ច្បាប់ស្ដីពីការគ្រប់គ្រងអន្តោប្រវេសន៍ថ្មីរបស់ជប៉ុន តម្រូវឱ្យរដ្ឋាភិបាលជប៉ុន ចាប់បញ្ជូនជនភៀសខ្លួនសម្ភាសធ្លាក់លើកទី២ ដែលគ្មានភស្តុតាងគ្រប់គ្រាន់ ត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ ខណៈការស្នាក់នៅរង់ចាំលទ្ធផលក្នុងប្រទេសជប៉ុន ក៏មិនត្រូវបានអនុញ្ញាតថែមទៀត។
សារព័ត៌មាន NIKKEI ASIA របស់ប្រទេសជប៉ុន បានចេញផ្សាយអត្ថបទមួយកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ថា រដ្ឋាភិបាលជប៉ុន សម្រេចឲ្យប្រើប្រាស់នូវច្បាប់អន្តោប្រវេសន៍ និងច្បាប់ទទួលស្គាល់ជនភៀសខ្លួនថ្មីដែលបានកំណត់ថា ចំពោះជនណាដែលសម្ភាសធ្លាក់លើកទី២ ដោយសារគ្មានភស្តុតាងគ្រប់គ្រាន់ នឹងត្រូវរដ្ឋាភិបាលចាប់បញ្ជូនត្រឡប់ទៅប្រទេសដើមវិញជាកំហិត។
ប្រភពដដែលលើកឡើងថា រដ្ឋាភិបាលជប៉ុន អះអាងថា ច្បាប់ដែលបានធ្វើវិសោធនកម្មនេះ នឹងសម្រួលដល់ដំណើរការពិនិត្យជនភៀសខ្លួនរបស់ប្រទេសជប៉ុន និងធានានូវការការពារសម្រាប់អ្នកដែលត្រូវការភៀសខ្លួនពិតប្រាកដ។
អតីតមន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១១ មិថុនា នេះថា ប្រសិនបើច្បាប់គ្រប់គ្រងអន្តោប្រវេសន៍ និងច្បាប់ទទួលស្គាល់ជនភៀសខ្លួនថ្មីរបស់ជប៉ុន នេះ ធ្វើឡើងក្នុងគោលបំណងធានាឱ្យមានសណ្ដាប់ធ្នាប់ សន្តិសុខរបស់ប្រទេសជប៉ុន គឺជារឿងត្រឹមត្រូវដែលរដ្ឋាភិបាលជប៉ុន គួរតែធ្វើ ប៉ុន្តែបើច្បាប់នេះធ្វើឡើងក្នុងគោលបំណងដើម្បីរឹតត្បិតសេរីភាពជនភៀសខ្លួន នោះរដ្ឋាភិបាលជប៉ុន មិនគួរធ្វើដាច់ខាត។
លោកបន្តថា ជនភៀសខ្លួនតែងមានការភ័យខ្លាចពីការបាត់បង់អាយុជីវិតក្នុងប្រទេសកំណើតរបស់ពួកគេរួចទៅហើយ ដូច្នេះបើច្បាប់ថ្មីនេះមានបំណងត្រឹមតែចង់បញ្ជូនជនភៀសខ្លួនណាម្នាក់ទៅប្រទេសរបស់ពួកគេវិញ គឺស្មើនឹងចូលរួមសម្លាប់សិទ្ធិសេរីភាពរបស់ពួកគេដូច្នោះដែរ។
អតីតមន្ត្រីជាន់ខ្ពស់នៃអង្គការក្រៅរដ្ឋាភិបាលរូបនេះ ជំរុញឱ្យប្រទេសដែលទទួលជនភៀសខ្លួននានានៅលើពិភពលោក សហការជាមួយប្រទេសដទៃទៀតដែលព្រមទទួលជនភៀសខ្លួន ដើម្បីធានាសុវត្ថិភាពរបស់ជនរងគ្រោះទាំងនោះ ដោយចៀសវាងការបញ្ជូនពួកគេទៅប្រទេសកំណើតរបស់គេវិញ។
ទាក់ទិននឹងបញ្ហានេះ គេកត់សម្គាល់ឃើញថា ស្ថានភាពជនភៀសខ្លួនដែលស្វែងរកសិទ្ធិជ្រកកោននយោបាយពីប្រទេសកម្ពុជាសព្វថ្ងៃនេះ កំពុងស្ថិតក្នុងស្ថានភាពផុយស្រួយយ៉ាងខ្លាំង បន្ទាប់ពីរកឃើញថា រដ្ឋាភិបាលកម្ពុជាបានស្វែងរកការសហការជាមួយប្រទេសដទៃក្នុងការដោះដូរជនភៀសខ្លួនទាំងនោះ ដើម្បីបញ្ជូនពួកគេត្រឡប់ទៅប្រទេសកំណើតវិញ ជាពិសេសគេបានរកឃើញថា រដ្ឋាភិបាលកម្ពុជាកំពុងបង្កើនកិច្ចសហការយ៉ាងខ្លាំងជាមួយអាជ្ញាធរថៃ លើបញ្ហានេះនាពេលកន្លងមក។
នាយកប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស អ្នកស្រី Elaine Pearson លើកឡើងកាលពីពេលថ្មីៗនេះថា “រដ្ឋាភិបាលកម្ពុជា បានបង្កើនការចូលរួមយ៉ាងខ្លាំងនៅក្នុង Swap mart ឬ ផ្សារជួញដូរ ជាមួយអាជ្ញាធរថៃ ដើម្បីផ្លាស់ប្ដូរអ្នកប្រឆាំងគ្នាទៅវិញទៅមកដោយខុសច្បាប់។
កាលពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ចេញរបាយការណ៍របស់ខ្លួនថា អាជ្ញាធរថៃ កំពុងជួយរដ្ឋាភិបាលកម្ពុជា ចាត់វិធានការខុសច្បាប់លើជនភៀសខ្លួនដែលភៀសខ្លួនពីការធ្វើទុក្ខបុកម្នេញពីរដ្ឋាភិបាលរបស់ពួកគេសព្វថ្ងៃនេះ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បញ្ជាក់ថា Swap Mart ឬ ផ្សារជួញដូរ ក្នុងប្រទេសថៃ កំពុងត្រូវបានកំណត់ជាទីតាំងគោលដៅក្នុងការដោះដូរជនភៀសខ្លួន ឬអ្នកដែលស្វែងរកសិទ្ធិជ្រកកោននយោបាយពីប្រទេសជិតខាង ដូចជាមកពីប្រទេសកម្ពុជា ជាដើម៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.
