម្រាប់​យន្ត​អ្នក​ដំណើរ​ធុន​ធំ Boeing 777 ឬ Airbus 340 សង់​រមណីយដ្ឋាន សណ្ឋាគារ​សម្រាក​កាយ វាល​វាយ​កូនគោល កាស៊ីណូ រង្គសាល។ល។

ប្រមាណ ៣០​គីឡូម៉ែត្រ​ចុះ​មក​ខាងត្បូង គឺ​មូលដ្ឋាន​កង​នាវាចរណ៍​ខេមរភូមិន្ទ ឬ​ហៅថា​បន្ទាយ​ទ័ព​ជើងទឹក​រាម។ ទីនេះ ក្រុមហ៊ុន​រដ្ឋ​បៃដោ (BeiDou) ធ្វើការ​ឲ្យ​រដ្ឋបាល​កម្មវិធី​អវកាស​ចិន កំពុង​ស្ថាបនា​ស្ថានីយ​ផ្កាយរណប​ជាមួយ​បុគ្គលិក​យោធា​ចិន។ ស្ថានីយ​នេះ នឹង​ជំនួស​ប្រព័ន្ធ​តាមដាន​ចំណុច​ទីតាំង Global Positioning System (GPS) ពី​សហរដ្ឋ​អាមេរិក សម្រាប់​បម្រើ​ការ​ទាក់ទង​បញ្ជូន​សញ្ញា​តាម​សមុទ្រ Sea Line of Communications (SLOC) នា​ពេល​អនាគត។

នៅ​មូលដ្ឋាន​រាម ចិន​ជួយ​សង់​ស្ថានីយ​បញ្ជាការដ្ឋាន​គយគន់​ចរាចរណ៍​នាវាចរណ៍ ផែ ស្ពាន​សសរ​បោះ​ឲ្យ​កប៉ាល់​អែប​ចត ហៅ​តាម​ភាសា​អង់គ្លេស​ថា berth ឬ piers ប្រវែង​ពី ១៨០​ម៉ែត្រ​ទៅ ២៥០​ម៉ែត្រ ឃ្លាំង​ចំណត​ផែស្ងួត​សម្រាប់​ជួសជុល​នាវា dry dock ប្រវែង ១៥០​ម៉ែត្រ ជម្រាល​អូស​នាវា​ចុះ​ឡើង​ហៅថា slipway។

ផែ​រាម នឹង​កាយ​ជម្រៅ​ទឹក ៧​ម៉ែត្រ​សម្រាប់​នាវា​ទ្រើស​ចេញ​ចូល។ នាវាចម្បាំង​នៃ​កង​នាវាចរណ៍​រំដោះ​ចិន ប្រភេទ 054A frigates ដែល​បាត​នាវា​លិច​ក្នុង​ទឹក​ជម្រៅ ៥​ម៉ែត្រ ឬ​ប្រភេទ 056A corvettes ដែល​បាត​នាវា​លិច​ក្នុង​ទឹក​ជម្រៅ ៤​ម៉ែត្រ។ ជម្រៅ​ទឹក ៧​ម៉ែត្រ មិន​គ្រប់គ្រាន់​សម្រាប់​នាវា​ផ្ទុក​យន្តហោះ​ចេញ​ចូល​ចត​ទេ ព្រោះ​បាត​នាវា​ត្រូវការ​ជម្រៅ​យ៉ាងតិច ១០​ម៉ែត្រ ហើយ​នាវា​កម្ទេច​ប្រភេទ 055 destroyers ត្រូវការ​ជម្រៅ ៦​ម៉ែត្រ ៦​តឹក។ ដូច្នេះ កង​នាវាចរណ៍​ចិន អាច​ប្រើ​នាវា​ប្រភេទ ២២​ហ៊ូបៃ (Houbei) ឬ​ប្រភេទ 056A corvettes ផ្ទុក​មីស៊ីល​បាញ់​កប៉ាល់ (Ship-Ship Missile) ប្រភេទ YJ-83 SSM ដែល​បាញ់​ក្នុង​លំហ​សមុទ្រ​បាន​ចម្ងាយ ១៨០​គីឡូម៉ែត្រ។ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​មូលដ្ឋាន​រាម ចិន​កំពុង​សង់​កំពង់ផែ​ទឹក​ជ្រៅ​ក្នុង​ខេត្ត​កំពត ជម្រៅ ១៥​ម៉ែត្រ ដែល​អាច​សម្រួល​ដល់​នាវា​ផ្ទុក​យន្តហោះ​ចេញ​ចូល។ ទល់​មុខ​ផែ​កំពត គឺ​កោះត្រល់ ដែល​មាន​មូលដ្ឋាន​កង​នាវាចរណ៍​យៀកណាម បោះ​ទីតាំង​លើ​កោះ​ខ្មែរ​នោះ។

លោក Takashi Hosoda សរសេរ​ថា ចិន​ពង្រីក​ពង្រឹង​ឥទ្ធិពល​តាម​ក្បាច់​ប្រើ​លុយ (rule of money) ជាជាង​ក្បាច់​ប្រើ​ច្បាប់ (rule of law) ឬ​ក្បាច់​ប្រើ​អាវុធ (rule of gun)។ អ្នកស្រី Erin Marie Parsons បាន​ហៅ​យុទ្ធសាស្ត្រ​ចិន នេះ​ថា នយោបាយ​ការទូត​អន្ទាក់​បំណុល។ លោក Alfred Gerstl ពិនិត្យ​មើល​មួយ​ជ្រុង​ទៀត ថា​តើ​ប្រទេស​យៀកណាម គិត​បែប​ណា បើ​ចិន​មាន​ទីតាំង​យោធា​ក្នុង​ឈូង​សមុទ្រ​ថៃ។ ហាណូយ អាច​នឹង​ជួល​ផែ​ទឹក​ជ្រៅ​ក្នុង​ឆកសមុទ្រ​កាំរ៉ាញ់ (Cam Ranh Bay) ក្នុង​ខេត្ត​ខាញ់ហ័ (Khanh Hoa) ឲ្យ​សហរដ្ឋ​អាមេរិក។

