អ្នកឃ្លាំមើលជំរុញឱ្យរដ្ឋសភាកម្ពុជា អនុម័តលុបចោលរាល់កិច្ចព្រមព្រៀងទាំងអស់ដែលពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ត្រីកោណ (CLV) រួមទាំងកិច្ចព្រមព្រៀងដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនវៀតណាម ជាង ២៤ម៉ឺនហិកតា ដែលមានរយៈពេល ៩៩ឆ្នាំផងដែរ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៣ កញ្ញា នេះថា ថ្វីត្បិតតែក្រសួងការបរទេសកម្ពុជាបានស្នើដកខ្លួនពីគម្រោងអភិវឌ្ឍន៍ត្រីកោណ ទៅកាន់ភាគីឡាវ និងវៀតណាម ហើយក្តី ក៏គម្រោងនេះនៅមិនទាន់បញ្ចប់សព្វគ្រប់ដូចលោក ហ៊ុន សែន ប្រកាសដែរ។
លោក ម៉ែន ណាត លើកឡើងថា តាមខ្លឹមសារកិច្ចព្រមព្រៀងពាណិជ្ជកម្ម CLV-DTA មាត្រា២២ ចំណុចទី២ និងទី៣ បញ្ជាក់ថា នៅពេលដែលកម្ពុជាសុំដកខ្លួនពីគម្រោងអភិវឌ្ឍន៍ត្រីកោណ កម្ពុជាត្រូវរង់ចាំ ៦ខែទៀត ប៉ុន្តែលោកថាទោះជាបែបនេះក្តី ការដកខ្លួននៅពេលនេះ គឺជាចំណុចចាប់ផ្តើមដ៏វិជ្ជមានមួយសម្រាប់ពលរដ្ឋខ្មែរដែលបារម្ភពីការបាត់បង់ទឹកដី។
លោកថា នីតិវិធីបន្ទាប់ទៀតសម្រាប់ភាគីកម្ពុជា គឺត្រូវឲ្យរដ្ឋសភាជាតិ អនុម័តលុបចោលរាល់កិច្ចព្រមព្រៀងទាំងអស់ដែលពាក់ព័ន្ធនឹងគម្រោង CLV ទាំងអស់ រួមទាំងកិច្ចព្រមព្រៀងដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនវៀតណាម ជាង ២៤ម៉ឺនហិកតាដែលមានរយៈពេល ៩៩ឆ្នាំផងដែរ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជារូបនេះបញ្ជាក់ថា រដ្ឋសភាកម្ពុជាក៏ត្រូវអនុម័តលុបចោលនូវកិច្ចព្រមព្រៀង និងសន្ធិសញ្ញាព្រំដែនគោក និងដែនទឹកដែលលោក ហ៊ុន សែន បានធ្វើជាមួយវៀតណាម កន្លងទៅ ដោយបំពានរដ្ឋធម្មនុញ្ញ និងបំពានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ រួមទាំងច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ ឆ្នាំ១៩៨២ (UNCLOS-1982) ថែមទៀត។
កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញលិខិតមួយទៅកាន់ក្រសួងការបរទេសវៀតណាម ស្ដីពីការសម្រេចចិត្តរបស់រដ្ឋាភិបាលខ្មែរដែលត្រូវដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍ត្រីកោណចាប់ពីពេលនេះតទៅ។
ការចេញលិខិតនេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ប្រកាសដកខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងខេត្តក្រចេះ ចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) កាលពីចុងសប្តាហ៍កន្លងទៅនេះ។
យ៉ាងណាក៏ដោយ លោក ហ៊ុន សែន បញ្ជាក់ថា កម្ពុជានឹងបន្តអភិវឌ្ឍលើទឹកដីរបស់ខ្លួនដោយមានកិច្ចសហការជាធម្មតាជាមួយប្រទេសជិតខាងក្នុងក្របខ័ណ្ឌទ្វេភាគីរវាងប្រទេស និងប្រទេស ជាមួយអាស៊ាន ជាមួយ CLMV កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម និងដៃគូអភិវឌ្ឍន៍ផ្សេងទៀតនៅលើសកលលោកដដែល។
ការសម្រេចដកកម្ពុជាចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម នេះ ធ្វើឡើងបន្ទាប់ពីពលរដ្ឋបាតុកម្មតវ៉ាទាមទារជាបន្តបន្ទាប់ ដោយសារតែពលរដ្ឋខ្មែរមើលឃើញថា គម្រោងនេះគឺជាផែនការឈ្លានពានទឹកដីរបស់វៀតណាម ដើម្បីប្រែក្លាយប្រទេសទាំងបីនេះទៅជាប្រទេសឥណ្ឌូចិន ដែលត្រូវគ្រប់គ្រងដោយវៀតណាម នៅថ្ងៃអនាគត៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.
