ក្រសួងយុត្តិធម៌ កំពុងពិនិត្យសិក្សាថា តើនឹងត្រូវបង្កើតច្បាប់ថ្មី ឬធ្វើវិសោធនកម្មលើច្បាប់ចាស់ប្រឆាំងនឹងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម ដែលរដ្ឋសភាបានអនុម័តកាលពីឆ្នាំ២០១៣ បន្ទាប់ពីសំណើរបស់ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ឱ្យអ្នកច្បាប់ពិចារណារៀបចំច្បាប់ផ្ដន្ទាទោសជនទាំងឡាយណាដែលហ៊ាននិយាយថា កម្ពុជាមិនមានអំពើប្រល័យពូជសាសន៍។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី២៨ ខែឧសភា បានថ្លែងថា ក្រសួងយុត្តិធម៌កំពុងពិនិត្យសិក្សាលើច្បាប់ដាក់ទោសអ្នកដែលមិនទទួលស្គាល់វត្តមានអំពើប្រល័យពូជសាសន៍នៅកម្ពុជា ប៉ុន្តែលោកនៅមិនទាន់បញ្ជាក់បានទេថា តើត្រូវបង្កើតច្បាប់ថ្មី ឬធ្វើវិសោធនកម្មលើច្បាប់ចាស់ប្រឆាំងនឹងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម ដែលរដ្ឋសភាបានអនុម័តកាលពីឆ្នាំ២០១៣។
បើតាមលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអះអាងថា នេះជាការងារដែលមានសារសំខាន់ ប៉ុន្តែលោកនៅមិនទាន់អាចបញ្ជាក់បានទេថា តើច្បាប់ចាស់កាលពីជាង ១០ឆ្នាំមុន និងច្បាប់ដែលលោក ហ៊ុន សែន បានស្នើឱ្យតាក់តែងថ្មីពេលនេះ នឹងមានភាពខុសគ្នានៅត្រង់កន្លែងណាខ្លះទេ។
កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងពិធីបិទសន្និសីទលើកទី១ ស្ដីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានលើកសំណើនៅចំពោះមុខរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឱ្យអ្នកច្បាប់ពិចារណារៀបចំច្បាប់ផ្ដន្ទាទោសជនទាំងឡាយណាដែលហ៊ាននិយាយថា កម្ពុជាមិនមានអំពើប្រល័យពូជសាសន៍។
លោក ហ៊ុន សែន ថាការបង្កើតច្បាប់ដាក់ទោសលើអ្នកដែលនិយាយថា កម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ ក៏ដើម្បីធានានូវការអប់រំឱ្យក្មេងជំនាន់ក្រោយបានដឹងកាន់តែច្បាស់ពីរបបឃោរឃៅដែលធ្លាប់កើតមាននៅកម្ពុជាដែរ ក្នុងគោលដៅចៀសវាងការបន្លប់ប្រវត្តិសាស្ត្រពីជនអគតិមួយចំនួនដែលមានចេតនាបំបិទនូវប្រវត្តិសាស្ត្រពិតមួយនេះ។
លោក ហ៊ុន សែន លើកឡើងថា ប្រទេសខ្លះបានដាក់ទោសលើរបប ប៉ុល ពត ហើយក៏បានដាក់ទោសលើចលនាដឹកនាំផ្ដួលរំលំរបប ប៉ុល ពត ដែរ ដែលទង្វើនេះគឺជាការផ្ដល់ភាពអយុត្តិធម៌យ៉ាងខ្លាំងចំពោះចលនាតស៊ូដែលដឹកនាំដោយរូបលោក ក្នុងការផ្ដួលរំលំរបបប្រល័យពូជសាសន៍មួយនេះ។
កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៣ តាមសំណើរបស់លោក ហ៊ុន សែន ដែលកាលនោះជានាយករដ្ឋមន្ត្រី រដ្ឋសភាបានអនុម័តច្បាប់ប្រឆាំងនឹងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម បន្ទាប់ពីលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ បានអះអាងថា គ្មានការកាប់សម្លាប់ក្នុងគុកទួលស្លែង។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily កន្លងមកថា ក្នុងសង្គមប្រជាធិបតេយ្យ គេធ្វើច្បាប់ប្រឆាំងអ្នកប្រព្រឹត្តកំហុស ឬអ្នកប្រព្រឹត្តឧក្រិដ្ឋកម្ម និងប្រឆាំងអ្នកដែលមានផែនការធ្វើឧក្រិដ្ឋកម្មនានា ប៉ុន្តែគេមិនធ្វើច្បាប់ប្រឆាំងអ្នកដែលបញ្ចេញមតិទេ។
លោក គឹម សុខ លើកឡើងថា បើធ្វើច្បាប់ប្រឆាំងអ្នកបញ្ចេញមតិ មានតែមនុស្សគប៉ុណ្ណោះដែលរួចផុតពីច្បាប់នេះ ប៉ុន្តែបើច្បាប់ត្រូវបានបង្កើតឡើងមែន អ្នកដែលត្រូវប្រឈមនឹងការស៊ើបអង្កេតមុនគេ គឺលោក ហ៊ុន សែន តែម្តង ព្រោះគាត់បានអនុវត្តនយោបាយ «ក៥» របស់វៀតណាម រហូតបណ្ដាលឲ្យបុរសខ្មែរពេញកម្លាំងជាង ២០ម៉ឺននាក់ស្លាប់កាលពីអំឡុងទសវត្សរ៍១៩៨០ នោះ។
ចំណែកមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន បានអះអាងថា ច្បាប់ផ្ដន្ទាទោសអ្នកមិនទទួលស្គាល់របបប្រល័យពូជសាសន៍គ្មានប្រយោជន៍សម្រាប់ជាតិ។ លោកថា អ្វីដែលលោក ហ៊ុន សែន បញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពិនិត្យច្បាប់នេះ គឺខុសនឹងតួនាទី ពីព្រោះលោក ហ៊ុន សែន លែងជានាយករដ្ឋមន្ត្រីហើយ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.