កាលពី​ខែ​ធ្នូ ឆ្នាំ​២០២៣ អនុប្រធាន​គណៈកម្មការ​យោធា​មជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន លោក ហឺ វ៉ីដុង (He Weidong) ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ហើយ​មាន​នាវាចម្បាំង​ចិន ឈ្មោះ Wenshan ប្រភេទ ០៥៦-A ពីរ​គ្រឿង​ចត​នៅ​ផែ​រាម តាំងពី​ពេល​នោះ​មក ប្រមាណ​ជាង ៥​ខែ​ហើយ​មក​ទល់​ពេលនេះ ដោយ​មាន​ឯកអគ្គរដ្ឋទូត​ចិន វ៉ាង វ៉ិនតៀន (Wang Wentian) ស្វាគមន៍​នាវិក​ចិន យ៉ាង​អឹកអធិក​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​លោក ទៀ សីហា។

កាសែត​បរទេស​មួយ​ចំនួន​បាន​ពិនិត្យ​រូបភាព​ពី​ផ្កាយរណប​អំពី​ប្រភេទ​នាវាចម្បាំង​ចិន​ពីរ​គ្រឿង​ដែល​ចត​ជាង ៥​ខែ​នៅ​ផែ​រាម​នោះ សន្មត​ថា​ជា​នាវា​ប្រភេទ corvette ទំនើប​ជាង​ប្រភេទ ០៥៦ ជៀងដាវ និង​ស្ហាំងហ្គ្រាវ (Jiangdao and Shangrao) ដែល​ផ្ទុក​ដោយ​អាវុធ​បាញ់​នាវាមុជទឹក ហើយ​ត្រូវការ​ជម្រៅ​ទឹក​តែ ៤​ម៉ែត្រ​ប៉ុណ្ណោះ។ ចំណែក​ឯ​នាវាចម្បាំង​ដឹក​ទាហាន​ឡើង​គោក​មាន​នាវា​ឈ្មោះ ឆាងបៃស្ហាន (Changbai Shan) អាច​ដឹក​ទាហាន​ពី​ទឹក​ឡើង​គោក​បាន​ពី ៦០០ ទៅ ៨០០​នាក់ ប៉ុន្តែ​ត្រូវការ​ជម្រៅ​ទឹក ៧​ម៉ែត្រ ដែល​គេ​អាច​បើក​សន្ទះ​ទ្វារ​ទឹក​បញ្ចូល​ទឹក​ឲ្យ​ឡើង​ខ្ពស់​បាន។

នៅ​ពាក់កណ្តាល​ខែ​ឧសភា នេះ ចិន​បញ្ជូន​នាវា​ចម្បាំង​ពីរ​គ្រឿង​ទៀត​មក​ចូល​ចត​នៅ​កំពង់ផែ​រាម បន្ទាប់ពី​ឧត្តមសេនីយ៍ ម៉ៅ សុផាន់ ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ចិន ដុង យុន (Dong Yun) កាលពី​ខែ​មីនា នៅ​ក្រុង​ប៉េកាំង។ នាវា​ប្រដាប់​អាវុធ​ទំនើប​មួយ​គ្រឿង​ឈ្មោះ ជីយីហ្គ័ង (Qijiguang) ជា​នាវា​ហ្វឹកហាត់​នាវិក​ប្រភេទ ៦៨០ ដែល​អង្គការ​ណាតូ ឲ្យ​ឈ្មោះ​ថា ដាឌូ (Dadu) ដែល​អាច​ដឹក​ទាហាន​ជើងទឹក​បាន ៩៥០​នាក់។ មួយ​គ្រឿង​ទៀត​ជា​នាវា​ប្រដាប់​អាវុធ​ទំនើប ផ្ទុក​គ្រឿង​សព្វាវុធ​មាន​រថពាសដែក ឧទ្ធម្ភាគចក្រ​ជាដើម ឈ្មោះ យីងហ្គាងស្ហាន (Jinggangshan) ប្រភេទ ០៧១ អាច​ដឹក​ទាហាន​បាន​ពី ៥០០ ទៅ ៨០០​នាក់ ហើយ​ត្រូវការ​ជម្រៅ​ទឹក ៧​ម៉ែត្រ។ តាម​ទីភ្នាក់ងារ​ព័ត៌មាន រ៉យទ័រ (Reuters) ស្រង់​ផ្សាយ​ដោយ​កាសែត​បាងកក​ប៉ុស្តិ៍ នៅ​ថ្ងៃទី​៩ ខែ​ឧសភា នេះ​ថា​អាច​ដឹក​ទាហាន​បាន ១​ពាន់​នាក់។

ប្រការ​ទី​២៖ កម្ពុជា និង​វៀតណាម ជា​ប្រទេស​ជិតខាង​ប្រកប​ដោយ​មិត្តភាព និង​សហប្រតិបត្តិការ​ល្អ​គ្រប់​វិស័យ។ បើ​ពិត​ដូច​វាចា​លោក​មែន​នោះ លោក ហ៊ុន សែន មិន​ចាំបាច់​ស្ថាបនា​ព្រែកជីក​ហ្វូណន​នេះ​ទេ។

