តុលាការកំពូលក្រុងភ្នំពេញ សម្រេចតម្កល់សាលក្រមផ្ដន្ទាទោសរបស់សាលាឧទ្ធរណ៍លើសំណុំរឿងលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ឬចេញសែកដែលគ្មានប្រាក់» ទុកជាបានការដដែលនៅថ្ងៃសុក្រនេះ។
នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ តុលាការកំពូលបើកសវនាការលើសំណុំរឿងអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ដោយសម្រេចតម្កល់សាលក្រមផ្ដន្ទាទោសរបស់តុលាការថ្នាក់កណ្តាលពីបទ ចេញសែកស្អុយ ទុកជាបានការដដែល។
ការសម្រេចនេះ ធ្វើឡើងស្របពេលដែលគេមើលឃើញថា ការផ្ដន្ទាទោសលើមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនរូបនេះ គឺស្ថិតក្នុងរបៀបវារៈនយោបាយដែលរៀបចំដោយគណបក្សប្រជាជនកម្ពុជា ដើម្បីបោសសម្អាតបក្សប្រឆាំងនៅកម្ពុជា។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣១ ឧសភា នេះថា ការកាត់ទោសលោក ថាច់ សេដ្ឋា គឺជាល្បិចនយោបាយរបស់លោក ហ៊ុន សែន ដែលមានបំណងកម្ចាត់បក្សប្រឆាំងកុំឱ្យតវ៉ានឹងការដឹកនាំមិនត្រឹមត្រូវរបស់រដ្ឋាភិបាលដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ។
លោក អ៊ុំ សំអាន លើកឡើងថា ច្បាប់ដែលកំពុងគ្រប់គ្រង និងអនុវត្តដោយគណបក្សប្រជាជនកម្ពុជា គឺប្រើស្តង់ដាពីរ មួយផ្នែកគឺដើម្បីរឹតបន្តឹងទៅលើបក្សប្រឆាំង សកម្មជននយោបាយ និងសកម្មជនសង្គមដែលមិនស្របនឹងការដឹកនាំរបស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត។
ចំណែកមួយផ្នែកទៀត គឺប្រើដើម្បីការពារមន្ត្រីគណបក្សប្រជាជនកម្ពុជា ជាពិសេសដូចជាការកែប្រែរដ្ឋធម្មនុញ្ញកាលពីអំឡុងឆ្នាំ២០២៣ កន្លងទៅ ក្រោយការប្រកាសតែងតាំងលោក ហ៊ុន ម៉ាណែត ឱ្យធ្វើជានាយករដ្ឋមន្ត្រីបន្តពីខ្លួននោះ ជាដើម ដូច្នេះច្បាប់របស់ប្រទេសកម្ពុជាសព្វថ្ងៃនេះ មិនត្រូវបានប្រើប្រាស់ដើម្បីការពារពលរដ្ឋ និងដើម្បីលើកកម្ពស់យុត្តិធម៌សង្គមនោះឡើយ។
កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្ដន្ទាទោសលោក ថាច់ សេដ្ឋា ពីបទ “មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន” ឬចេញសែកស្អុយ តាមមាត្រា២៣១ នៃច្បាប់ស្ដីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។
ចំពោះសាលក្រមផ្ដន្ទាទោសរបស់សាលាដំបូងក្រុងភ្នំពេញលើលោក ថាច់ សេដ្ឋា កាលពីឆ្នាំ២០២៣ ក៏ត្រូវបានសាលាឧទ្ធរណ៍សម្រេចតម្កល់ទុកជាបានការដែរ។ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នេះ តុលាការកំពូលក៏បានសម្រេចតម្កល់សាលក្រមរបស់សាលាឧទ្ធរណ៍ទុកជាបានការបន្ថែមទៀត។
ក្រោមបទចោទ ចេញសែកស្អុយ នេះ លោក ថាច់ សេដ្ឋា នឹងត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារគ្រប់ចំនួន ១៨ខែ ឬ ១ឆ្នាំ ៦ខែ ព្រមទាំងត្រូវពិន័យជាប្រាក់ចំនួន ៣លានរៀល។ ជាងនេះទៀត ក៏ត្រូវទូទាត់បំណុលដល់ហាងបញ្ចាំឈ្មោះ រិន ឆាយ ជាង ៣ម៉ឺនដុល្លារអាមេរិក (៣៣៤០០ដុល្លារ) ឬស្មើនឹងប្រមាណ ១១៣,៦លានរៀលផងដែរ រួមទាំងត្រូវបង់លុយសំណងជំងឺចិត្តដល់ដើមបណ្ដឹងចំនួន ៥លានរៀល ឬប្រហែល ១២៥០ដុល្លារអាមេរិកថែមទៀត។
អំឡុងពេលតុលាការឃុំខ្លួនក្នុងពន្ធនាគាររង់ចាំសវនាការចាប់តាំងពីអំឡុងខែមករា ឆ្នាំ២០២៣ មេធាវីរបស់លោក ថាច់ សេដ្ឋា គឺលោក សឺន ជុំជួន បានដាក់សំណើទៅតុលាការស្នើសុំឱ្យលោកបាននៅក្រៅឃុំ ក្រោមហេតុផលសុខភាពមិនប្រក្រតីជាបន្តបន្ទាប់ ប៉ុន្តែត្រូវតុលាការច្រានចោលរហូត។
ជុំវិញបញ្ហានេះ លោក ថាច់ សេដ្ឋា មិនត្រឹមតែត្រូវបានបដិសេធមិនឱ្យនៅក្រៅឃុំទេ ថែមទាំងត្រូវបានតុលាការផ្ដន្ទាទោសលើសំណុំរឿងមួយករណីទៀតដែរ គឺបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទញុះញង់ឱ្យមានការរើសអើង។
ចំពោះសំណុំរឿងដែលតុលាការបានចោទពីបទ «ញុះញង់» នេះ លោក ថាច់ សេដ្ឋា ត្រូវបានតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារចំនួន ៣ឆ្នាំ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ ពាក់ព័ន្ធនឹងការលើកឡើងរបស់លោកទៅកាន់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០២៣ ក្នុងប្រទេសកូរ៉េខាងត្បូង អំពីប្រវត្តិនៃការកកើតគណបក្សប្រជាជនកម្ពុជា និងប្រវត្តិថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.
