អ្នកវិភាគនយោបាយ លើកឡើងថា រដ្ឋាភិបាលកម្ពុជា ឡាវ និងវៀតណាម កំពុងគប់គិតគ្នាប្តូរឈ្មោះពីគម្រោងអភិវឌ្ឍន៍ត្រីកោណ (CLV-DTA) មកជា «កិច្ចសហប្រតិបត្តិការរដ្ឋត្រីភាគីជាប្រពៃណី» វិញ ដែលមានន័យថា រដ្ឋាភិបាលកម្ពុជាកំពុងរកវិធីបោកប្រាស់ពលរដ្ឋរបស់ខ្លួនក្រោមរូបភាពនៃការដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍ត្រីកោណនេះ។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៥ តុលា នេះថា លោក ហ៊ុន សែន កំពុងប្រើល្បិចកលនយោបាយបោកប្រាស់ពលរដ្ឋខ្មែរជុំវិញការប្រកាសដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍ត្រីកោណនៅពេលនេះ។
លោក គឹម សុខ អះអាងថា ក្នុងជំនួបអាហារពេលព្រឹករវាងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ (Pham Minh Chinh) និងនាយករដ្ឋមន្ត្រីឡាវ លោក សូនិសាយ ស៊ីផាន់ដន (Sonexay Siphandone) នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីទាំងបីបានប្ដេជ្ញាបង្កើនប្រសិទ្ធភាព និងភាពសំខាន់ជាងមុននៃការអនុវត្តកិច្ចសហប្រតិបត្តិការរដ្ឋត្រីភាគីជាប្រពៃណី។
លោកអះអាងថា ការប្ដេជ្ញាអនុវត្តកិច្ចសហប្រតិបត្តិការរដ្ឋត្រីភាគីជាប្រពៃណីនេះ គឺជាចេតនាបន្លំពលរដ្ឋខ្មែរពីគម្រោងអភិវឌ្ឍន៍ត្រីកោណប៉ុណ្ណោះ ដែលពួកគេបានចាត់ទុកកិច្ចសហការនេះជាទ្រព្យដ៏មានតម្លៃនៃការពង្រឹងទំនាក់ទំនងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល ប្រជាជននិងប្រជាជន ហើយបក្សនិងបក្សរបស់ប្រទេសទាំងបី។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៥ តុលា នេះថា កាសែតវៀតណាម VOV ក៏បានចុះផ្សាយកាលពីថ្ងៃទី៩ ខែតុលា នេះដែរថា វៀតណាម ឡាវ និងកម្ពុជា សន្យាពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគីឱ្យកាន់តែរឹងមាំបន្តទៀត ដោយប្តូរឈ្មោះពី «គម្រោងអភិវឌ្ឍន៍ត្រីកោណ CLV» ទៅជា «កិច្ចសហប្រតិបត្តិការត្រីភាគី» វិញ។
លោក អ៊ុំ សំអាន បញ្ជាក់ថា ការចុះផ្សាយរបស់សារព័ត៌មាននេះបានបង្ហាញយ៉ាងច្បាស់ថា គម្រោងអភិវឌ្ឍន៍ត្រីកោណ (CLV) ដែលលោក ហ៊ុន សែន បានប្រកាសលុបចោលកាលពីចុងខែកញ្ញា កន្លងទៅ គឺជាការប្រកាសលុបតែឈ្មោះប៉ុណ្ណោះ តែតាមការពិត គឺរក្សាដូចមុនដដែល។
មន្ត្រីបក្សប្រឆាំងរូបនេះបញ្ជាក់ថា លោក ហ៊ុន សែន កំពុងបន្លំភ្នែកពលរដ្ឋខ្មែរពីការដកខ្លួនពីគម្រោងអភិវឌ្ឍន៍ត្រីកោណ CLV សព្វថ្ងៃនេះ។
ទោះបីជាលោក ហ៊ុន សែន ខំបន្លំភ្នែកមហាជនយ៉ាងណាក៏ដោយ ក៏ពលរដ្ឋខ្មែរដែលរស់នៅក្រៅស្រុក នៅតែនាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍ត្រីកោណនេះជាបន្តបន្ទាប់ ដើម្បីទាមទារឱ្យរដ្ឋាភិបាលដកខ្លួនចេញពីគម្រោងនេះដោយពិតប្រាកដ ដោយសារពួកគេបារម្ភខ្លាចបាត់បង់ទឹកដីរបស់ខ្មែរដែលនៅសល់បន្តិចបន្តួចទៅកាន់ប្រទេសវៀតណាម ដូចកាលពីអតីតកាលទៀត៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.