ប្រការ​ទី​៣៖ ចិន និង​វៀតណាម មាន​ទំនាក់ទំនង​ល្អ និង​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ។ លោក ហ៊ុន សែន ដូចជា​ភ្លេច​ថា ក្រុង​ប៉េកាំង ចង់​វាតទី​គ្រប់គ្រង​សមុទ្រ​ចិន​ខាងត្បូង​ទាំងស្រុង រួម​ទាំ​ផ្លូវ​នាវាចរណ៍​អន្តរជាតិ ទាំង​ប្រជុំ​កោះ​នានា ដែល​ហ្វីលីពីន ម៉ាឡេស៊ី យៀកណាម ប្រ៊ុយណេ ទាមទារ​ជា​កម្មសិទ្ធិ​របស់​គេ​រៀង​ខ្លួន។

ប្រការ​ទី​៤៖ តើ​កម្ពុជា​ឆោតល្ងង់​រហូត​ដល់​យក​កងទ័ព​ចិន មក​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ដែល​វា​ផ្ទុយ​ជាមួយ​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ឬ​យ៉ាងណា? តើ​ចិន​ឆោតល្ងង់​រហូត​យក​កងទ័ព​ខ្លួន​មក​នៅ​កម្ពុជា ដែល​វា​ផ្ទុយ​ជាមួយ​គោលការណ៍​គោរព​ឯករាជភាព​កម្ពុជា​ពី​សំណាក់​ចិន​ឬ?

ចំណុច​នេះ គេ​គួរ​គិត​ពិចារណា​ថា តើ​ប្រទេស​មួយ​ត្រូវ​មាន​ទ័ព​បរទេស​ប៉ុន្មាន​នាក់ ដើម្បី​ហៅថា​បោះ​ទីតាំង​ទ័ព​លើ​ទឹកដី​របស់​ខ្លួន​នោះ? បើ​ចិន​សង់​អគារ​សម្រាប់​ប្រើ​ការ​ដោយ​កងទ័ព​រំដោះ​ប្រជាជន​ចិន គេ​ដាក់​ទាហាន ១០​នាក់​យាម​ការពារ​ទ្រព្យសម្បត្តិ​របស់​គេ ក៏​គេ​ហៅថា​ទីតាំង​ទ័ព​ដែរ។ ចុះ​បើ​របប​លោក ហ៊ុន សែន ជំពាក់​បំណុល​ចិន ៤ ទៅ ៥​ពាន់​លាន​ដុល្លារ តើ​ហ៊ាន​និយាយ​ថា​ទេ​ឬ​អត់ បើ​ចិន​សុំ​ដាក់​ទាហាន​មួយ​កងពល​តូច ឬ​ពល​ធំ ដោយ​មិន​បាច់​ផ្សព្វផ្សាយ​ជា​សាធារណៈ?

ចំពោះ​បញ្ហា​ថា​ស្រប ឬ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ ឬ​គោលការណ៍​ឯករាជភាព​ប្រទេស​កម្ពុជា​វិញ លោក ហ៊ុន សែន បណ្តោយ​ឲ្យ​បរទេស​ជិតខាង​បំពាន​រួច​ទៅ​ហើយ ហើយ​ឥឡូវ​ឲ្យ​បរទេស​ឯនាយ​មក​រំលោភ​ទៀត។

ប្រការ​ទី​៥៖ លោក ហ៊ុន សែន ពន្យល់​ហាក់បីដូចជា​ពលរដ្ឋ​ខ្មែរ​មិន​ចេះ​អាន​អក្សរ​ថា ក្រៅពី​មាត្រា​៥៣ នៃ​រដ្ឋធម្មនុញ្ញ ដែល​ហាមឃាត់​មិន​ឲ្យ​កម្ពុជា​មាន​មូលដ្ឋាន​យោធា​បរទេស​លើ​ទឹកដី​របស់​ខ្លួន នៅ​មាន​មាត្រា​៥៥ បាន​ចែង​យ៉ាង​ច្បាស់​ថា សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ទាំងឡាយ​ណា​ដែល​មិន​ស្រប​នឹង​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី អព្យាក្រឹតភាព និង​ឯកភាព​ជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​លុប​ចោល។ ចំណុច​នេះ​បាន​បញ្ជាក់​ច្បាស់​ថា គ្មាន​កិច្ចព្រមព្រៀង​ណា​មួយ​អនុវត្ត​បាន​ទេ ប្រសិន​វា​មិន​ស្រប​ជាមួយ​ឯករាជ្យ អធិបតេយ្យភាព​កម្ពុជា ព្រោះ​រដ្ឋធម្មនុញ្ញ​បាន​លុប​ចោល​រួច​ទៅ​ហើយ។

ក្នុង​បញ្ហា​ខ្មែរ​ត្រង់​នេះ​វិញ រាជរដ្ឋាភិបាល​ប្រឹង​បំពង​អំពី​ការ​គោរព​រដ្ឋធម្មនុញ្ញ​នៃ​រាជាណាចក្រ​កម្ពុជា អំពី​អធិបតេយ្យ​ជាតិ ឯករាជភាព អព្យាក្រឹតភាព បូរណភាព​ទឹកដី ហើយ​ក៏​មាន​ខ្មែរ​មិន​សូវ​រៀនសូត្រ មិន​យល់ដឹង​ជ្រៅ​ទៅ​ឆ្ងាយ ក៏​ប្រឹង​ជួយ​ការពារ​ទង្វើ​បំពាន​រដ្ឋធម្មនុញ្ញ​ខ្លួន​ដែរ។ ការ​រំលោភ​បំពាន​រដ្ឋធម្មនុញ្ញ​ដោយ​ចេតនា គឺ​ទាក់ទង​នឹង​ជំពូក​ទី​៤ ស្តីអំពី​របប​នយោបាយ មាត្រា​៥៣ កថាខណ្ឌ​ទី​៤ ដែល​ចែង​ថា៖ ព្រះរាជាណាចក្រ​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​នៅ​លើ​ទឹកដី​របស់​ខ្លួន…លើកលែងតែ​ក្នុង​ក្របខ័ណ្ឌ​នៃ​សំណូមពរ​របស់​អង្គការ​សហប្រជាជាតិ។

