អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ចាត់ទុកការបង្ខំកុមារតូចៗនៅតាមគ្រឹះស្ថានអប់រំ ឱ្យប្រកាសគាំទ្រគម្រោងអភិវឌ្ឍន៍ត្រីកោណ (CLV) គឺជាអំពើរំលោភសិទ្ធិមនុស្ស និងកេងប្រវ័ញ្ចលើកុមារធ្ងន់ធ្ងរ។
លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី២០ សីហា នេះថា របាយការណ៍ថ្មីមួយពីប្រទេសកម្ពុជា បានបង្ហាញពីកុមារតូចៗនៅតាមគ្រឹះស្ថានអប់រំត្រូវបានគេបង្ខំឱ្យចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងឃោសនារបស់លោក ហ៊ុន សែន ដើម្បីគាំទ្រគម្រោងអភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម (CLV)។
លោកថា ការធ្វើបែបនេះបានបង្កើនឱ្យមានការព្រួយបារម្ភខាងសីលធម៌យ៉ាងខ្លាំង និងជាការរំលោភសិទ្ធិរបស់កុមារផងដែរ ព្រោះកុមារតូចៗដែលចូលរួមក្នុងយុទ្ធនាការទាំងនេះ គឺស្ថិតក្នុងដំណាក់កាលនៃការអភិវឌ្ឍការយល់ដឹង និងសីលធម៌របស់ពួកគេ។
លោក សម រង្ស៊ី អះអាងថា ការបង្ខំឱ្យកុមារតូចៗទាំងនោះគាំទ្រនូវគោលនយោបាយរបស់រដ្ឋ ឬការនិទានរឿងនយោបាយ ធ្វើឱ្យពួកគេបាត់បង់សិទ្ធិសេរីភាពក្នុងការគិត និងការបញ្ចេញមតិដូចដែលបានធានាដោយអនុសញ្ញានៃអង្គការសហប្រជាជាតិស្ដីពីសិទ្ធិកុមារ (CRC) ជាដើម។
លោកបន្តថា ការប្រើកុមារជាឧបករណ៍សម្រាប់ផ្ញើសារនយោបាយ រដ្ឋាភិបាលមិនត្រឹមតែកេងប្រវ័ញ្ចសិទ្ធិ និងសេរីភាពរបស់ពួកគេប៉ុណ្ណោះទេ ថែមទាំងរារាំងពួកគេក្នុងការបង្កើតមតិឯករាជ្យដែលជាកត្តាដ៏សំខាន់សម្រាប់ការអភិវឌ្ឍរបស់កុមារទៅជាពលរដ្ឋដែលមានការទទួលខុសត្រូវខ្ពស់ថែមទៀតផង។
លោកបន្តទៀតថា ការធ្វើដូច្នេះមិនត្រឹមតែធ្វើឱ្យខូចខាតដល់គោលបំណងពិតនៃការអប់រំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យធ្លាក់ចុះនូវសីលធម៌ធ្ងន់ធ្ងរអំពីទំនួលខុសត្រូវរបស់អ្នកកាន់អំណាចថែមទៀត ត្បិតទង្វើនេះបានធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់កុមារ និងលើអនាគតរបស់ពួកគេយ៉ាងធ្ងន់ធ្ងរ។
លោក សម រង្ស៊ី បញ្ជាក់ថា វាមានសារសំខាន់ណាស់សម្រាប់រដ្ឋាភិបាលក្នុងការបញ្ឈប់ការអនុវត្តអំពើបែបនេះ និងសម្រាប់សហគមន៍អន្តរជាតិក្នុងការតស៊ូមតិដើម្បីការពារសិទ្ធិរបស់កុមារ ដោយធានាថា ការអប់រំគឺដាច់ខាតមិនឱ្យមានការបង្ខិតបង្ខំបែបនេះឡើយ។
សកម្មជនខ្មែរក្នុងទីក្រុងឡងប៊ិច លោក មួង ណារ៉េត បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១៨ សីហា ថា បើការប្រកាសរបស់កុមារតូចៗទាំងនោះនៅប្រទេសកូរ៉េខាងជើង ឬក្នុងរបបសម័យប្រល័យពូជសាសន៍ ប៉ុល ពត នោះពុំមានអ្វីដែលត្រូវឆ្ងល់នោះទេ ពីព្រោះប្រទេសកុម្មុយនីស្តផ្ដាច់ការគឺគេតែងតែធ្វើបែបនេះ ដើម្បីធ្វើប្រជាភិថុតិលើពលរដ្ឋខ្លួនឯង។
លោក មួង ណារ៉េត ចាត់ទុកអំពើបែបនេះជាការធ្លាក់ចុះនៃសីលធម៌សង្គមធ្ងន់ធ្ងរ និងជាអំពើបន្ទាបបន្ថោកតម្លៃអនីតិជន ដោយការរំលោភសិទ្ធិជាមូលដ្ឋានរបស់កុមារតូចៗទាំងនោះ។
សកម្មជនខ្មែររូបនេះបញ្ជាក់ថា កុមារតូចៗទាំងនោះគួរត្រូវទទួលបាននូវសិទ្ធិការពារពីរដ្ឋាភិបាលមិនមែនជាការកេងប្រវ័ញ្ចបែបនេះទេ។
ក្នុងវីដេអូមួយដែលត្រូវបានគេផ្សព្វផ្សាយពេញបណ្ដាញទំនាក់ទំនងសង្គម មានប្រភពចេញពីសាលាបឋមសិក្សាបល្ល័ង្ក ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលបង្ហាញថាកុមារតូចរាប់រយនាក់ត្រូវបានគេបង្ខំឱ្យស្រែកប្រកាសគាំទ្រគម្រោងអភិវឌ្ឍន៍ត្រីកោណ CLV។ កុមារតូចទាំងនោះ ក៏ត្រូវបានគេបង្ខំឱ្យស្រែកគាំទ្រ និងជឿជាក់លើលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ផងដែរ ខណៈគ្រឹះស្ថានអប់រំផ្សេងទៀត ក៏ត្រូវបានគេបង្ខំឱ្យកុមារតូចៗស្រែកប្រកាសគាំទ្រក្នុងខ្លឹមសារដូចគ្នានេះដែរ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.
