អ្នកវិភាគលើកឡើងថា គម្រោងវិនិយោគក្នុងខេត្តទាំង៤ នៃតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) ចំនួន ១០៥គម្រោងដែលជួយបង្កើតការងារឱ្យពលរដ្ឋជាង ១៦ម៉ឺននាក់ (១៦១៨១៣នាក់) គឺសម្រាប់តែពលរដ្ឋវៀតណាម ប៉ុណ្ណោះ ខណៈពលរដ្ឋខ្មែរត្រូវចាកចោលលំនៅឋានទៅធ្វើការនៅប្រទេសថៃ ជាបន្តបន្ទាប់។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី៥ ខែសីហា ថា បើគិតពីចំនួនការងារក្នុងខេត្តទាំង៤ នៃតំបន់ត្រីកោណតាមរយៈរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបង្ហាញដោយរាជបណ្ឌិត្យសភាកម្ពុជា កាលពីដើមខែសីហា នេះ គឺមិនគ្រប់គ្រាន់សម្រាប់ចំនួនពលរដ្ឋវៀតណាម ធ្វើនោះទេ។
លោក គឹម សុខ លើកឡើងថា បើផ្អែកតាមរបាយការណ៍របស់អង្គការលីកាដូ (LICADHO) អំពីដីសម្បទានសេដ្ឋកិច្ចដែលរដ្ឋាភិបាលកម្ពុជាបានផ្តល់ទៅឱ្យក្រុមហ៊ុនវៀតណាម បង្ហាញថា ពលរដ្ឋវៀតណាម កំពុងរស់នៅក្នុងខេត្តទាំង៤ នេះ ប្រមាណជាង ៤សែននាក់យ៉ាងតិច បើគិតក្នុងទំហំដី ១ហិកតា ដែលតម្រូវឱ្យមានកម្មករវៀតណាម ២នាក់សម្រាប់ធ្វើការក្នុងដីសម្បទានទាំងនោះ។
លោកថា កាន់តែគ្រោះថ្នាក់ទៅទៀតនោះ គឺពលរដ្ឋវៀតណាម ជាង ៨លាននាក់ក្នុងខេត្តទាំង៥ របស់វៀតណាម អាចចេញចូលដោយសេរី ទាំងការរស់នៅ និងការធ្វើពាណិជ្ជកម្មក្នុងតំបន់នេះ ដូច្នេះពលរដ្ឋខ្មែរដែលមានត្រឹមតែប្រមាណជា ៩សែននាក់ក្នុងខេត្តទាំង៤ នេះ មិនអាចដណ្តើមការងារឈ្នះពលរដ្ឋវៀតណាម ដែលមានជាង ៨លាននាក់នោះទេ។
លោក គឹម សុខ អះអាងថា ផែនការអភិវឌ្ឍន៍រួមគ្នារវាងកម្ពុជា ឡាវ និងវៀតណាម គឺជាមហិច្ឆតាគ្រប់គ្រងទឹកដីខ្មែររបស់វៀតណាម ព្រោះនៅអំឡុងឆ្នាំ២០១៦ វៀតណាមបានកំណត់លក្ខខណ្ឌឱ្យពលរដ្ឋក្នុងខេត្តទាំង១៣ នៃតំបន់ត្រីកោណអាចឆ្លងចូលទៅវិញទៅមកដោយសេរី។
លោកបន្តថា រហូតដល់ឆ្នាំ២០១៨ ក្នុងកិច្ចប្រជុំកំពូលលើកទី១០ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ក៏ស្នើឱ្យកម្ពុជា និងឡាវ ដាក់ប្រទេសទាំងមូលចូលទៅក្នុងការអភិវឌ្ឍរួមគ្នាតែម្តង ដូច្នេះមានន័យថា ប្រជាជនវៀតណាម ដែលមានជាង ១០០លាននាក់ក្នុងប្រទេសវៀតណាម ទាំងមូល នឹងអាចចេញចូលក្នុងប្រទេសកម្ពុជាដោយសេរីដែរ។
អ្នកវិភាគរូបនេះបញ្ជាក់ថា លោក ហ៊ុន សែន បានយល់ព្រមតាមសំណើរបស់វៀតណាម រួចហើយ ហើយគាត់ក៏កំពុងប្រើល្បិចដាក់បញ្ចូលម្តងមួយខេត្តៗដែរ។
កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ បណ្ឌិតសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត គី សេរីវឌ្ឍន៍ បានលើកឡើងនៅក្នុងកិច្ចពិភាក្សាតុមូលស្ដីពីតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម ថា ខេត្តទាំង៤ ក្នុងតំបន់ត្រីកោណមានការអភិវឌ្ឍពេញលេញ និងជួយបង្កើតឱកាសការងារដល់ពលរដ្ឋយ៉ាងច្រើនសព្វថ្ងៃនេះ។
បណ្ឌិត គី សេរីវឌ្ឍន៍ លើកឡើងថា ខេត្តទាំង៤ ក្នុងតំបន់ត្រីកោណមានគម្រោងអភិវឌ្ឍន៍សរុបចំនួន ១០៥គម្រោង និងបានបង្កើតការងារឱ្យពលរដ្ឋជាង ១៦ម៉ឺននាក់ (១៦១៨១៣នាក់) សព្វថ្ងៃនេះ ដែលរបាយការណ៍នេះបង្ហាញថា ខេត្តទាំងនេះមានការអភិវឌ្ឍ និងរីកចម្រើនជាង ២៥ឆ្នាំមុន ខណៈពលរដ្ឋក៏មានការងារធ្វើកាន់តែច្រើនឡើងជាងមុនដែរ។
ជុំវិញបញ្ហានេះ អង្គការលីកាដូ បានចេញរបាយការណ៍កាលពីចុងឆ្នាំ២០២៣ បង្ហាញថា ដីសម្បទានសេដ្ឋកិច្ច ១ហិកតាជាមធ្យមត្រូវការកម្មករ ៣នាក់ ដូច្នេះគេរកឃើញថា ដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនវៀតណាម ជាង ២០ម៉ឺនហិកតានៅតំបន់អភិវឌ្ឍន៍ត្រីកោណនេះ គឺត្រូវការកម្មករជាង ៧០ម៉ឺននាក់ (៧៣៥៩១២នាក់) ឯណោះ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.