លោក ហ៊ុន សែន នៃ​រាជរដ្ឋាភិបាល​ខ្មែរ​ក្នុង​ព្រះរាជាណាចក្រ​ទី​២ មិន​បាន​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ២៣ តុលា ១៩៩១ នោះ​ទេ ពីព្រោះ​មិន​បាន​ប្រកាស​ជា​សាធារណៈ​ចាត់ទុក​កិច្ចព្រមព្រៀង​សន្ធិសញ្ញា អនុសញ្ញា​ទាំងឡាយ​ចុះហត្ថលេខា​ព្រម យល់ស្រប​តាម​ជំនាញការ​យៀកណាម ពេល​គេ​ប្រើ​កម្លាំង​ទ័ព​ត្រួតត្រា កាន់កាប់ គ្រប់គ្រង ចាត់ចែង​កិច្ចការ​លើ​ទឹកដី​ខ្មែរ​អស់​រយៈពេល​ជាង ១០​ឆ្នាំ​នោះ​ទេ។ ក្រោយពី​មាន​សន្ធិសញ្ញា​បំពេញ​បន្ថែម​មក​ទៀត ភាគី​មិត្ត​ម៉ឺន​ឆ្នាំ ឬ​មិត្ត​ជិតស្និទ្ធ​ដូច​បបូរមាត់​និង​ធ្មេញ ចង់​បាន​ការ​ធ្វើ​សម្បទាន​ដី​សេដ្ឋកិច្ច​ឲ្យ​គេ​ទៀត​រយៈពេល​ពី ៥០ ទៅ ៩៩​ឆ្នាំ ដើម្បី​នាំ​ជនជាតិ​របស់​គេ​មក​រស់នៅ​ត​ជំនាន់​ក្នុង​ទឹកដី​ខ្មែរ។

តាមរយៈ​កិច្ចព្រមព្រៀង និង​កិច្ចសន្យា​ទាំងនេះ កងកម្លាំង​នៃ​កងទ័ព​ប្រជាជន​យៀកណាម នៃ​អង្គភាព​លេខ​១៥ បាន​ដាក់​ពង្រាយ​កងអនុសេនាធំ​ជាច្រើន​កង​នៅ​ក្នុង​ខេត្ត​ភាគ​ឦសាន​នៃ​រាជាណាចក្រ​កម្ពុជា។ ពលរដ្ឋ​ខ្មែរ​មិន​ទាំង​អាច​ធ្វើ​ដំណើរ​កាត់​តាម​កន្លែង​ខ្លះ​នៃ​តំបន់​ទាំងនោះ​ផង។ តើ​អនុសេនាធំ​លេខ​៧១, ៧២, ៧៣ នៃ​កងទ័ព​ប្រជាជន​យៀកណាម ប្រចាំការ​នៅ​តាម​ទីតាំង ឬ​យាម​ដី​ចម្ការ​ចេក ចម្ការ​កៅស៊ូ ឬ​កាប់​ឈើ​ប្រណីត​ដឹក​ទៅ​ប្រទេស​យៀកណាម អង្គការ​សហប្រជាជាតិ (អ.ស.ប) បាន​អញ្ជើញ​គេ​មក​ឬ​ដូចម្តេច? សារព័ត៌មាន The Cambodia Daily បាន​រាយការណ៍​អំពី​រឿង​នេះ​តាំងពី​ឆ្នាំ​២០១៤ ម្ល៉េះ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ប្រទេស​ធ្វើ​មិន​ដឹង​មិន​ឮ ធ្វើ​មិន​ឃើញ។

តាម​ប្រភព​ព័ត៌មាន​ផ្ទៃក្នុង នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២៣ កម្លាំង​នគរបាល​យៀកណាម តាម​ខេត្ត​ជាប់​ព្រំដែន​ខ្មែរ ជាពិសេស​ខេត្ត​ដាក់ឡាក់ ដែល​ក្រុង​ហាណូយ ដាក់​គោលការណ៍​ឲ្យ​ជួយ​នគរបាល​ខ្មែរ​មួយ​ឆ្នាំ ១​សែន​ដុល្លារ​សម្រាប់​កម្លាំង​នគរបាល​ខ្មែរ​ចំនួន ២៦​កងវរសេនាតូច និង​វរសេនាធំ ស្នើសុំ​ជួយ​បង្វឹក​បង្ហាត់​រួម​គ្នា ដើម្បី​ការពារ​ព្រំដែន​រួម​គ្នា ប៉ុន្តែ​លោក ហ៊ុន សែន មិន​ទាន់​យល់ព្រម។ គេ​មិន​ដឹង​លោក ហ៊ុន សែន មាន​គំនិត​បែប​ណា​ទេ ប៉ុន្តែ​ដោយសារតែ​លោក ហ៊ុន សែន នៃ​បក្ស​ប្រជាជន​កម្ពុជា និង​បរទេស​ជិត​ឆ្ងាយ​មិន​គោរព​រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា​ហ្នឹង​ហើយ ទើប​ខ្មែរ​បាត់​ដែនទឹក ដែនដី ព្រៃ​ព្រឹក្សា​រាប់​សែន​គីឡូម៉ែត្រ​ការ៉េ។

ម្យ៉ាង​ទៀត ការ​ធ្វើ​នយោបាយ​តាម​គន្លង​សហព័ន្ធ​ឥណ្ឌូចិន ក្រោយ​មក​តាម​គន្លង​សមាហរណកម្ម​អាស៊ាន រាជរដ្ឋាភិបាល​ខ្មែរ​មិន​ត្រឹមតែ​ចង​សម្ពន្ធភាព​យោធា​ជាមួយ​ប្រទេស​យៀកណាម ដាក់​ខេត្ត​ខ្មែរ​ចូល​គ្នា​ក្នុង​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ចង​សម្ពន្ធភាព​ជាមួយ​ចិន​យោធា​ប្រទេស​ចិន ទៀត ដែល​ជា​ប្រទេស​ប្រកាន់​យក​មាគ៌ា​បក្ស​កុម្មុយនីស្ត​ដូច​គ្នា។ តើ​នេះ​មិន​បំពាន​រដ្ឋធម្មនុញ្ញ បំពាន​អធិបតេយ្យ​ជាតិ ឯករាជភាព និង​បូរណភាព​ទឹកដី​ខ្មែរ​ទេ​ឬ?

ប្រការ​ទី​៦៖ លោក ហ៊ុន សែន អះអាង​ថា ព្រែកជីក​ហ្វូណន គឺជា​ផល​ប្រយោជន៍​សេដ្ឋកិច្ច សង្គម (socio-economic) សុទ្ធសាធ ដែល​វា​ជួយ​ឲ្យ​ទិស​និរតី​របស់​កម្ពុជា មាន​ផ្លូវទឹក​ដឹកជញ្ជូន​ទៅ​កាន់​សមុទ្រ​បន្ថែម​លើ​ផ្លូវ​ដឹកជញ្ជូន​តាម​ដង​ទន្លេមេគង្គ​ដែល​មាន​ស្រាប់។ លោក​បន្ត​ថា ផ្លូវទឹក​ពី​ព្រែកជីក​នេះ នឹង​ជួយ​ឲ្យ​ប្រជាជន​នៅ​តាម​ព្រែក​នេះ​មាន​ទឹក​ប្រើប្រាស់​សម្រាប់​បង្កបង្កើន​ផល ជួយ​រំដោះ​ទឹកជំនន់​ក្នុង​រដូវវស្សា ជួយ​បង្កើន​ផល​ត្រី​ទឹកសាប​តាម​ព្រែក​នេះ និង​បញ្ហា​ជាច្រើន​ទៀត។

សំណួរ​សម្រាប់​មនុស្ស​សាមញ្ញ ថា​តើ​អាជ្ញាធរ​ចិន​ជីក​ព្រែក​ហ្វូណន អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ចម្ងាយ​ប៉ុន្មាន​ម៉ែត្រ​ពី​ព្រែកជីក​នេះ ប្រើប្រាស់​ទឹក​ពី​ព្រែកជីក​របៀប​ណា បើ​នៅ​សងខាង​ព្រែកជីក គេ​លើក​ទំនប់ សង់​ថ្នល់​សម្រាប់​រថយន្ត​តូច​ធំ​ធ្វើ​ចរាចរណ៍​ទាំង​យប់​ទាំង​ថ្ងៃ? តើ​អ្នក​នេសាទ​ខ្មែរ​ចូល​ព្រែកជីក​នេសាទ​ត្រី​យ៉ាង​ដូចម្តេច បើ​កប៉ាល់​ចេញ​ចូល​មិន​ដឹង​ពេលវេលា? តាម​ធម្មតា ផ្ទៃ​ទឹក​ក្នុង​ព្រែកជីក​ពុំ​មាន​សកម្មភាព​អ្វី​ក្រៅតែ​ពី​ទុក​ឲ្យ​នាវា​ដឹក​ទំនិញ​ចេញ​ចូល​ប៉ុណ្ណោះ​នោះ​ទេ។

ជារឿយៗ មន្ត្រី​រាជរដ្ឋាភិបាល​ខ្មែរ​បាន​បង្ហាញ​ភាព​ប្រាកដ​និយម​ក្នុង​ចិត្ត​ថា ព្រែកជីក​ហ្វូណន នឹង​ជីក​រួចរាល់ អាច​ប្រើប្រាស់​បាន​នៅ​ឆ្នាំ​២០២៨ ពោល​គឺ​ជីក​ក្នុង​រយៈពេល​តែ​បួន​ឆ្នាំ​ប៉ុណ្ណោះ។ នេះ​ប្រហែល​មកពី​មាន​បច្ចេកវិទ្យា និង​ឧបករណ៍​ទំនើប។

ប៉ុន្តែ​មាន​សំណួរ​ថា តើ​ហេតុ​អ្វី​គម្រោង​ជីក​ព្រែក​នេះ​ហាក់ដូចជា​ប្រញាប់​ប្រញាល់​ឲ្យ​រួច​ក្នុង​ពេល​ឆាប់​បែប​នេះ?

ក្នុង​ឆ្នាំ​២០០៤ ក្រុម​អ្នក​ស្រាវជ្រាវ​អាមេរិកាំង បាន​កំណត់​គោលនយោបាយ​ក្រៅ​ប្រទេស​នៃ​ក្រុង​ប៉េកាំង ថា​ជា​គោលនយោបាយ​ខ្សែ​គជ់ (string of pearls) ដោយ​បណ្ដាក់ទុន ឬ​វិនិយោគទុន​ធ្វើ​អាជីវកម្ម​ទាញ​ផល​ដើម្បី​បិទ​បាំង​សកម្មភាព​ពង្រីក​អំណាច​យោធា​ពីក្រោយ​វាំងនន។ ក្រុមហ៊ុន​ចិន​ធំៗ​ភាគច្រើន​រកស៊ី​ក្រៅ​ប្រទេស ជា​សហគ្រាស​រដ្ឋ​ធ្វើការ​ជាមួយ​កងទ័ព​រំដោះ​ប្រជាជន​ចិន (People’s Liberation Army)។ ចិន​ធ្វើ​ដូច្នេះ ចាប់ពី​ទ្វីប​អាហ្វ្រិក​ក្នុង​ប្រទេស​ចំនួន​១៦ មាន​ប្រទេស​បី គឺ​ស៊ូដង់ ជីប៊ូទី អេត្យូពី ស្ថិត​ជាប់​សមុទ្រ​ក្រហម ដល់​តំបន់​អាស៊ី​កណ្តាល ប្រទេស​ប៉ាគីស្ថាន នៅ​តំបន់​អាស៊ី​អាគ្នេយ៍​មាន​ប្រទេស​លាវ កម្ពុជា ជាប់​ឈូង​សមុទ្រ​ថៃ។

ចិន​ប្រើប្រាស់​ផែ​សមុទ្រ​នៅ​ប្រទេស​ស៊ូដង់ (Port of Sudan) ជួល​កំពង់ផែ Doraleh នៅ​ជីប៊ូទី ដែល​ប្រមាណ ១​គីឡូម៉ែត្រ​ខាងលិច​ផែ ចិន​សង់​មូលដ្ឋាន​នាវាចរណ៍ ឃ្លាំង​ស្តុក និង​ផ្គត់ផ្គង់​សម្ភារៈ អាច​ដាក់​ទាហាន ១​ម៉ឺន​នាក់។

ក្នុង​សមុទ្រ​ឥណ្ឌា ចិន​ប្រើ​កំពង់ផែ​ប្រទេស​សិរីលង្កា ប៉ាគីស្ថាន កោះ​ម៉ាល់ឌីវ កំពុង​ស្ថាបនា​កំពង់ផែ​សមុទ្រ​នៅ​ប្រទេស​ភូមា ក្យោកភ្យូ (Kyaukphyu) នៅ​ក្នុង​សមុទ្រ​ឥណ្ឌា ដោយ​ប្រើ​ថវិកា ១០​ពាន់​លាន​ដុល្លារ។ អ្នក​ជំនាញ​កិច្ចការ​នយោបាយ​ចិន មាន​លោក Dan Blumenthal នៅ​សហរដ្ឋ​អាមេរិក ជាដើម បាន​សរសេរ​អំពី​រឿង​អាណានិគមនិយម​ថ្មី (neo-colonialism) ថា៖ ទិសដៅ​យូរ​អង្វែង​នៃ​បក្ស​កុម្មុយនីស្ត​ចិន គឺ​ដើម្បី​បង្ខំ​សហរដ្ឋ​អាមេរិក​ជា​ប្រទេស​ដ៏​មាន​អំណាច ចេញ​ឲ្យ​បាត់​ពី​មុខ​ពី​មាត់ ហើយ​បង្កើត​សណ្ដាប់ធ្នាប់​ពិភពលោក​ថ្មី​មួយ​មាន​អំណោយ​ផល​ទៅ​រក​ម៉ាក​នយោបាយ​បែប​ផ្ដាច់ការ​របស់​ចិន ឬ​ក៏​តាម​សេដ្ឋកិច្ច​ទីផ្សារ​បែប​សង្គម​និយម។ The Chinese Communist Party’s long-term strategic objective is to displace the United States as the world’s most powerful country and create a new world order favorable to China’s authoritarian brand of politics, or its “socialist market economy.”

អ្នក​ស្រាវជ្រាវ អ្នកនិពន្ធ​បស្ចិម​ប្រទេស វិភាគ​ឃើញ​ថា រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ព្យាយាម​បង្ហាញ​ជំហរ​ថ្លឹងថ្លែង​មិន​ចង់​ឲ្យ​សមាជិក​សហគមន៍​អាស៊ាន​ឯ​ទៀត​ថា​ខ្លួន​បម្រើ​គោលដៅ​វាតទី​និយម​ចិន។ គ្រា​មុន លោក ហ៊ុន សែន ព្យាយាម​ដើរ​តាម​យៀកណាម ដោយ​មិន​អនុញ្ញាត​ឲ្យ​យោធា​បរទេស​បោះ​ទីតាំង​លើ​ទឹកដី​របស់​ខ្លួន ដោយ​លើក​យក​មាត្រា​៥៣ នៃ​រដ្ឋធម្មនុញ្ញ​មក​សម្អាង ប៉ុន្តែ​គេ​អាច​នឹង​មិន​ឃើញ​កងទ័ព​ចិន ដើរ​ព្រោងព្រាត​ពាសពេញ​ស្រុក​ខ្មែរ​នោះ​ទេ គឺ​គេ​អាច​នឹង​ឃើញ​នាវា​ចិន ធុន​តូច​ចេញ​ចូល​ដោយ​សម្អាង​មាត្រា​ដដែល ដែល​ចែង​ថា៖ ព្រះរាជាណាចក្រ​កម្ពុជា រក្សា​សិទ្ធិ​ទទួល​យក​ជំនួយ​បរទេស​ជា​សម្ភារៈ​យោធា អាវុធ គ្រាប់រំសេវ ការ​ហ្វឹកហ្វឺន​កងកម្លាំង​ប្រដាប់​អាវុធ និង​ជំនួយ​ផ្សេងៗ​ទៀត ដើម្បី​ការពារ​ខ្លួន និង​ធានា​សណ្ដាប់ធ្នាប់ និង​សន្តិសុខ​សាធារណៈ​នៅ​ផ្ទៃក្នុង​ប្រទេស​កម្ពុជា។

ក្នុង​ដំណាក់កាល​នេះ រដ្ឋាភិបាល​យៀកណាម បាន​ស្នើ​ជា​ញឹកញាប់​សុំ​ឲ្យ​រាជរដ្ឋាភិបាល​បង្ហាញ​តម្លាភាព​ក្នុង​គម្រោង​ព្រែកជីក​ហ្វូណន​នេះ។ យៀកណាម លើក​យក​តែ​បញ្ហា​បរិស្ថាន​មក​និយាយ​សង្កត់​អំពី​គ្រោះថ្នាក់​ពី​គម្រោង​ព្រែកជីក​នេះ ហើយ​គ្រាន់តែ​បង្ហើប​ថា ព្រែកជីក​ហ្វូណន​អាច​ឲ្យ​នាវាចម្បាំង​ចិន ដូចជា នាវា​ដឹក​ទ័ព (កុម្ម៉ង់ដូ) ប្រភេទ​ឆាងបៃស្ហាន (Changbai Shan) ចេញ​ចូល​បាន។ ពលរដ្ឋ​ខ្មែរ​នៅ​ចងចាំ​ថា នៅ​គ្រា ប៉ុល ពត នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ខ្មែរក្រហម​ផ្តើម​ទទួល​ជំនួយ​យោធា​ចិន ស្ថាបនា​វាល​យន្តហោះ​ចម្បាំង​ខាងលិច​ភ្នំ​ក្រាំងដីមាស ក្នុង​ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង យក​កូនប្រុស​សមមិត្ត អៀង សារី និង សុន សេន ទៅ​រៀន​បើក​យន្តហោះ​ចម្បាំង​រវាង​ឆ្នាំ​១៩៧៧-៧៨ រដ្ឋការ​ក្រុង​ហាណូយ ចាប់ផ្តើម​មន្ទិល​សង្ស័យ​ចេតនា​នៃ​របប​ក្រុង​ភ្នំពេញ ហើយ​បង្ក​រឿង​តាម​ព្រំដែន រហូត​វាយ​រំលំ​របប​ខ្មែរក្រហម រឹបអូស​យក​រថក្រោះ​ជំនួយ​ចិន ជាង ៣០០​គ្រឿង​ពី​ភ្នំ​ប្រសិទ្ធិ៍ បាត់​អស់។

គេ​សួរ​ថា តើ​ប្រទេស​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ នឹង​ជួប​វាសនា​ដូច​គ្នា​ឬ​ទេ​ទៅ​អនាគត បើ​គិត​មិន​ដល់ ​មុជ​មិន​ជ្រៅ​ ទៅ​មិន​ឆ្ងាយ​នោះ?

ថ្វីត្បិតតែ​ហេតុការណ៍​យ៉ាងណាៗ​ទៅ​អនាគត​ពុំ​មាន​នរណា​សន្និដ្ឋាន​បាន​នៅឡើយ​ក៏ដោយ ជនជាតិ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ មាន​គំនិត​ខុស​គ្នា​រឿង​ឥទ្ធិពល​មហាអំណាច​ចិន និង​ឥទ្ធិពល​មហាអំណាច​សហរដ្ឋ​អាមេរិក។ ពលរដ្ឋ​ក្នុង​ប្រទេស​នៃ​សមាគម​អាស៊ាន មិន​សូវ​ចង់​ជាប់​ជំពាក់​ជាមួយ​នឹង​ប្រទេស​ចិន​កុម្មុយនីស្ត​ប៉ុន្មាន​ទេ។

ក្នុង​ការ​ស្រាវជ្រាវ​មួយ​ផ្សាយ​ដោយ​ព្រឹត្តិបត្រ Visual Capitalists នៅ​ថ្ងៃទី​៣ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ អំពី​ចិត្ត​គំនិត​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ទាំង​ដប់​ប្រទេស ថា​តើ​ភាគច្រើន​គេ​បារម្ភ​អំពី​ឥទ្ធិពល​ចិន ឬ​ឥទ្ធិពល​សហរដ្ឋ​អាមេរិក៖

  • យៀកណាម បារម្ភ​នឹង​ចិន ៩៦% បារម្ភ​នឹង​សហរដ្ឋ​អាមេរិក ៥៥%;
  • ថៃឡង់ដ៍ បារម្ភ​នឹង​ចិន ៨៤% បារម្ភ​នឹង​សហរដ្ឋ​អាមេរិក ៨០%;
  • សិង្ហបុរី បារម្ភ​នឹង​ចិន ៧៤% បារម្ភ​នឹង​សហរដ្ឋ​អាមេរិក ៣៧%;
  • ហ្វីលីពីន បារម្ភ​នឹង​ចិន ៨១% បារម្ភ​នឹង​សហរដ្ឋ​អាមេរិក ៣២%;
  • ភូមា បារម្ភ​នឹង​ចិន ៩៥% បារម្ភ​នឹង​សហរដ្ឋ​អាមេរិក ៤៥%;
  • ម៉ាឡេស៊ី បារម្ភ​នឹង​ចិន ៥៦% បារម្ភ​នឹង​សហរដ្ឋ​អាមេរិក ៦៨%;
  • លាវ បារម្ភ​នឹង​ចិន ៦៨% បារម្ភ​នឹង​សហរដ្ឋ​អាមេរិក ៧៩%;
  • ឥណ្ឌូនេស៊ី បារម្ភ​នឹង​ចិន ៥៧% បារម្ភ​នឹង​សហរដ្ឋ​អាមេរិក ៧៣%;
  • កម្ពុជា បារម្ភ​នឹង​ចិន ៦៦% បារម្ភ​នឹង​សហរដ្ឋ​អាមេរិក ៥៨%;
  • ប្រ៊ុយណេ បារម្ភ​នឹង​ចិន ៥៨% បារម្ភ​នឹង​សហរដ្ឋ​អាមេរិក ៧៣%។

បើ​សរុប​យក​ជា​មធ្យមភាគ ពលរដ្ឋ​តំបន់​នេះ​បារម្ភ​នឹង​ឥទ្ធិពល​ចិន មាន ៧៤% បារម្ភ​នឹង​ឥទ្ធិពល​សហរដ្ឋ​អាមេរិក ៥៩%

បើ​ពលរដ្ឋ​ខ្មែរ​ស្តាប់​មួយ​ភ្លែត ពិត​ជា​គិត​ថា​លោក ហ៊ុន សែន ជា​អ្នក​ដឹកនាំ​ស្រឡាញ់​ជាតិ គិត​ជាតិ​របស់​ខ្លួន​ជា​អ្នក​ជាតិ​និយម (nationalist) ជា patriot អ្នក​ស្នេហា​ជាតិ ដើរ​តាម​នយោបាយ​សម្តេច នរោត្តម សីហនុ ខ្លាំងក្លា​ឥតឧបមា គ្មាន​អ្នក​ណា​ស្មើ​ឡើយ។ កាលពី​អតីត​ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ​នៅ​មាន​ព្រះជន្ម ព្រះអង្គ​ធ្លាប់​មាន​បន្ទូល​នៅ​ឆ្នាំ​១៩៩០ ថា៖ “អ្នក​ដែល​បោក សីហនុ បាន មិន​ទាន់​កើត​នៅឡើយ​ទេ”។ ព្រះអង្គ​ជួយ​លាក់ ជួយ​បិទបាំង​ការពិត​អំពី​ទ័ព​ព្រៃ​យៀកណាម​ខាង-យៀកកុង ៨​ម៉ឺន​នាក់ នា​ទសវត្ស​១៩៦០ ដែល​បោះ​ទីតាំង​លើ​ទឹកដី​កោះ​សន្តិភាព​ប៉ែក​ឦសាន ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល រហូត​ទាល់តែ​ពលរដ្ឋ​ខ្មែរ​ក្តៅ​ក្រហាយ បន្ទាប់ពី​មាន​ឧប្បត្តិហេតុ​ទ័ព​ព្រៃ​បាញ់​ដាក់​តម្រួត និង​ទាហាន​ខ្មែរ​តាម​ព្រំដែន។ ប្រមាណ ៣០​ឆ្នាំ​ក្រោយ​មក ព្រះអង្គ​មាន​បន្ទូល​ថា៖ “យួន​ជា​ក្រពើ”។ នេះ​គឺ​មក​តែ​ពី​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​ខ្ជិល​គិត បណ្តោយ​ខ្លួន ផ្ញើ​វាសនា​ជីវិត​តែ​លើ​អ្នក​ដឹកនាំ​ម្នាក់។

ទស្សនវិទូ សង្គម​វិទូ ចិត្តវិទូ រំឭក​ថា អ្នក​មិន​ធ្លាប់​ឃើញ មិន​ធ្លាប់​ដឹង​រឿង ឬ​មិន​ធ្លាប់​ពិសោធន៍ ឆ្លងកាត់​ហេតុការណ៍​ពិត​អ្វី​មួយ ស្តាប់​អ្នក​ធ្លាប់​ឃើញ ធ្លាប់​ដឹង​រឿង ហេតុការណ៍​ពិត​អ្វី​មួយ​និយាយ​ប្រាប់​បែប​ណា ក៏​មិន​សូវ​ជឿ​ដែរ លុះត្រាតែ​បាប​គ្រោះ​ដូច​គ្នា​នោះ​ធ្លាក់​មក​លើ ទើប​ភ្ញាក់​ខ្លួន​ថា​ហួស​ពេល​ហើយ។

តួ​ល្ខោន​សោកនាដកម្ម​ក្រិក ឈ្មោះ អេវរីពីឌីស (Euripides) (៤៨០-៤០៦ មុន​គ.ស.) ដាស់តឿន​ថា៖ និយាយ​ពន្យល់​ហេតុផល​ទៅ​អ្នក​អត់​ចេះ​គិត (ល្ងីល្ងើ) គេ​ហៅ​អ្នក​ថា​មនុស្ស​ឆ្កួត (“Talk sense to a fool, he calls you foolish”)។

ទស្សនវិទូ​បារាំង Denis Diderot សតវត្ស​ទី​១៨ (១៧១៣-១៧៨៤) ពោល​ថា៖ យើង​លេប​យ៉ាង​លោភលន់​យ៉ាង​តក់ក្រហល់​ការ​ភូត​កុហក​ណា​ដែល​សរសើរ​បញ្ចើច​បញ្ជោរ​យើង ប៉ុន្តែ​យើង​ក្រេប​ម្តង​បន្តិចៗ​តែ​ប៉ុណ្ណោះ​ការពិត​ណា​យើង​ដឹង​ថា​ល្វីង​ជូរចត់។ (ភាសិត​ខ្មែរ​ថា ពាក្យ​ពិត​រែង​ស្លែង)។ (“We swallow greedily any lie that flatters us, but we sip only little by little at a truth we find bitter”)។

អ្នក​ប្រាជ្ញ​វិទ្យាសាស្ត្រ Albert Einstein ពី​សតវត្ស​ទី​១៩ ដល់​ទី​២០ រំឭក​ថា៖ ជំនឿ​ទាំង​បិទ​ភ្នែក ងងឹត​ងងល់​ទៅ​លើ​អ្នក​មាន​អំណាច​បង្គាប់​បញ្ជា (មិន​ចេះ​ឆ្ងល់ មិន​ចេះ​សួរនាំ) គឺជា​បច្ចាមិត្ត​ដ៏​ធំ​មហិមា​នៃ​សច្ចៈ (ឬ​ការពិត)។ (“Blind faith/obedience in authority is the greatest enemy of truth”)៕

នេះ​ជា​តំណភ្ជាប់​ទៅ​កាន់​អត្ថបទ​ភាគ​១ នៃ​សេចក្ដី​រាយការណ៍​ស៊ីជម្រៅ ស្ដីពី ផល​ខាត និង​ផល​ចំណេញ​ពី​ព្រែកជីក​ហ្វូណន​តេជោ!

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស